នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន។

លោក Norio បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា បើប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលនេះដែលលោកបានមកឃើញប្រទេសកម្ពុជាគឺបានឃើញច្បាស់ពីការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍វីកចម្រើនជាវិជ្ជមានយ៉ាងឆាប់រហ័ស។ លោក Norio សប្បាយរីករាយចំពោះចំណងសហប្រតិបត្តិការកាន់តែរីកលូតលាស់ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជាជប៉ុន។ កាលពីពេលថ្មីៗនេះ ក្រុមប្រតិភូលោក ក៏បានជួបសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពវិនិយោឡនៅក្នុងប្រទេស។ ក្រុមពាណិជ្ជករទាំងក្នុងស្រុក និងក្រៅស្រុកបានផ្ញើសេចក្តីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈលោក ណារ្យូ ជូនចំពោះ សម្តេចតេជោ ដែលបានចាត់វិធានការសម្រួលដល់ការនាំទំនិញចេញចូលតាមច្រកនានាដោយបានលុបបំបាត់កាំកុងត្រូល ដែលធ្វើអោយមានភាពងាយស្រួលនិងកាត់បន្ថយបានការចំណាយច្រើន។ ចំណាត់ការរបស់សម្តេចប្រមុខដឹកនាំ បានធ្វើអោយពាណិជ្ជករជប៉ុនរីករាយស្វាគមន៍ និងកក់ក្តៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លោក Nario ដែលបានដឹកនាំអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពវិនិយោគ ជាពិសេសផ្នែកវិនិយោគកម្រិតតូច និងកម្រិតមធ្យម ដែលកំពុងចាប់អារម្មណ៍ពីភាគីជប៉ុន ទន្ទឹមនឹងស្ថានភាពសេដ្ឋកិច្ចនៅប្រទេសជប៉ុនកំពុងនៅហ្នឹងស្ងៀម ដែលនេះគឺជាឱកាសសម្រាប់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Nario បានសុំការណែនាំដោយផ្ទាល់ពី សម្ដេចតេជោ ផងដែរមុននឹងចាប់ផ្តើមវេទិកាសាធារណៈរាជរដ្ឋាភិបាល និងឯកជន នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក Nario និងគណៈប្រតិភូទាំងអស់ថា ជាការពិតណាស់អទិភាពរបស់កម្ពុជាគឺនៅដដែលទេ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្សគឺជាអាទិភាពចម្បង អ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះគឺពង្រឹងសេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណាឲ្យកំណើនបន្តកើនឡើងជាង ៧% ។ ទន្ទឹមនឹងនេះ តាមរយៈការខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាល គឺបានដំឡើងប្រាក់ខែដល់មន្រ្តីរាជការ និងកម្មករ ជាមួយគ្នានេះទៀត រាជរដ្ឋាភិបាល កំពុងតែជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការប្រកួតប្រជែង ពិសេសតាមរយៈការធ្វើកំណែទម្រង់និងគោរពតាមបាវចនារបស់រាជរដ្ឋាភិបាលគឺ កែទម្រង់ផ្ទៃក្នុង និងពង្រឹងទំនាក់ទំនងខាងក្រៅ ជាមួយអភិក្រមទាំង៥ ជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ច សម្អាតបញ្ហាទាំងឡាយដើម្បី ដែលផ្តល់ភាពអនុគ្រោះច្រើន ដែលជាប្រយោជន៍ម្រាប់អ្នកវិនិយោគនៅកម្ពុជា។ ចំពោះស្ថានភាព EBA គឺសម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ប្រាប់ភាគីជប៉ុនថា ទោះបីកម្ពុជាមាន ឬគ្មាន EBA គឺកម្ពុជាត្រូវតែខិតខំពង្រឹងសេដ្ឋកិច្ច តាមរយៈបន្តបើកទីផ្សារនៅក្រៅប្រទេសអោយកាន់តែច្រើន។ ទោះបីយើងនៅមាន EBA ពេលនេះ តែពេលក្រោយក៏គង់តែនឹងបាត់ទៅវិញដែរ ដូច្នេះកម្ពុជាត្រូវតែចេះរស់ដោយដង្ហើមខ្លួនឯងអោយខានតែបាន។ កម្ពុជាមិនយកប្រទេសសមាជិកអ៊ឺរ៉ុបណាមួយជាសត្រូវទេ ប៉ុន្តែនៅតែជាមិត្តល្អ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងចាត់ទុកជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មល្អជាមួយគ្នា។ នៅឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជាមានមោទនៈភាព ក្នុងរៀបចំវេទិកាប្រជុំកំពូលដ៏ធំមួយអាស៊ីអ៊ឺរ៉ុប -The Asia-Europe Meeting (ASEM) ដែលប្រទេសជាសមាជិកអ៊ឺរ៉ុបទាំងអស់នឹងមកកាន់ប្រទេសកម្ពុជាទៀតផង។ កំណែទម្រង់សេដ្ឋកិច្ច និងការចាប់ផ្តើមអនុវត្តន៍អភិក្រមទី ៥ គឺកំពុងផ្តល់នូវផលប្រយោជន៍ដល់អ្នកវិនិយោគគិន និងពាណិជ្ជករ ក្នុងការកាត់បន្ថយនូវការចំណាយ ដែលមានរួមទាំងចំណាយលើតុ និងចំណាយក្រោមតុ ជាដើមដូចជា ១)ការបញ្ចុះតម្លៃអគ្គិសនី, ២)ការដកតួនាទីកាំកុងត្រូចេញពីច្រកព្រំដែន, និង៣)ការរំលាយចោលអង្គភាពកាំសាប ដែលមានអាយុកាល៤០ឆ្នាំមកហើយ។ សម្តេចតេជោ កំពុងពិនិត្យទៅលើបញ្ហាស្កែនទំនិញ (SCAN) ព្រោះថាបានស៊ីពេលវេលាយូរដែលធ្វើអោយប៉ះពាល់ដល់ពេលវេលា នៃការនាំទំនិញចេញចូល។ សម្តេចតេជោ បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការរួចហើយ ចំពោះទំនិញចូលកម្ពុជាគឺមិនចាំបាច់ត្រូវអោយ ស្កែន ទេ ហើយចំពោះទំនិញដែលចេញទៅក្រៅប្រទេស គឺស្កែនទៅលើតែប្រទេសណាដែលតម្រូវអោយ ស្កែន បើមិនតម្រូវការទេ គឺមិនចាំបាច់ឡើយ ព្រោះវាបង្កអោយមានកាលំបាកយឺតយ៉ាវនិងខាតបង់ពេលវេលាលុយកាក់របស់របស់ក្រុមហ៊ុន។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបដល់ប្រតិភូជប៉ុនថា ពេលនេះ សម្តេចតេជោ កំពុងចាប់ផ្តើមអនុវត្តអភិក្រមទី៥ ហើយ គឺ វះកាត់ចេញ គឺកុំអោយមន្រ្តីអាក្រក់ទាំងនោះនៅជាមួយយើង បន្តប្រព្រឹត្តិសកម្មភាពខុសច្បាប់តទៅទៀត។ ប្រទេសយើង គឺមិនត្រូវបំពានដោយមន្រ្តីរដ្ឋាភិបាលពុករលួយ ដែលបំពានល្មើសច្បាប់នោះដែរ។ លោក Mario និងប្រគណៈតិភូទាំងមូល បានថ្លែអំណរគុណ និង ស្វាគមន៍ចំពោះចំណាត់ការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងស្នើសុំឱ្យសម្ដេចតេជោ មេត្តាជម្រាបជូនអ្នកវិនិយោគទាំងអស់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះនៅក្នុងវេទិកាសាធារណៈរាជរដ្ឋបាល និងឯកជន ហើយក៏បានគោរព សុំឲ្យសម្តេចតេជោ ជម្រាបជូនដល់ប្រតិភូវិនិយោគិនជប៉ុន នៅពេលដែល សម្តេចតេជោ អញ្ជើញទៅប្រទេសជប៉ុននៅខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីអញ្ជើញចូលរួមវេទិកាធុរកិច្ចនៅទីនោះ ដើម្បីឲ្យពួកគេបានយល់ពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើ ក្នុងការលើកទឹកចិត្តដល់វិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា៕