នៅព្រឹកថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក

ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ តាមរបាយការណ៍របស់. ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។ ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ចំពោះការអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសំរាប់ប្រទេស និងប្រជាជនកម្ពុជា ដែលយើងទទួលបានសមិទ្ធផលផ្លូវដ៏ស្រស់ស្អាត១ខ្សែនេះ ដែលផ្លូវនេះអាចកើតមានឡើងបានដោយសារប្រទេសកម្ពុជាយើងមានសុខ សន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន។ កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់៣ ដែលប៉ូលទី១គឺទីក្រុងភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀតគឺខាងប៉ែកភូមិភាគឥសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិឧស្សាហកម្ម។ សម្តេចបានមានប្រសាសន៍ថា ដោយសារផ្លូវនេះត្រូវបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដូច្នេះនៅថ្ងៃនេះ សម្តេតេជោបានប្រកាសថា កម្ពុជានឹងរៀបធ្វើជាម្ចាស់ផ្ទះ SEA Games នៅក្នុងអំឡុងឧសភា ២០២៣ ផងដែរ គឺពេលដែលយើងទទួលបានផ្លូវស្អាតហើយនោះ។ សម្តេតេជោបន្តថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ទាក់ទងនឹងការសាងសង់ផ្លូវនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនជនរួមជាតិថា៖ សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ“BOT ហើយក្រុមហ៊ុន មិនបានទាមទារនូវការធានាឥណទានពីរាជរដ្ឋាភិបាលកម្ពុជាឡើយ ដោយសារក្រុមហ៊ុនមានជំនឿលើរាជរដ្ឋាភិបាល និងជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏មិនបានផ្តល់ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅវិញ ក្រុមហ៊ុនបានផ្តល់ថវិកាឲ្យរាជរដ្ឋាភិបាលដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុនសុំមានសិទ្ធិធ្វើអាជីវកម្មផ្លូវនៅក្នុងរយៈពេលកំណត់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរាជរដ្ឋា ភិបាលកម្ពុជាប៉ុណ្ណោះ។ សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថា កម្ពុជាមិនបានបដិសេធក្រុមហ៊ុនវិនិយោគបរទេសណាដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសម្តេចតេជោនៅតែបន្តអំពាវនាវអោយវិនិយោគិនបរទេសទាំងអស់អាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលាទាំងអស់។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចូលរួមអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានយកឱកាសនេះ ផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង និងរដ្ឋាភិបាល ប្រជាជនចិនដែលតែងតែបានផ្ដល់នូវការរួមសុខរួមទុក្ខ ផ្តល់ជំនួយ តាមតម្រូវការចាំបាច់របស់កម្ពុជា និងវិនិយោគយ៉ាងច្រើននៅកម្ពុជាក្នុងរយៈពេលកន្លងមក។ មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីសូមជូនពរដល់ក្រុមហ៊ុនសាងសង់ផ្លូវនេះ អោយទទួលបាន នូវភាពជោគជ័យ និងជូនពរដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសក្នុងឱកាសឆ្នាំថ្មីខាងមុខ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញពិនិត្យមើលគំរូផ្លូវល្បឿនលឿន និងអញ្ជើញបញ្ជាគ្រឿងចក្រតំណាងអោយការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ ចាប់ពីពេលនេះតទៅ៕