នៅព្រឹកថ្ងៃ សុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ៣២០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីសំណេះសំណាល និងស្រស់ស្រូបអាហារនៅថ្ងៃនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខរបស់បងប្អូនអ្នកធាក់ស៊ីក្លូនៅទូទាំងប្រទេស។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មូលនិធិត្រីចក្រយាន» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីដើមឆ្នាំ ២០១៨ ដែល សម្តេចតេជោផ្ទាល់និងក្រុមគ្រួសារបានឧបត្ថម្ភថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយសម្តេចធ្វើអំណោយថវិកា ២ម៉ឺនដុល្លារ ក្នុងមួយខែៗដល់មូលនិធិថែមទៀតផង។ មូលនិធិស៊ីក្លូ បានផ្តល់ថវិកាឧបត្ថម្ភប្រមាណ ៧,០០០រៀល ក្នុងមួយថ្ងៃ (៥,០០០ រៀលសម្រាប់អាហារ និង២,០០០រៀល សម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ ដល់អ្នកធាក់ស៊ីក្លូ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនជារៀងរាល់ ១០ថ្ងៃម្តង តាមប្រព័ន្ធវីង (Wing)។ តាមរយៈមូលនិធិ គឺជួយដោះស្រាយភាពលំបាកមួយចំនួនធំរបស់បងប្អូនប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យលុយកាក់ដែលពួកគាត់រកបានពីរបរធាក់ស៊ីក្លូបាននៅសល់សម្រាប់បន្ថែមលើការចំណាយផ្សេងៗដើម្បីទ្រទ្រង់ជីវភាពអោយកាន់តែប្រសើរឡើង។ បើទោះបីជាគាត់រកប្រាក់មិនបាន ក៏គង់នៅមានលុយហូបបាយ និងលុយបង់អោយថ្លៃជួលស៊ីក្លូគេដែរ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សប្បាយរីករាយយ៉ាងខ្លាំង ដែលបាន អញ្ជើញមកចូលរួមជួបសួរសុខទុក្ខ សំណេះសំណាល និងពិសារបាយថ្ងៃត្រង់ជាមួយ បងប្អូនកូនក្មួយដែលជាអ្នកធាក់ស៊ីក្លូ ជាលើកទី២។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាព ដែលបានឃើញវឌ្ឍនភាព និងការរីកលូតលាស់នៃប្រទេសជាតិដែលកំពុងដំណើរការល្អ ហើយដំណើរការនេះមិនមែនតែមួយ ឬ២ថ្ងៃ ដូចជាភ្លើងចំបេីងនោះទេ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យដំណើរការមូលនិធិនេះ ប្រព្រឹត្តិទៅក្នុងរយៈពេលវែង ដែលបងប្អូនអ្នកធាក់ស៊ីក្លូយើង ទទួលបាននូវផលប្រយោជន៍ពីមូនិធិកាន់តែយូរ។ សម្តេចតេជោនាយករដ្ឋមន្ត្រិ បានថ្លែងអំណរគុណដល់ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំមូលនិធិស៊ីក្លូ និងបានដឹកនាំការងារទាំង៩ ដែលជាកិច្ចការស្នូលមួយ ដែលត្រូវធ្វើបន្តទៀត សំរាប់បំរើអោយសេចក្តីត្រូវការ និងបន្តដំណើរឈានទៅមុខនៃមូលនិធិ ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនកូនក្មួយធាក់ស៊ីក្លូ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់អ្នកឧបត្ថម្ភគាំទ្រទាំងឡាយ ដែលបានចូលរួមចំណែកបរិច្ចាគនៅក្នុងមូលនិធិនេះរួមជាមួយថិកា សម្តេចតេជោ និងក្រុមគ្រួសារ។ សម្តេចបានអរគុណដល់ក្រុមហ៊ុនថ្មដា ដែលបានស្ម័គ្រចិត្តបិរិច្ចាគ ៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗដល់មូលនិធិស៊ីក្លូ។ ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ គឺនឹងប្រើសម្រាប់តែជួយដល់បងប្អូនកូនក្មួយអ្នកធាក់ស៊ីក្លូ។ទន្ទឹមនឹងនេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ក៏បានទទួលនូវការធានារ៉ាបរងមួយផ្នែកនៃកិច្ចគាំពារសង្គម ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ឬអាចនិយាយបានថា ជាអាទិភាពនយោបាយ ហ៊ុន សែន នៅក្នុងគោនយោបាយថ្មីលើវិស័យសង្គម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ផងដែលថា សព្វថ្ងៃនេះ ស៊ីក្លូបានកែប្រែហ្វ្រាំងពីខាងមុខមកក្រោយ ងាយស្រួលចាប់ ដើម្បីអោយមានសុវត្ថិភាពកាន់តែល្អជាងមុន ដែលមិនបង្កឱ្យមានគ្រោះថ្នាក់សម្រាប់អ្នកជិះ និងអ្នកធាក់ និងសាធារណៈជនផងដែរ។ ពិនិត្យទៅលើប្រាក់ចំនូលដែលបងប្អូនទទួលបានគឺ ៧,០០០រៀល ក្នុង១ថ្ងៃ។ ប៉ុន្តែបើ ១០ ថ្ងៃ គឺបងប្អូនយើងបើកបាន ២១ម៉ឺនរៀល ហើយបើគិតជាឆ្នាំវិញបានគឺបើកបាន ២,៥០០,០០០ (ជាង២លានរៀល) រៀលក្នុងមួយឆ្នាំៗ បូកជាមួយប្រាក់ឧបត្ថមពេលចូលឆ្នាំ ពេលភ្ញុំបិណ្ឌ និងសម្លៀកបំពាក់ដែលបានផ្តល់បើគិតជាដុល្លាវិញគឺប្រមាណ ៦០០ ដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ។ សម្តេចតេជោ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក សម្តេចតេជោបានធ្វើកិច្ចការមនុស្សធម៌យ៉ាងច្រើនជាបន្តបន្ទាប់មិនមែនធ្វើតែមួយរយៈខ្លីនោះទេ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវតែបន្តការងារនេះឲ្យបានល្អ ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឃ្លាតឆ្ងាយពីយើងនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថា ខានស្អែកនេះ សម្តេចតេជោនឹងអញ្ជើញទៅសួរសុខទុក្ខ មជ្ឈមណ្ឌលកុមាកំព្រាពិសេសមួយ ដែលមានកុមារជាក្មេងស្រីៗ ដែលត្រូវទទួលរងការរំលោភពីឪពុកបង្កើត ពីជីតាបង្កើត និងពីអ្នកដ៏ទៃទៀត ដែលឥឡូវកំពុងស្ថិតនៅក្នុងស្ថានភាពជួបការលំបាក។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ត្រីចុះសិក្សាអំពីអគារដែលត្រូវសាងសង់ជួយដល់កូនក្មួយកំព្រាទាំងនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យសង្គមយើងចូលរួមអនុវត្តនូវស្មារតីចែករំលែក ដើម្បីឲ្យប្រទេសរបស់យើងក្លាយជាប្រទេសដែលមានវប្បធម៌ស្រលាញ់រាប់អាន ដោយមិនមាននរណាម្នាក់មើលងាយគ្នា ក្នុងឋានៈជាមនុស្សដូចគ្នានោះទេ។ កុំថាតែអ្នកមាន អ្នកក្រក៏មានតម្រូវការដូចគ្នាដែរ។ ដោយសារសេចក្តីស្រលាញ់ និងការយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺសម្តេចតេជោ បានខិតខំជំរុញកិច្ចការទាំងឡាយដើម្បីអនុវត្តគោលនយោបាយគាំពារសង្គម និង ការងារសប្បុរធម៌ ដើម្បីបង្កើននូវស្ថានភាពដ៏ល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានប្រកាសបញ្ជាក់ថា ក្នុងនាម សម្តេចតេជោតេជោជានាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃមូលនិធិស៊ីក្លូ គឺសូមបងកូនប្អូនកូនក្មួយ ដែលជាអ្នកធាក់ស៊ីក្លូទាំងត្រូវអស់ ត្រូវជឿជាក់ទៅលើអ្វីដែលជាការប្ដេជ្ញាចិត្តរួមគ្នារបស់យើង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តធ្វើជា នាយករដ្ឋមន្ត្រីក្នុងរយៈពេល១០ ឆ្នាំទៀត ដើម្បីរួមសុខរួមទុក្ខ ជាមួយបងប្អូនកូនក្មួយធាក់ស៊ីក្លូ មូលនិធិស៊ីក្លូ។ ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឧបត្ថមដល់បងប្អូនអ្នកធាក់ស៊ីក្លូ ចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន អាវភ្លៀង ១, មុង ១, មី១កេះ, អង្ករ ៣០គីឡូក្រាម និងថវិការ២០ម៉ឺនរៀល ព្រមទាំងថវិកា ៥ម៉ឺនរៀលទៀត សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា មូលនិធិស៊ីក្លូនេះ គឺមិនគ្រាន់តែឧបត្ថម្ភមួយថ្ងៃ ៧,០០០ រៀលប៉ុណ្ណោះទេ ប៉ុន្តែមូលនិធិនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់បងប្អូននៅពេលទទួលមរណៈភាពគឺបានទទួលប្រមាណ ១,០៥០,០០០ រៀលទៀតផង។ មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនកូនក្មួយដែលជាអ្នកធាក់ស៊ីក្លូ ជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕