នៅរសៀល ថ្ងៃអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡា។ លោក វិល័យ ឡាខាំហ្វង

បានគោរពរាយកាណ៍រជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីកិច្ចប្រជុំកន្លងទៅថ្មីៗនេះជាមួយ សម្តេចក្រឡាហោម ស ខេង និងបានផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាបទពិសោធន៍មួយចំនួន និងបានពិភាក្សាចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការមួយចំនួនរួមមាន៖ ការទប់ស្កាត់ការជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់ ការផ្លាស់ប្តូរឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ សហការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន និងធ្វើយ៉ាងណាជួយសម្រួលឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង អាចធ្វើដំណើរ និងធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែនបានកាន់តែងាយស្រួល និងប្រកបដោយសុវត្ថិភាព ។ លើកពីនេះទៀត លោក វិល័យ ឡាខាំហ្វង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា ការធ្វើទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការងារដែលបានសម្រេចកន្លងមករវាងកម្ពុជា-ឡាវ ដែលត្រូវផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា មួយឆ្នាំម្តងៗ ដើម្បីពិនិត្យមើលលើការងារដែលបានព្រមព្រៀង នឹងធ្វើជាមួយគ្នាកន្លងមក ហើយនឹងពិនិត្យដាក់ទិសដៅសម្រាប់ធ្វើការងារួមគ្នាជាបន្តទៀត ស្របទៅតាមកិច្ចព្រមព្រៀងទាំងឡាយ ដែលបានសម្រេចដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លើកកិច្ចការទាំងឡាយ ដែលភាគីឡាវបានប្រជុំពិគ្រោះគ្នាជាមួយ សម្តេចក្រឡាហោម ស ខេង កន្លងមកដែលបានបានរិតបន្តឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរអោយកាន់តែរឹងមាំថែមទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរមានការពិភាក្សាអោយបានច្រើនថែមទៀតលើការងារសន្តិសុខជាតិ និងជាពិសេស ការងារដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានរដ្ឋ និងលោកនាយករដ្ឋមន្រ្តី នៃប្រទេសឡាវផងដែរ ហើយបានជូនពរគណប្រតិភូឡាវទទួលបានជោគជ័យនៅក្នុងបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា៕