បន្ទាប់ពីអញ្ជើញទស្សនកិច្ចស្វែងយល់នៅធនាគារចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា

ដែលក្នុងនោះចុះហត្ថលេខាដោយរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នរបស់កម្ពុជាជាមួយភាគីធនាគាចិនដូចជា៖ ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ , ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំ២០១៨ កម្ពុជានិងចិន បានរៀបចំនូវសកម្មភាពយ៉ាងអធឹកអធម អបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន ១)ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ២)ពិធីជប់លៀងនៅស្ថានទូតចិន ក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ព្រមទាំងជារឿយៗប្រទេសទាំង២ តែងតែមានការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរផងដែរ៕