នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា

បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកអោយប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។ នៅក្នុងពេលសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទៅដល់ គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូតដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។ ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។ សូមបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់អោយនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ៕ *សូមអភ័យទោសដែលមានការរអាក់រអួលពេល Live ព្រឹកមិញ ដោយសារប្រព័ន្ឋអ៊ីនថឺណិត។ យើងនឹងផ្សាយឡើងវិញឆាប់ៗនេះ។