នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ

ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលមានគម្រោងទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងការបើកការដ្ឋានសាងសង់សំណង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាពេលនេះ។ សម្តេចតេជោ មានមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងដែលជាជំនួយពីជប៉ុនដើម្បីរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។ សម្តេចតេជោ បានកោតសរសើរចំពោះអាជ្ញាធរក្រុង និងខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានរួមចំណែកក្នុងកាអភិវឌ្ឍទីក្រុងភ្នំពេញឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបង្ហោះជារូបភាពទឹកលិច និងកាកសំរាមហូរស្ទះនៅតំបន់មួយចំនួន ដែលលូហូរមិនទាន់ ដែលនេះគឺបានចូលរួមជួយផ្តល់ព័មានពិតប្រាកដដល់អាជ្ញាធរនៅតាមតំបន់នីមួយៗអោយបានដឹងដើម្បីងាយស្រួលរកដំណោះស្រាយ និងមានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហានេះ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកកាលពី៤០ឆ្នាំមុន តំបន់ក្នុងរាជធានីភ្នំពេញភាគច្រើនគឺជាចំការដូង។ ប្រសិនបើភ្នំពេញមិនបានរំដោះទាន់ពេលវេលានោះទេ ប្រហែលនឹងក្លាយទៅជាកន្លែងដាំដូងមិនខាន។ ក្រោយពីរាជធានីភ្នំពេញបានរំដោះទាំងស្រុង រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ព្រោះវាជាបេះដូងនៃប្រទេស ហើយដែលបានក្លាយជាទីប្រជុំជន និងជាទីកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរីកលូតលាស់យ៉ាងច្រើនរហូតដល់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែផ្តល់ជំនួយដល់កម្ពុជា ជាពិសេសការសាងសង់គម្រោងទី៤នេះ បន្ទាប់ពីគម្រោងចំនួន៣ដែលបានអនុវត្តរួចរាល់ហើយនៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរទីក្រុងភ្នំពេញយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្តារប្រព័ន្ធប្រឡាយ-លូ និងបង្កើនយកចិត្តទុកដាក់ចំពោះការធ្វើអនាម័យទីក្រុង ពិសេស សម្តេចតេជោ បានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការរក្សាអនាម័យទីក្រុង ដូចជាកុំបោះចោល សំរាម ចូលទៅក្នុងប្រឡាយ-លូ ដែលបង្កឲ្យមានការកកស្ទះពេលមានភ្លៀងម្តងៗ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមសហការ ជាមួយមន្ត្រីជំរឿនដែលកំពុងចុះជំរឿននៅទូទាំងប្រទេស គឺចាប់ពីថ្ងៃទី ៣-១៣ ខែមិនា ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ការធ្វើជំរឿនគឺមិនមែនជារឿងនយោបាយទេ ដូច្នេះសូមបងប្អូនចូលរួមផ្តល់ព័ត៌មានទាំងអស់គ្នាទាំងគណបក្សកាន់អំណាច គណបក្សអព្យាក្រិត្យ និងគណបក្សប្រឆាំង។ ទិសដៅរបស់យើងគឺត្រូវការដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ និង កំរិតជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានស្ថិតច្បាស់លាស់មួយងាយស្រួលដល់ការលើគម្រោងផែនការយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេស។ ចំពោះមន្ត្រីធ្វើការងារជំរឿន គឺត្រូវរក្សាការសំងាត់របស់ប្រជាពលរដ្ឋនីមួយៗ តាមបទដ្ឋានគិតយុទ្ធដូចបានចែងស្រាប់ហើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម សហការជាមួយមន្ត្រីជំរឿនអោយបានគ្រប់ៗគ្នា។ ព្រោះកន្លងមកមានករណីខ្លះបានកើតឡើង ដោយសារការយល់ច្រឡំ ដែលរហូតមានដល់ការបង្កហឹង្សារបួសស្នាមជាដើម។ មន្ត្រីធ្វើជំរឿនអាចនឹងចុះជួបបងប្អូននៅពេលយប់ក៏មាន ព្រោះពេលថ្ងៃប្រជាពលរដ្ឋយើងភាគច្រើនជាប់រវល់ការងារ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យបណ្តាញផ្សព្វផ្សាយទាំងអស់ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញព័ត៌សង្គមនានា ត្រូវចូលរួមសហការផ្សព្វផ្សាយព័ត៌មានជំរឿននេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទ ដែលបានបញ្ចូលសំលេងព័ត៌មានអំពីការធ្វើជំរឿននេះ ខណៈពេលដែលមានអ្នកខលចូល ដែលជាមធ្យោបាយដ៏ល្អដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដឹងពីព័ត៌មាននេះបានគ្រប់ៗគ្នា និងគ្រប់ៗទីកន្លែង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណរដ្ឋាភិបាលជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយដល់កម្ពុជា។សម្តេចតេជោ បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នាជាមួយនឹងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕