នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃ វិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះបញ្ហាទឹក ជាពិសេសពលរដ្ឋដែលរស់នៅតាមជនបទ និងតាមបណ្តាខេត្តនានា ទោះបី មួយរយៈពេលនេះមានភ្លៀវធ្លាក់នៅតាមតំបន់មួយចំនួន

ដែលបានជួយសម្រាលដល់ការលំបាកដល់ ប្រជាពលរដ្ឋក៏ដោយ ក៏ប៉ុន្តែបញ្ហាកង្វះខាតទឹកប្រើប្រាស់ គឺនៅតែប្រឈមនៅឡើយ។ បើតាមការព្យាករណ៍របស់ ក្រសួងធនធានទឹកនិងឧតុនិយម គឺនឹងមានភ្លៀងធ្លាក់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត ដែលមានវិសាលភាពធំទូលាយជាមុន។ សូមបងប្អូនប្រជាពលរដ្ឋត្រូវត្រងទឹកទុកប្រើ ប្រាស់អោយបានគ្រប់គ្រាន់ក្នុងពាងឬក្នុងអាង ព្រោះភ្លៀងអាចអស់ទៅវិញនៅពេលណាមួយ។ ចំពោះការប្រើប្រាស់ទឹកវិញ ក៏ត្រូវមានការសន្សំសំចៃ ជាពិសេស នៅតាមតំបន់ដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយឲ្យទាន់បានពេលវេលាដើម្បីជួយប្រជាពលរដ្ឋអោយមានទឹកប្រើប្រាស់។ វិធីដ៏ល្អបំផុតគឺត្រូវជីកអណ្តូង និងជីកស្រះឲ្យបានកាន់តែច្រើនថែមទៀង ប្រសើរជាងការរង់ចាំទឹកភ្លៀង ឬដឹកទឹកទៅចែកជូនពួកគាត់៕