លើកមុន ខ្ញុំបានសរសេរដល់ចំណុចដែលគេបំបែកភរិយាខ្ញុំ ចេញទៅនាថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧ នៅក្នុងអត្ថបទដែលមានចំណងជើងថា (គូរព្រេងមិនព្រាត់) អាពាហ៍ពិពាហ៍ក្នុងគ្រាកលយុគ។លើកនេះខ្ញុំនឹងបន្តសរសេរអត្ថបទមួយទៀត ដែលខ្ញុំសូមដាក់ចំណងជើងថា (គូរព្រេងមិនព្រាត់) ដំណើរជីវិតក្រោយរៀបការ)។

ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ គឺជាថ្ងៃដំបូងដែលខ្ញុំបានផ្លាស់ប្តូរពីភាពជាកម្លោះមកកាន់ភាពជាអ្នកមានប្រពន្ធ នឹងបានជួបជុំជាមួយមនុស្សដែលខ្លួនស្រឡាញ់ ដែលនេះជារឿងស្ទើស្មានមិនដល់ថា រ៉ានី ដែលមានសម្រស់ស្រស់ស្អាត សុខចិត្តប្រកែកជាមួយអង្គការ មិនព្រមទទួលយកបុរសផ្សេង ដែលអង្គការផ្សំផ្គុំអោយ ហើយបែរជាមកទទួលយកខ្ញុំជាជនពិការម្នាក់ដែលមានអនាគត់មិនច្បាស់លាស់។ ពាក្យបងអូនដែលបានចាប់ផ្តើមប្រើប្រាស់នាល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ បានជំនួសដោយការខកចិត្តនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៦ នៅពេលដែលគេដឹកភរិយារបស់ខ្ញុំចេញទៅកាន់កន្លែងផ្សេង ដែលសូម្បីតែខ្ញុំជាប្តីមិនបានដឹងថា គេយកភរិយាខ្ញុំទៅទីណាផង។ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ គឺមេបញ្ជាការ ជាអ្នកជិះបន្ទាប់មកកងការពារ និងចុងក្រោយគឺ រ៉ានី ភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ មុនឡើងម៉ូតូ រ៉ានី ងាកមកនិយាយជាមួយខ្ញុំថា(សុំបងឧស្សាហ៍ដាក់ថ្នាំភ្នែក)។ ដោយក្តីស្រណោះ ខ្ញុំមិនបានឆ្លើយតបជាមួយ រ៉ានី ទេបានត្រឹមងក់ក្បាលជាសញ្ញាថាយល់ហើយ។ ម៉ូតូបានចាកចេញពីទីបញ្ជាការកងវរៈសេនាធំ ដែលពេលនោះបោះទីតាំងនៅ ភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូង។ ខ្ញុំខំតាមមើលប្រពន្ធរបស់ខ្ញុំរហូតមើលលេងឃើញ នឹងស្តាប់សម្លេងម៉ូតូលែងឮជាមួយការអាណិតខ្លួន អាណិតប្រពន្ធ ព្រមទាំងឈឺចិត្ត។ នេះជាលើកទីមួយហើយ ដែលខ្ញុំស្គាល់រស់ជាតិនៃការបែកពីភរិយា ដែលមុនៗខ្ញុំធ្លាប់តែបែកពីឪពុក ម្តាយ ជីដូន ជីតា បងប្អូនមិត្តភ័ក្រ្ត។ល។ បញ្ហារបស់ខ្ញុំនៅពេលនោះគឺ តើគេយកភរិយាខ្ញុំទៅធ្វើអ្វីហើយនៅទីណា? បីថ្ងៃក្រោយមក ទើបខ្ញុំទទួលដំណឹងថាភរិយាខ្ញុំបានទៅស្នាក់នៅមន្ទីរពេទ្យយោធារតំបន់ដែលតាំងនៅក្នុងវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាសម័យនោះ។ ហាក់ធូរចិត្តបន្តិច នៅពេលបានទទួលព័ត៌មានពីកន្លែង ដែលភរិយាស្នាក់នៅ តែរឿងនេះបានជំនួសមកវិញនូវការវាយប្រហារមួយនៅក្នុង ខែកុម្ភះ ឆ្នាំ១៩៧៦ នៅពេលដែលខ្ញុំទៅរក រ៉ានី នៅមន្ទីរពេទ្យកងទ័ព តែបែរជាមិនបានជួប ហើយបានទទួលព័ត៌មានថា រ៉ានី នៅមន្ទីរពេទ្យនេះបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះត្រូវអង្គការបញ្ជូនអោយទៅលើកប្រព័ន្ធភ្លឺស្រែនៅ ភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ពិតជាហួសចិត្តខ្លាំងណាស់ គ្រូពេទ្យឆ្មបម្នាក់ត្រូវបានប្រគល់ការងារជាអ្នករែកដីទៅវិញ។ ខ្ញុំមិនចង់អោយគេយោគយល់ថា រ៉ានី ជាភរិយាមេបញ្ជាការកងទ័ពមួយរូប ដែលបញ្ជាលើកម្លាំងទ័ពជាង២ពាន់នាក់នោះទេ តែគេគួរតែប្រើមនុស្សអោយត្រូវជំនាញ។ ប៉ុន្តែអ្វីដែលអង្គការបានធ្វើចំពោះរូបខ្ញុំ និងភរិយាខ្ញុំ កាន់តែលើកទឹកចិត្តខ្ញុំអោយខិតខំងើបឈរឡើងដើម្បីវាយរំលំអង្គការ។ មួយខែមុនពង្រាត់ភរិយាខ្ញុំចេញពីរូបខ្ញុំ ដោយមិនប្រាប់អោយដឹងថាយកទៅធ្វើអ្វី ហើយទៅទីណា? មួយខែក្រោយសង្ឃឹមថាមកដល់មន្ទីរពេទ្យនឹងបានជួបមុខភរិយាជាទីស្រឡាញ់ដែលខ្លួននឹករលឹកគ្រប់ដង្ហើមចេញចូលតែបែរជាមិនត្រឹមតែមិនបានជួបទេ ថែមទាំងទទួលបានព័ត៌មានដ៏អាក្រក់ទៅវិញ។ តែទោះយ៉ាងណា ខ្ញុំមិនបានបង្ហាញនូវពាក្យសំដីឬកាយវិការណាមួយខុសប្រក្រតីឡើយ ដើម្បីជៀសវាងការសង្ស័យពីពួកអង្គការ។ ដោយសារខ្ញុំធ្វើដំណើរដោយម៉ូតូ ខ្ញុំក៏ប្រញាប់ធ្វើដំណើរទៅកាន់ ភូមិ ខ្នារ នៃ ស្រុកត្បូងឃ្មុំ ជាទីកន្លែងដែលភរិយាខ្ញុំនៅទីនោះ។ ខ្ញុំត្រូវរង់ចាំ រ៉ានី ពីម៉ោងប្រហែល៤ល្ងាច រហូតដល់ព្រលប់ម៉ោងប្រហែល៦ល្ងាច។ រ៉ានី មិនបានដឹងថាខ្ញុំមករង់ចាំនាងទេ ខ្ញុំឃើញ រ៉ានី លីចបកាប់ដើរកាត់ភ្លឺស្រែតម្រង់មកវត្តខ្នារ។រឿងដែលគួរអោយហួសចិត្ត គឺនៅពេលដែលយើងបានជួបគ្នាពួកសេនាធិការតំបន់ ដែលទទួលខុសត្រូវនៅទីនោះ ប្រាប់អោយប្តីប្រពន្ធយើងសម្រាកលើកុដលោក ដែលពេលនោះនៅមានព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តនោះនៅឡើយ។ ខ្ញុំនិង រ៉ានី បានទទួលទានបាយជាមួយគ្នា ដែលពេលនោះពួកគេមានការអាធ្យាស្រ័យសម្រាប់ពួកយើងដោយសារមិត្តភ័ក្រ្តរបស់ខ្ញុំមួយចំនួនធ្វើការនៅទីនោះ។ យើងបានសម្រាកក្នុងវត្តមួយយប់ លុះព្រឹកឡើងដោយពិនិត្យឃើញភាពមិនសមហេតុផលក្នុងការស្នាក់នៅក្នុងវត្ត ខ្ញុំបានទៅសុំផ្ទះអ្នកមីងដែលជាត្រូវជាប្អូនស្រីមេបញ្ជាការរបស់ខ្ញុំ លោកអុំ ជុំ ហ៊ល សម្រាក។ ក្រុមគ្រួសារនេះចាត់ទុកប្តីប្រពន្ធយើងដូចជាកូនឬសាច់ញាតិដែលទទួលយើងអោយស្នាក់នៅដោយការសប្បាយរីករាយ អស់រយៈពេលមួយថ្ងៃមួយយប់។ ស្អែកឡើង ខ្ញំត្រូវបែកពី រ៉ានី ដើម្បីវិលត្រឡប់ទៅកាន់អង្គភាពវិញ រីឯ រ៉ានី នៅបន្តការងារនៅកន្លែងដដែល។ សូមបញ្ជាក់ថា រ៉ានី នៅធ្វើការដោយមានគ្រូពេទ្យនារីម្នាក់ទៀតឈ្មោះ តាំង លី នៅជាមួយដែលអាចជួយមើលថែទាំគ្នាបាន ព្រោះគ្រូពេទ្យ តាំង លី ធ្លាប់ជាពេទ្យសមរភូមិនឹងធ្លាប់ព្យាបាលអោយខ្ញុំតាំងពីឆ្នាំ១៩៧១ មកម៉្លេះ។ តាំង លី ក្រោយមកបានរៀបការជាមួយអតីតមេបញ្ជាការកងអនុសេនាតូចចំណុះអង្គភាព ក្រោមបញ្ជារបស់ខ្ញុំ។ ពួកគាត់ជាមនុស្សចិត្តបាន ហើយពេលនេះពួកគាត់ជាកសិករនៅខេត្តស្ទឹងត្រែង ដែលមានកូនច្រើន និង ចៅច្រើនដូចខ្ញុំដែរ។ បន្ទាប់ពីបែកគ្នានា ខែកុម្ភះ ឆ្នាំ១៩៧៦ ខ្ញុំមិនដែលបានជួប រ៉ានី រយៈ២ខែ រហូតមិនដឹងថា រ៉ានី មានផ្ទៃពោះផង។ គាប់ជួន រ៉ានី ចាញ់កូនផង នឹងធ្លាក់ខ្លួនឈឺផង ក៏បានទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យភូមិភាគ មានឈ្មោះអក្សរកាត់ថា (ព២) ដែលស្ថិតនៅ វិទ្យាល័យអូរាំងឪ។ ឯខ្ញុំវិញ ជម្ងឺភ្នែកបានរើឡើងវិញ តម្រូវអោយខ្ញុំទៅចូលមន្ទីរពេទ្យនេះផងដែរ។ សូមបញ្ជាក់ថា មន្ទីរពេទ្យនៅអូរាំងឪនេះហើយ ដែលគ្រូពេទ្យបានវះយកកែវភ្នែកឆ្វេងរបស់ខ្ញុំចេញនៅក្នុង ខែកញ្ញា ឆ្នាំ១៩៧៥។ កែវភ្នែកឆ្វេងរបស់ខ្ញុំបានកប់នៅទីតាំងវិទ្យាល័យអូរាំងឪបច្ចុប្បន្ននេះ។ ពេលចូលដល់មន្ទីរពេទ្យ គ្រូពេទ្យដែលធ្លាប់ព្យាបាលអោយខ្ញុំ និងដែលធ្លាប់រៀនពេទ្យជាមួយ រ៉ានី បានប្រាប់ខ្ញុំថា ប្រពន្ធរបស់ខ្ញុំកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនេះដែរ គឺនៅអាគារសម្រាប់អ្នកជម្ងឺជាស្ត្រី។ដោយមិនបង្អង់យូរ ខ្ញុំប្រញាប់ធ្វើដំណើរទៅជួបភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ រឿងដែលសប្បាយចិត្តទៅហួសពីការបានជួបគ្នាគឺ រ៉ានី បានប្រាប់ខ្ញុំថាមានផ្ទៃពោះ និងកំពុងចាញ់ខ្លាំងណាស់។

ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលបានឮ រ៉ានី ប្រាប់ថាមានកូន តែក៏មានការអាណិតប្រពន្ធដោយឃើញទឹកមុខនាងស្លេកស្លាំង។ កូនដំបូងនេះគឺជាកំណើត កូនកំសត់ ដែលកូនមួយនេះចាញ់ខ្លាំងណាស់តាំងពីថ្ងៃចាប់ផ្ទៃ រហូតដល់ថ្ងៃកើតខុសពីកូន៥ផ្សេងទៀត ដែលនៅមានជីវិតរហូតមកដល់សព្វថ្ងៃ។ ខ្ញុំនៅចាំបានថា ពេលដែល រ៉ានី និងខ្ញុំសម្រាកនៅមន្ទីរពេទ្យភូមិភាគនេះ គឺចំពេលចូលឆ្នាំខ្មែរនាខែមេសា ឆ្នាំ ១៩៧៦។ រ៉ានី សម្រាកនៅអាគារខាងផ្នែកអ្នកជម្ងឺជាស្រ្តី រីឯខ្ញុំ សម្រាកនៅអាគារខាងអ្នកជម្ងឺជាបុរស។ ពេលថ្ងៃខ្ញុំខិតខំទៅកំដរ រ៉ានី។ មានពេលខ្លះរហូតដល់យប់ តែយើងមិនដែលបានទទួលទានអាហារជាមួយគ្នាទេ។ ខ្ញុំបានចេញពីមន្ទីរពេទ្យទៅកាន់អង្គភាពវិញ បន្ទាប់ពីបានព្យាបាលរយៈពេល៥ថ្ងៃ។ ខ្ញុំទៅជួប រ៉ានី ដែលនាងមិនអាចទាន់ចេញពីមន្ទីរពេទ្យបាន។ ខ្ញុំស្ទើរតែប្រេះដើមទ្រូង និងដើរមិនរួច នៅពេលដែលខ្ញុំប្រាប់រ៉ានីអោយថែទាំខ្លួនមុនពេលខ្ញុំឈានជើងចេញពីអាគារដែលនាងស្នាក់នៅ និងព្យាបាល។ ខ្ញុំដើរចេញមកទាំងចិត្តស្រណោះអាឡោះអាល័យ អាណិតដល់ភរិយាដែលកំពុងមានជម្ងឺនិងចាញ់កូនក្នុងផ្ទៃថែមទៀត។ខ្ញុំគិតក្នុងចិត្តថា ពេលនេះម៉ោងនេះវាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះហើយនៅពេលខាងមុខខ្ញុំនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងជាងនេះទៅទៀត។

ខ្ញុំមកដល់អង្គភាពបន្តការងារ ដោយមិនមានព័ត៌មានថា ភរិយាខ្ញុំសុខទុក្ខយ៉ាងណាឬនៅទីណាទេ។ប្រហែលពាក់កណ្តាល ខែឧសភា ឆ្នាំ១៩៧៦ ខ្ញុំបានខិតខំទៅរកភរិយាខ្ញុំសារជាថ្មីម្តងទៀត ដែលពេលនោះភរិយាខ្ញុំត្រូវបានផ្លាស់អោយទៅធ្វើការនៅអង្គភាពលើកប្រព័ន្ធភ្លឺស្រែ នៅវត្តព្រៃនគរ ក្នុងដែលជាអតីតរាជធានីរបស់ហ្លួងព្រះស្តេចកន នៅក្នុងស្រុកពញ្ញាក្រែក។ ពេលនោះ រ៉ានី មានផ្ទៃពោះប្រមាណជាង៣ខែហើយ តែអាការៈចាញ់កូននៅមានជាបន្ត។ ក្នុងអំឡុង ខែមិថុនា ឆ្នាំ១៩៧៦ ភរិយាខ្ញុំត្រូវបានទទួលការអនុញ្ញាតអោយមកធ្វើការនៅមន្ទីរពេទ្យយោធាតំបន់ ដែលបោះទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះបន្ទាប់ពីបានទទួលការលត់ដំអស់រយៈពេលជាង៥ខែ។ នៅមន្ទីរពេទ្យនេះ រ៉ានី ហាក់មានភាពងាយស្រួលជាងមុនហើយខ្ញុំក៏ឧស្សាហ៌មានឱកាសមកលេងជាមួយភរិយាខ្ញុំដែរ។ មានរឿងគួរអោយអស់សំណើចមួយដែលកើតឡើងនៅមន្ទីរពេទ្យយោធានេះ។ នៅពេល រ៉ានី មានផ្ទៃពោះប្រមាណ ៥ខែ មានយុទ្ធជនរបស់ខ្ញុំម្នាក់ចង់ស្តីដណ្តឹងយក រ៉ានី ជាប្រពន្ធ ព្រោះគេមិនបានដឹងថា រ៉ានី មានប្តីថែមទាំងមានកូនក្នុងផ្ទៃទៀតនោះទេ ព្រោះកូនដំបូងពោះ រ៉ានី មិនធំទេ។ ក្នុងអំឡុងប្រហែលជា ខែ សីហា ឆ្នាំ១៩៧៦ មន្ទីរពេទ្យយោធារបានប្តូទីតាំងពី ឃុំពពេល ស្រុកទឹកជ្រៅ មកកាន់ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ដែលនៅឃ្លាតពីកន្លែងដែលខ្ញុំរស់នៅ ប្រហែលជាង៣០គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើអោយខ្ញុំកាន់តែមានភាពងាយស្រួលក្នុងការទៅមក ដើម្បីជួបភរិយាខ្ញុំ។ ប៉ុន្តែ រឿងថ្មីមួយបានកើតឡើងនោះគឺ ថ្នាក់លើបានតែងតាំងប្រធានយោធារតំបន់ថ្មីម្នាក់ជំនួសអោយប្រធានយោធារតំបន់ចាស់ដែលទៅទទួលតំណែងថ្មីជាប្រធានស្រុកទឹកជ្រៅ។ ប្រធានយោធាថ្មីនេះហើយដែលជាមនុស្សឃោរឃៅព្រៃផ្សៃបំផុត។ បកមកនិយាយពី រ៉ានី និងខ្ញុំ មុនពេលដែល រ៉ានី ឆ្លងទន្លេ។ ដោយសារអាណិតភរិយា ខ្ញុំត្រូវខិតខំទៅរកអ្វីដែលអាចរកបាន ដើម្បីផ្ញើអោយប្រពន្ធ។ ថ្ងៃមួយ ខ្ញុំចូលទៅលេងតាមភូមិដែលខ្ញុំមានម្តាយធម៌ជាជនជាតិស្ទៀង។ គាត់អោយផ្លែដូង៣ផ្លែ និងខ្នុរមួយផ្លែមកខ្ញុំ។ ក្រោយទទួលបានដូងនិងខ្នុរ ទោះខ្ញុំចង់ហូបតែខ្ញុំមិនហ៊ានហូបខ្លួនឯងទេ ខ្ញុំនឹកឃើញប្រពន្ធរបស់ខ្ញុំ ដែលកំពុងមានផ្ទៃពោះ។ ដោយមិនរង់ចាំយូរ ខ្ញុំយកកង់អង្គភាពជិះនាំយកផ្លែខ្នុរ និងផ្លែដូងទៅឱ្យប្រពន្ធខ្ញុំ។ តែអកុសលកង់ខូចតាមផ្លូវ។ ខ្ញុំបណ្តើរកង់កាត់តាមចំការកៅស៊ូយ៉ាងលំបាក។ គាប់ជួនពេលនោះ មានរថយន្តយោធារភូមិភាគ ដែលដឹកស្លឹកទ្រាំងពេញឡានបើកមក ខ្ញុំក៏បក់ដៃហៅសុំជិះ។ បងប្អូនទាំងនោះមានអាធ្យាស្រ័យល្អ ក៏ជួយលើកកង់ខ្ញុំដាក់លើស្លឹកទ្រាំង ហើយបន្តដំណើរ ដោយខ្ញុំក៏ជិះលើស្លឹកទ្រាំងដែរ។ មេឃងងិត ហើយរថយន្តអត់ភ្លើងទៀត។ ធ្វើដំណើរតាមផ្លូវជាតិលេខ៧បានប្រហែល៣គីឡូម៉ែត្ររថយន្តភ្លូក ដែលខ្ញុំត្រូវបានស្លឹកទ្រាំងសង្កត់ពីលើ ធ្វើឱ្យគ្រេចជើងឆ្វេង ពកក្បាល និងរបួសតិចតួចនៅខ្នង ដៃ និងជើង។ អ្វីៗបាត់អស់ផ្លែខ្នុរ ដូង និងកង់បែកបាក់អស់ហើយនៅសល់តែកាំភ្លើងខ្លីមួយដើមសៀតនៅចង្កេះ និងមួយដើមទៀតនៅក្នុងកាបូបដែលខ្ញុំស្ពាយជាប់ខ្លួន។ គណៈស្រុកត្រមូង បានយកម៉តូមកដឹកខ្ញុំទៅកាន់មន្ទីរពេទ្យដែល រ៉ានី ស្នាក់នៅប្រហែលម៉ោង៩យប់។មិនបានផ្លែដូង និងខ្នុរផ្ញើប្រពន្ធ បែរជានាំរបួសទៅអោយ រ៉ានី ព្យាបាលអោយទៅវិញ។ នៅមានរឿងគួរអោយចងចាំមួយទៀតគឺ ដើម្បីត្រៀមរៀបចំអោយប្រពន្ធឆ្លងទន្លេ ខ្ញុំនិងយុទ្ធមិត្តខ្ញុំ២នាក់បានទៅរកថ្នាំបូរាណ មានមើមថ្នាំចិន និងដើមឆ្កែស្រែង។ល។ ជាអកុសលមេឆ្កែដែលទើបកើតកូនហើយបានប៉ុន្មានថ្ងៃស្ទុះចេញពីគល់ឈើធំមួយ មកខាំជើងឆ្វេងខ្ញុំលេច៣ចង្កូមយ៉ាងជ្រៅដែលមានសម្លាករហូតដល់សព្វថ្ងៃ។ ថ្ងៃដែលឆ្កែខាំជើងខ្ញុំនោះហើយ ដែលខ្ញុំនិយាយទៅកាន់មិត្តខ្ញុំទាំង២នាក់ដែលរួមដំណើរជាមួយខ្ញុំថា (ឆ្កែសព្វថ្ងៃវាមានសិទ្ធិច្រើនជាងយើងជាមនុស្ស ព្រោះវាមានសិទ្ធការពារកូនរបស់វា ឯយើងជាមនុស្សមិនមានសិទ្ធិដូចសត្វឆ្កែទេ)។ មិត្តខ្ញុំទាំង២នាក់សម្លឹងមើលមុខខ្ញុំ ដោយការពេញចិត្តជាមួយសំដីនេះ។ ពាក្យនេះខ្ញុំនិយាយប្រហែលពាក់កណ្តាលខែតុលា១៩៧៦ ព្រោះតំបន់នោះនាឆ្នាំនោះធ្លាក់ខ្យល់ពីជើង ហើយនឹងមុនពេល រ៉ានី ឆ្លងទន្លេប្រហែលជាងកន្លះខែ។ប្រធានយោធាតំបន់ថ្មីចាប់ផ្តើមបញ្ចេញអំណាចរបស់គាត់មកលើរូបខ្ញុំ និងអង្គភាពរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានសង្ស័យដោយពួកសន្តិសុខ និងប្រធានយោធាតំបន់ថ្មីនេះហើយ ព្រោះមិត្តភ័ក្ដិមួយចំនួនដែលជាខ្សែបណ្តាញសម្ងាត់របស់ខ្ញុំ ត្រូវបានចាប់ខ្លួនរួចទៅហើយ។ ដោយសារមន្ទីរពេទ្យយោធាតំបន់ដែលភរិយាខ្ញុំរស់នៅមិនមានផ្នែកវះកាត់ និងដោយការព្រួយបារម្ភខ្លាចមានបញ្ហានៃការឆ្លងទន្លេកូនដំបូង ខ្ញុំបានពិភាក្សាជាមួយ រ៉ានី និងនាំនាងមកកាន់មន្ទីរពេទ្យតំបន់ ដែលមានទីតាំងនៅអតីតអនុវិទ្យាល័យមេមត់ ដែលពេលនេះជា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ដែលមានផ្នូរ ហ៊ុន កំសត់ នៅទីនោះផង។ រ៉ានី ចូលមន្ទីរពេទ្យរង់ចាំឆ្លងទន្លេនៅចុង ខែតុលា ឆ្នាំ១៩៧៦។ ចំណែករូបខ្ញុំមិនមានឱកាសមកមើលនាងទៀតទេ ដោយប្រធានយោធាថ្មីនេះតម្រូវអោយចុះត្រួតពិនិត្យតាមបណ្តោយខ្សែព្រំដែនកម្ពុជា វៀតណាម ការគូរចម្លងផែនទី និងការគូរពង្រីកផែនទីពីខ្នាត1/50,000 ទៅខ្នាត1/25,000 ដែលការងារនេះមិនមានអ្នកណាផ្សេងចេះធ្វើទេ នៅអង្គភាពនេះក្រៅតែពីខ្ញុំដែលត្រូវតែធ្វើខ្លួនឯង។

ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ម៉ោងប្រហែលជិត៥ល្ងាច ប្រធានយោធាតំបន់បានចូលមកមន្ទីរសេនាធិការដែលខ្ញុំធ្វើការនៅផ្ទះនេះផង និងស្នាក់នៅផង ដោយមាន តុ កៅអី ទូរស័ព្វ វិទ្យុទាក់ទង និងផែនទីជាច្រើនផ្ទាំងព្យួរតាមជញ្ជាំង។ នៅលើតុ មានផែនទីថ្មីមួយសន្លឹកខ្នាត1/25,000 ដែលខ្ញុំទើបគូរពង្រីកចេញពីផែនទីខ្នាត1/50,000 ដែលប្រើពេល៥ថ្ងៃ ទើបរួចរាល់ និងដែលខ្ញុំកំពុងគូរទីតាំងឈរជើងរបស់កងទ័ពចូលក្នុងផែនទីថ្មីនេះ។
ខ្ញុំបានអញ្ជើញប្រធានយោធារូបនេះអោយអង្គុយលើកៅអីរបស់ខ្ញុំ តែគាត់មិនអង្គុយទេ គាត់ខំមើលទៅលើផែនទីដែលព្យួរនឹងជញ្ជាំងដែលមានគូរទីតាំងឈរជើងកងទ័ព។ បន្ទាប់មកគាត់រវៃទូរស័ព្វភ្ជាប់ទៅកងវរសេនាតូចលេខ៧៥ ដែលបោះទីតាំងប្រហែល៣គីឡូម៉ែត្រ ពីទីបញ្ជាការកងវរៈសេនាធំ។ គាត់ពិនិត្យមើលសព្វគ្រប់ ដោយមិនទាន់និយាយអ្វីជាមួយខ្ញុំនៅឡើយ។ បន្តិចក្រោយមកគាត់បាននិយាយពាក្យដៀមដាមមកកាន់ខ្ញុំថា ពួកអនុធនរស់នៅបែបនេះគ្មានកែប្រែទេ។

ពាក្យពួកអនុធនខ្ញុំស្តាប់ឡើងហ៊ឹងត្រចៀកអស់ទៅហើយ ដែលសំដីនេះចេញមកពីអ្នកចូលព្រៃតស៊ូមុនឆ្នាំ ១៩៧០ ប្រឆាំងនឹងរបប សម្តេចព្រះ នរោត្តម សីហនុ មកលើមនុស្សដូចពួកខ្ញុំ ដែលចូលតស៊ូក្រោយ ឆ្នាំ១៩៧០តាមការអំពាវនាវរបស់ សម្តេចព្រះ នរោតម្ត សីហនុ និងច្រើនតែសំដៅទៅរកសិស្សសាលា ដែលចេញពីក្រុងដូចរូបខ្ញុំនេះឯង។ ឮពាក្យនេះខ្ញុំក៏សួរទៅគាត់ថា តើបងចង់និយាយពីអ្វី? ខ្ញុំហៅគាត់ថាបង ព្រោះគាត់មានអាយុច្រើនជាខ្ញុំប្រហែល៥ឆ្នាំ។ គាត់មិនឆ្លើយតបជាមួយសំនួរខ្ញុំទេ តែបែរជាអប់រំខ្ញុំថា ល្មមកែខ្លួនជាវណ្ណះអធនហើយ។ ខ្ញុំមិនឆ្លើយតបអ្វីជាមួយគាត់ទេ ព្រោះខ្ញុំគិតថា គាត់ចង់បង្ករឿងដូចដែលគាត់ធ្លាប់បានធ្វើមកលើរូប ខ្ញុំនិងអង្គភាពខ្ញុំ កាលពីចុងឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ ដែលនោះគាត់ជាប្រធានយុវជនតំបន់។

ដោយសារបុគ្គលរូបនេះ ដើរតួរសំខាន់ក្នុងសោដនាដកម្មរបស់ខ្ញុំ និងភរិយា ខ្ញុំសូមរំលឹកពីទំនាក់ទំនងរវាងគាត់និងខ្ញុំបន្តិច ដើម្បីងាយយល់ដល់ដំណើររឿង។ (ចុងឆ្នាំ១៩៧៣ បុគ្គលរូបនេះក្នុងឋានៈជាប្រធានយុវជនតំបន់ បានចុះទៅប្រជុំសម្ព័ន្ធយុវជន នៅអង្គភាពរបស់ខ្ញុំ ដែលពេលនោះ ខ្ញុំជាមេបញ្ជាការកងទ័ពពិសេស។ ដោយសារតួរនាទីជាម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ទទួលភ្ញៀវ ខ្ញុំបានបញ្ជា អោយយុទ្ធជនចាប់មាន់២ ក្បាលដើម្បីធ្វើម្ហូប គឺ១ក្បាលឆាខ្ញី និង១ក្បាលទៀតស្ងោរជ្រក់។ ក្រៅពីនោះមានត្រីឌៀបអាំងថែមទៀត។ យើងបាយថ្ងៃត្រង់ជាមួយគ្នា។ បន្ទាប់ពីបាយហើយ ការប្រជុំបានចាប់ផ្តើមជាមួយសម្ព័ន្ធយុវជនប្រមាណជាង ៣០នាក់។ ពេលប្រជុំ ខ្ញុំនិងអង្គភាពបែរជាទទួលបាននូវការទិទៀនទៅវិញ ដូចជាប្រើពាក្យពួកអនុធនចូលចិត្តដេកស្រួល ស៊ីឆ្ងាញ់ ខ្វះការសន្សំសំចៃ ដូចជាអង្គភាពនេះ ជាឧទាហរណ៍ស្រាប់។ យុទ្ធមិត្តដែលចូលរួមប្រជុំ មើលមុខគ្នាចង់តបត តែខ្ញុំសំឡឹងមុខជាសញ្ញាថា ឱ្យនៅស្ងៀមស្ងាត់។ ប៉ុន្មានខែក្រោយមកប្រហែលជា ខែកុម្ភះ ឆ្នាំ១៩៧៤ គឺមុនពេលដែលដែលខ្ញុំស្គាល់ រ៉ានី ប្រធានយុវជនតំបន់រូបនេះបានចុះទៅប្រជុំម្តងទៀត។ ពេលនោះខ្ញុំឱ្យយុទ្ធជនធ្វើម្ហូបមានផ្លែត្រប់ដុត និងប្រហុក ផ្លែចេក។ ខ្ញុំក៏ហូបបាយថ្ងៃត្រង់ជាមួយគាត់ទៀត។ បន្ទាប់ពីបាយហើយ ការប្រជុំក៏ចាប់ផ្តើម។ ពេលនេះមនុស្សដដែលនេះវាដៀលថា ជាមេបញ្ជាការខ្ជិលច្រអូស ខ្វះគំនិតឆ្នៃប្រឌិត មិនចេះបង្កបង្កើនផល ចិញ្ចឹមមាន់ ទា។ល។ ខ្ញុំទ្រាំមិនបានក៏ទះតុឮសូរផូង យុទ្ធមិត្តរបស់ខ្ញុំប្រហែលជាង៣០នាក់ដែលចូលរួមប្រជុំ ក្រោកឈរឡើងយ៉ាងស្រុះគ្នា ហាក់រង់ចាំបទបញ្ជាពីខ្ញុំ។

ខ្ញុំនិយាយទៅកាន់ប្រធានយុវជនតំបន់ដែលមានទឹកមុខស្លេកស្លាំង ដោយការភ័យខ្លាចនេះថា តើបងចង់បានអ្វីឱ្យពិតប្រាកដ? មកលើកមុនឱ្យស៊ីមាន់ស្ងោរ ចោទពួកខ្ញុំថាជាពួកអនុធន ចង់ស៊ីឆ្ងាញ់ ដេកស្រួលខ្វះការសន្សំសំចៃ។ មកលើកនេះឱ្យស៊ីប្រហុក ចោទពួកខ្ញុំថាខ្ជឹល ខ្វះគំនិតឆ្នៃប្រឌិត។ ពេលដែលខ្ញុំកំពុងនិយាយប្រដៅប្រធានយុវជនតំបន់ ឮសម្លេងម៉ូតូរបស់អនុបញ្ជាការវរសេនាតូចមកដល់។ គាត់ចូលមកឃាត់ហើយយកប្រធានយុវជនតំបន់នេះចេញទៅ។ ពីពេលនោះមក យើងមិនដែលបានជួបមុខគ្នាដូចពេលនេះទេ ទោះជាបានចូលរួមប្រជុំជាមួយគ្នាពេលខ្លះក្តី)។ ការមិនឆ្លើយតបរបស់ខ្ញុំ ចំពោះការអប់រំរបស់គាត់ គាត់បានបន្ថែមថា ព្រឹកស្អែក សែន ឯងត្រូវធ្វើដំណើរជាមួយខ្ញុំទៅ ស្រុកពាមជីលាំង ដើម្បីពិភាក្សាជាមួយគណៈ ស្រុកពាមជីលាំង រកនារី១០០នាក់មករៀបការអោយយុទ្ធជនពិការនៅជំរំឆកនាគ ស្រុកដំបែ។ ជាមួយការទទួលយកបទបញ្ជានេះ ខ្ញុំគិតថា ហេតុអ្វីគាត់ត្រូវការអោយខ្ញុំធ្វើដំណើរទៅជាមួយគាត់ ម្យ៉ាងគាត់និងខ្ញុំធ្លាប់មានរឿងជាមួយគ្នា ម្យ៉ាងទៀតការងារនេះជាការងាររបស់ស្នងការនយោបាយ មិនមែនជាការងាររបស់នាយសេនាធិការដូចរូបខ្ញុំនេះទេ។
ខ្ញុំបានចោទចេញជាសំនួរថា ឬមួយគាត់បោកខ្ញុំយកទៅចាប់នៅក្រៅអង្គភាព? ឬមួយគាត់ចង់សម្រុះ សម្រួលសហការធ្វើការជាមួយគ្នា? បញ្ហាសំខាន់ដែលធ្វើអោយខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧កាត់តាមមុខមន្ទីរពេទ្យនេះ។ តាំងពីពេលដែលខ្ញុំយករ៉ានីមកសម្រាកពេទ្យនាចុងខែតុលាមក ខ្ញុំមិនដែលបានទៅមើលថែទាំនាងឡើយ ដោយសារជាប់រវល់ការងារ។ អាស្រ័យដោយនិស្ស័យប្តីនិងប្រពន្ធ ឪពុកនិងកូន នៅយប់ថ្ងៃ៩ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ សម្លេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀតបានយំឭកងរំពងចេញពីដើមជ្រៃដ៏ធំដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ ធ្វើអោយខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថានឹងមានហេតុការមិនល្អសម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចអោយខ្ញុំដឹងមុននូវហេតុការណ៍ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិឬតាមរយៈសត្វយំឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នេះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេដែលយំ តែនៅដើមឈើក្រៅបន្ទាយក៏ស្រែកយំគួរអោយតក់ស្លុត។ ក្រោយម៉ោង១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ម៉ោងប្រហែល២រំលងអាធ្រាតចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃទៅកន្លែងផ្សេង នឹងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សម្លេងសត្វយំកាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថាខ្ញុំនឹងជួបគ្រោះ។

ខ្ញុំព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំមិនសម្រាកទេ និងបន់អោយតែមេឃឆាប់ភ្លឺ។ ខ្ញុំបានពិនិត្យសំភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងខ្លីម៉ាក K54សម្រាប់ក្រវ៉ាត់នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ។ កាំភ្លើងទាំង២ដើមបើកសោរត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់បោកខ្ញុំយកទៅចាប់ឬសម្លាប់ក្រៅអង្គភាព។ ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធារតំបន់បានប្រាប់ខ្ញុំថា សែន ឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះខ្ញុំគិតពិតជាមិនស្រួលហើយ ហេតុអីគាត់អោយខ្ញុំជិះម៉ូតូឌុបគាត់ទៅទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញ ងាយស្រួលប្រើដៃស្តាំដកចេញ ហើយបាញ់តែម្តង។ពេលជិះម៉ូតូចេញមកតាមផ្លូវខ្ញុំគិតថាប្រសិនម្នាក់នេះដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បកុំអោយគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូអោយលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេនៅពេលម៉ូតូនៅមានល្បឿនលឿន។ នេះជាការដែលខ្ញុំគិតដើម្បីការពារជីវិតនាពេលនោះ តែរឿងបែបនេះមិនបានកើតឡើងនាពេលនោះទេ ដូចនេះបានជាខ្ញុំយកការសន្ឋិដ្ឋានមួយថាមូលហេតុដែលគាត់អោយខ្ញុំជិះម៉ូតូឌុបគាត់ អាចបណ្តាលមកពីគាត់មិនទុកចិត្តខ្ញុំខ្លាចខ្ញុំបាញ់គាត់ពីក្រោយ ដូចដែលខ្ញុំគិតទៅលើរូបគាត់នៅពីក្រោយខ្ញុំដែរ។ផ្លូវជាតិលេខ៧ ពី ឃុំ ទន្លូង មកមន្ទីរពេទ្យនៅអនុវិទ្យាល័យមេមត់ទទួលរងការខូចខាតយ៉ាងខ្លាំង តាំងពីឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាមេរិកនិងវៀតណាមខាងត្បូងបញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះ នៅពេលដែលគេចូលឈ្លានពានកម្ពុជានាពេលនោះ។ ដូចនេះទោះត្រូវជិះលឿនក្នុងចម្ងាយផ្លូវជាង៣០ គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង៥ មកដល់មន្ទីរពេទ្យម៉ោង ជាង៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យប្រធានយោធាតំបន់សួរខ្ញុំថា ចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថាចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថាតែបន្តិចទេណាប្រញាប់ធ្វើដំណើរទាន់ព្រឹក។ក្រោយម៉ោង៦ព្រឹក ភាពតក់ស្លុតបានកើតឡើងសម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យមានស្ត្រីដែលសម្រាកព្យាបាលជាមួយភរិយាខ្ញុំបានស្រែកប្រាប់ខ្ញុំថា ប្អូន ប្រពន្ធប្អូនឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀតស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់បាននិយាយថារវល់ទៅណា មិនមកមើលប្រពន្ធ ទុកអោយប្រពន្ធឆ្លងទន្លេតែឯង។ល។

ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត ខ្ញុំរុញទ្វារបើកឡើងមិនឃើញ រ៉ានី ទេព្រោះពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។ និស្ស័យឪពុកនិងកូនខ្ញុំ បែរជាសម្លឹងទៅឃើញទារកមួយដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនិងជ្រុងគ្រែបាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះកើតមកត្រូវពេទ្យធ្វើអោយរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដី ទើបរើសពីដី មកដាក់ចោលលើគ្រែវិញ។ដោយឃើញកូននៅហូរឈាមតាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកអោយគេជួយសង្រ្គោះជីវិតកូនខ្ញុំ។ អ្នកជម្ងឺជាស្ត្រី៥នាក់បានចូលមកជួយមើលដោយក្តីអាណិត បន្តិចក្រោយមកប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ គាត់ក៏ជាមនុស្សល្អម្នាក់បានសំដែងនូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យដែលធ្វើការធ្វេសប្រហែស ធ្វើអោយមានរឿងសោកនាដកម្មនេះកើតឡើង។ ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកចបកាប់ដើម្បីខ្ញុំយកសាកសពកូនខ្ញុំទៅកប់ ប៉ុន្តែស្រាប់តែប្រធានយោធារតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ពេលឃើញប្រធានយោធារតំបន់មកដល់ ខ្ញុំក៏បានស្នើសុំទៅគាត់ ដោយពាក្យរាបសារ ទាំងទឹកភ្នែកថាខ្ញុំសុំអនុញ្ញាតិពីបងដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ទខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះចាប់ផ្តើមបញ្ចេញនូវសារជាតិរបស់មកហើយ វាមិនគ្រាន់តែមិនចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះមកបំបាក់ស្មារតីខ្ញុំទៀតផង។ ចម្លើយរបស់វាមកកាន់ខ្ញុំដំបូងវានិយាយថា ចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់ មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះទៅកប់ហើយមិនបាច់ខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល។ ឮសំដីបែបនេះកំហឹងខ្ញុំក្តៅរោលពេញខ្លួនតែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការ ទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថា ខ្ញុំទៅចាំនៅខាងក្រៅ១៥នាទី ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សំដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រម៉ាពីករខ្ញុំដែលសើមដោយទឹកភ្នែករបស់ខ្ញុំមករុំសពកូនរបស់ខ្ញុំ ហើយស្នើសុំប្រធានមន្ទីរពេទ្យអោយជួយរកក្រដាស់សរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដបដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។ បំណងរបស់ខ្ញុំ គឺដាក់ឈ្មោះកូននេះមានឈ្មោះថា “កំសត់”និងងាយចំណាំ ដោយយើងមានអក្សរនៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថាសពកូនរបស់ខ្ញុំកប់នៅទីណាពិតប្រាកដ។បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែលកំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ ។ យើងជាប្តីប្រពន្ធក្មេងៗមើលមុខគ្នាយំដោយការស្តាយស្រណោះ ។ ខ្ញុំមិនមានក្រម៉ាជូតទឹកភ្នែកទៀតទេ ដោយសារក្រម៉ាបានយកទៅរុំសពកូនទៅហើយ មានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រម៉ាអោយខ្ញុំទាំងខ្លួននាងនៅរងារញ័រញាក់ បន្ទាប់ពីឆ្លងទន្លេទើបបានប្រហែលជាងមួយម៉ោង។សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេ មិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុណ្ណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯង ដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

 

ខ្ញុំបន្តដំណើរជាមួយប្រធានយោធាតំបន់ទៅ ឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់នៅជាមួយភរិយាដ៍កំសត់ និងការសោកស្តាយចំពោះកូនដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក ពេលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់សារជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែល ចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់មកលើខ្ញុំថាខ្វះចរិតដាច់ខាត ក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ ស្ទើរតែអត់ទ្រាំមិនបាន បំរុងទាញកាំភ្លើងបាញ់អាចង្រៃនេះនៅម្តុំបុស្តតាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះមានសុទ្ធតែព្រៃគ្មានមនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូមួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំងជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួនត្រូវគេចាប់ខ្លួនរួចទៅហើយ ដូចនេះចលនាតស៊ូត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំបានឡើយ។ ម៉ោងប្រហែល៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល៣៥ម៉ោង។ ដោយសាររ៉ានីជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ពួកយើងបានត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែកដោយការអាណិតភរិយានឹងពុំបានទៅសួរប្រធានមន្ទីរពេទ្យ អំពីទីកន្លែងដែលកប់សាកសពកូនខ្ញុំដែរ។ មកដល់អង្គភាព ខ្ញុំបានយករឿងនេះទៅជំរាបប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់បានអនុញ្ញាតអោយយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសំដែងនូវការហួសចិត្តចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថាម្នាក់នេះជាអតីតចោរលួចគោអ្នកស្រុកទៅលក់អោយវៀតកុង នៅតាមព្រំដែនកម្ពុជា វៀតណាម។ ដល់ប៉ូលីសតាមរកចាប់ក៏រត់ចូលព្រៃតស៊ូជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាននយោបាយអង្គភាពបានប្រាប់ទៅគាត់ថាខ្ញុំអន់ចិត្តនឹង ដោយសារយុទ្ធជនក្នុងអង្គភាពនេះស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើអោយប្រធានយោធាតំបន់រូបនេះចាកចេញពីអង្គភាពតាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធារតំបន់នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។មុនពេលភ្លឺ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យ ដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំងនៅ ភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំបានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់អោយខ្ញុំ។ ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាងល្អ ដែលខ្ញុំបានយក រ៉ានី មកអោយឆ្មបបុរាណកាយទម្លាក់សុកទាន់ពេល បើពុំនោះទេ នឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ដល់ជិវិតជាមិនខានឡើយ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដសម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាង ដើម្បីរូបខ្ញុំដែលជាជនពិការម្នាក់។ខ្ញុំរកបានអុសល្អៗដើម្បីដុតកំដៅដែលជំនាន់ដើមហៅថា (អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។ ឆ្នាំ ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានីមិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំតាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសំបូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំ ដាំបាយបំរើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃត្រាំស្រានិងដុតភ្លើងឱ្យប្រពន្ធ។ ខ្ញុំបំរើ រ៉ានី ដូចបំរើម្តាយចាស់ ប្រហែលជាងកន្លះខែ ទើបរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំមិនបណ្តោយអោយនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយ ដែលខ្ញុំបានរស់នៅជាមួយគ្នាលើសមួយសប្តាហ៍បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ទយើងបានរស់នៅជាមួយគ្នា ដោយមិនសូវមានការរំខានពីពួកអង្គការដូចពេលមុនឡើយ។

ក្នុងអំឡុងចុង ខែមករា ឆ្នាំ១៩៧៧ ភរិយាខ្ញុំចាប់ផ្តើមមានផ្ទៃពោះសារជាថ្មី ដែលជាកំណើត ហ៊ុន ម៉ាណែត កូនប្រុសខ្ញុំសព្វថ្ងៃនេះ។ មានកូនលើកនេះមិនស្របនឹងបំណងរបស់ខ្ញុំឡើយ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ ព្រោះខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួកពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយថា ត្រូវងើបឈរឡើងវាយរំលំពួកប៉ុល ពត។ តែបញ្ហាស្ថិតនៅលើពេលវេលា និងវិធីសាស្ត្រប៉ុណ្ណោះ។
ប្រសិនមានការប្រយុទ្ធកើតឡើង តើប្រពន្ទខ្ញុំដែលមានផ្ទៃពោះឬកូនខ្ចីនឹងទៅជាយ៉ាងណា? ខ្ញុំស្រឡាញ់ភរិយានិងចង់ឱ្យនាងបានរស់នៅក្បែរខ្លួន តែខ្ញំមិនចង់ឃើញប្រពន្ធនិងកូនខ្ញុំមានគ្រោះថ្នាក់ នៅពេលមានការប្រយុទ្ធកើតឡើងនោះទេ។ ក្នុងអំឡុង ខែកុម្ភះ ឆ្នាំ១៩៧៧ ខ្ញុំបាននាំភរិយាខ្ញុំវិលត្រឡប់មកកាន់មន្ទីរពេទ្យយោធាតំបន់ដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ដែលជាកន្លែងគាត់ធ្វើការវិញ។ បែកគ្នាលើកមុនៗត្រូវពួកអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈវាយពួកប្រល័យពូជសាសន៍ប៉ុល ពត។ សំណាងល្អមានផ្ទៃពោះលើកនេះ រ៉ានី មិនចាញ់ដូចកូនដំបូងទេ។ ងាកមកសភាពការនយោបាយវិញ ពួកអង្គការបង្កើនការកាប់សម្លាប់ប្រជាជនដោយគ្មានរើសមុខ។ ចំពោះមុខសភាពការនេះខ្ញុំមានជម្រើស៤សម្រាប់ជ្រើសរើសគឺ៖
-ជម្រើសទី១ ប្រើប្រាស់កម្លាំងដែលនៅក្រោមបញ្ជាខ្ញុំ ដើម្បីវាយកាន់កាប់ស្រុកត្រមូង ស្រុកមេមត់នៃខេត្តកំពង់ចាម និងស្រុកស្នួលខេត្តក្រចេះ ដើម្បីធ្វើឈ្នាន់ជាតំបន់រំដោះ ឈានទៅវាយដណ្តើមភូមិសាស្ត្រផ្សេងទៀត។ ជម្រើសនេះអាចទស្សទាយបាន គឺនឹងត្រូវបញ្ចប់ក្នុងថ្លុកឈាមយ៉ាងយូរកន្លះខែអ្វីៗនិងត្រូវបញ្ចប់នាពេលនោះ។
-ជម្រើសទី២ ដកខ្លួនចេញ ហើយរៀបចំការតស៊ូជាថ្មី ដោយឆ្លងកាត់ទៅរកការជួយឧបត្ថម្ភពីមិត្តវៀតណាម ដូចដែល សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់បានធ្វើកាលពីឆ្នាំ១៩៧០។
-ជម្រើសទី៣ មិនធ្វើអ្វីទាំងអស់ ហើយទុកអោយពួក ប៉ុល ពត ចាប់យកទៅសម្លាប់។
-ជម្រើសទី៤ គឺធ្វើអត្តឃាដបញ្ចប់ជីវិតដោយខ្លួនឯង។
ខ្ញុំសម្រេចជ្រើសរើសយកជម្រើសទី២ ដែលការសម្រេចបែបនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ១៩៧៧ នៅវត្តដំបែរ ស្រុក តំបែរ ពេលបញ្ចប់វគ្គនយោបាយនៅទីនោះ ដែលអង្គការហៅទៅរៀនរយៈពេលជាងមួយខែកន្លងមក។

ខ្ញុំជួបរ៉ានីចុងក្រោយនៅយប់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៧៧ បន្ទាប់ពីចេញពីសាលានយោបាយនៅស្រុកដំបែរគឺមុនពេលដែលខ្ញុំចេញដឹកនាំការតស៊ូវាយ ប៉ុល ពត តែ២ថ្ងៃប៉ុណ្ណោះ។ ទោះខ្ញុំបានសម្រេចចិត្តរួចហើយក៏ដោយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការដែលខ្ញុំមិននិយាយប្រាប់មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះទេ តែអ្វីដែលសំខាន់គឺខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីហូរធ្លាក់មក មិនចង់អោយនាងទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនោះទេ។ ខ្ញុំចង់អូសបន្លាយនូវសេចក្តីសុខរបស់នាងមុនពេលដែលទុក្ខសោកបានចូលមកដល់។ ដូចនេះសូម្បីតែខ្ញុំលានាងចេញមកក៏ខ្ញុំមិនសម្រក់ទឹកភ្នែកអោយនាងឃើញដែរ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ នោះគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីដឹកនាំចលនាតស៊ូសង្រ្គោះជីវិតប្រជាជន។ ខ្ញុំបានចាប់ផ្តើមជាមួយការបញ្ជាអោយ កងទ័ពបើកជង្រុកស្រូវ ដែលមានស្រូវប្រមាណ១ពាន់ថាំង ទាំងស្រូវខ្សាយ ទាំងស្រូវដំណើប ដែលស្តុកទុកជូនអង្គការជាយូរមកហើយ ។ ឯកងទ័ពស៊ីតែបបរជិតមួយឆ្នាំហើយ ដើម្បីអោយកងទ័ពយកបុកទៅដាំបាយស៊ី។ ចំណុចចាប់ផ្តើមវាយអង្គការជាចំហរ គឺចាប់ផ្តើមពីចំណុចនេះហើយ បន្ទាប់ពីភាពហ្មឺងម៉ាត់ក្នុងការបញ្ជាកងទ័ព។ ម៉ោងប្រហែល២ រសៀល ខ្ញុំអង្គុយសរសេរលិខិតផ្ញើអោយ រ៉ានី ភរិយាខ្ញុំ។ នៅលើក្រដាស់ប្រភេទស៊ីម៉ង់ត៌ ជាមួយនឹងប៊ិច ទឹកភ្នែកខ្ញុំចាប់ស្រក់នៅលើក្រដាស់រួចស្រេចទៅហើយ។ បញ្ហាដែលលំបាកបំផុតនាពេលនោះ តើត្រូវប្រាប់ រ៉ានី ថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេ សម្រាប់ជីវិតនាពេលនោះ។ កំពុងសរសេរលិខិត ឬសរសេរលិខិតហើយត្រូវគេបាញ់សម្លាប់? ឬសរសេរលិខិតហើយ ត្រូវធ្វើការប្រយុទ្ធស្លាប់រស់? ឬ៣ម៉ោងមុននៅទឹសខាងកើត តែ៣ម៉ោងក្រោយ ត្រូវនៅទឹសខាងលិចវិញ?។ នៅក្នុងលិខិតនេះមិនមានការចាំបាច់ដើម្បីបង្កប់ន័យកុំអោយអង្គការដឹងនោះទេ ព្រោះយើងបានចេញមុខប្រឆាំងអង្គការដោយចំហរហើយ តែរឿងដែលលំបាក តើត្រូវប្រាប់ប្រពន្ធថាយើងនៅទីណា នៅពេលនាងអានសំបុត្រនេះ?។ នៅទីបំផុតខ្ញុំប្រើពាក្យថា (មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះរូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួនឯងនៅកន្លែងណាផងទេ)។

នៅក្នុងលិខិត ខ្ញុំបានរៀបរាប់ច្រើននូវរឿងរ៉ាវដែលបានកើតឡើងសម្រាប់ជីវិតប្តីប្រពន្ធយើងទាំងពីរ។ ខ្ញុំក៏បានសុំការយោគយល់ពីនាងនូវការដែលខ្ញុំមិនបានប្រាប់រឿងពិតដល់នាងនៅមុនការបែកគ្នានេះ។ សំបុត្រមួយច្បាប់នេះ ត្រូវបានបញ្ចប់ដោយការប្រើពាក្យថា(លាហើយ លាដើម្បីជួបវិញដោយគ្មានពេលកំណត់)។ នេះជាពាក្យដែលបង្កប់ន័យ មានសង្ឃឹមផង និងអស់សង្ឃឹមផង។ យើងមិនអាចនិយាយថាខែក្រោយ ឬឆ្នាំក្រោយជួបគ្នាបានទេ ព្រោះគ្មានអ្វីច្បាស់លាស់ទេ សម្រាប់សភាពការនាពេលនោះ។ ខ្ញុំស្លាប់ឬរ៉ានីស្លាប់? ការតស៊ូត្រូវជួបនឹងបរាជ័យ?។ល។ លិខិតមួយច្បាប់នេះត្រូវបានចំណាយពេលប្រមាណ២ម៉ោង ជាមួយនឹងទឹកភ្នែកហូរស្រក់មកមិនឈប់រហូតធ្វើអោយខ្ញុំស្រវាំងភ្នែក។នៅប្រហែលម៉ោង៤ល្ងាច ខ្ញុំបានប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះ នឿនដែលពេលនេះជា ឧត្តមសេនីយ នៅបញ្ជាការដ្ឋានអង្គរក្ស ដើម្បីបញ្ជូនអោយភរិយាខ្ញុំ។ បន្ទាប់ពីបានប្រគល់សំភារៈដល់នឿនរួចហើយ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តភក្រ័្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត។ ពេលចង្អៀងឆេះស្រាប់តែមានសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅនឹងគល់នឹង ដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។ សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា (ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដងនិងខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៌បានមករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើរភ្លាត់សម្លេងអោយអ្នកនៅខាងក្រៅចូលមកជួយ។ នៅពេលយុទ្ធជន៣នាក់ចូលមកដល់ ខ្ញុំសួរពួកគេថា តើអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ? ពួកគេទាំង៣នាក់បានឆ្លើយស្រុះគ្នាថាមិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាលហើយគិតក្នុងចិត្តថា បារមីតាមថែរទាំខ្ញុំ ប្រាប់ឱ្យខ្ញុំចាកចេញហើយ គាប់ជួនពេលនោះមិត្តខ្ញុំ៤នាក់បានមកដល់ព្រមគ្នា ដែលមានឈ្មោះ ១)នុច ថន ២)ញ៉ឹក ហួន ៣)សន សាញ់ និង ៤)វ៉ា ប៉ោអាន។

ពួកយើងបានចាកចេញនៅម៉ោង៩យប់តាមផ្លូវសម្ងាត់មួយដែលមិនអោយកងទ័ពក្នុងបន្ទាយដឹងថាយើងទៅណា?។ យើងបានចាកចេញដោយការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺន រាប់សែន រាប់លានដំណក់។ តែទឹកភ្នែកនិងការឈឺចាប់នេះហើយ ដែលបានពង្រឹងស្មារតីខ្ញុំអោយប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ ងាកទៅនិយាយពី រ៉ានី វិញ ទុក្ខស្រីប្តីព្រាត់ បានចាប់ផ្តើមលើជីវិតនាង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ នៅពេលដែលនាងបានទទួលលិខិតរបស់ខ្ញុំតាមរយៈ (នឿន) ដែលជាយុទ្ធជនដ៏ស្មោះត្រង់ម្នាក់របស់ខ្ញុំ។ រ៉ានី បានក្លាយជាស្រីមេម៉ាយក្នុងពេលនោះដែរ អាស្រ័យដោយពួកប៉ុល ពតបានប្រកាស់ថាពួកគេបានបាញ់សម្លាប់ខ្ញុំកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅក្បែព្រំដែនកម្ពុជា វៀតណាម។ ការប្រកាសរបស់ពួកខ្មែរក្រហមថាខ្ញុំស្លាប់ គឺដើម្បីកាត់បន្ថយនូវស្មារតីប្រឆាំងអង្គការពីសំណាក់កម្មាភិបាល យុទ្ធជន នៅក្នុងអង្គភាពរបស់ខ្ញុំ និងអង្គភាពផ្សេងទៀតដែលកំពុងកើនឡើង។ តែការប្រកាសថាខ្ញុំស្លាប់ក៏បានជួយសម្រួលដល់ រ៉ានី មួយផ្នែកពីការតាមដានរបស់ថ្នាក់ក្រោមខ្មែរក្រហមផងដែរ ព្រោះបើប្តីស្លាប់ទៅហើយ គ្មានហេតុផលអ្វីត្រូវតាមដានប្រពន្ធតទៅទៀតទេ លើកលែងតែមេដឹកនាំមួយចំនួនដែលដឹងរឿងពិតថាខ្ញុំនៅរស់ ពិសេសប្រធានយោធាតំបន់ ដែលធ្លាប់ធ្វើបាបខ្ញុំ កាលពីពេលមុន។ ថ្ងៃទី២០ ខែ តុលា ឆ្នាំ១៩៧៧ ភរិយាខ្ញុំបានឆ្លងទន្លេបានកូនប្រុសគឺ ហ៊ុន ម៉ាណែត នាពេលនោះ។ ក៏ដូចកាលពីយប់ថ្ងៃទី៩ ឆ្លងចូលដល់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ ដែរ។ នាយប់ថ្ងៃ១៩ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ខ្ញុំដេកមិនលក់ដូចគ្នា។ ពេលនោះខ្ញុំដេកយំរហូត សន សាញ់ មកធ្វើសសៃអោយខ្ញុំដែលខ្ញុំបានប្រាប់ សន សាញ់ ថា រ៉ានី អាចឆ្លងទន្លេយប់នេះ ព្រោះកាលពីឆ្នាំមុនខ្ញុំក៏ដេកមិនលក់ដូចគ្នាពេលដែលរ៉ានីឆ្លងទន្លេកូនដំបូង។

 

ពិតដូចការគិតរបស់ខ្ញុំ ហើយពិតជាចំណងលោហិតរត់រកគ្នាមែនគឺនៅក្នុងខែ ធ្នូ ឆ្នាំ១៩៧៧ ឆ្លៀតពេលដែលវៀតណាមប្រើសិទ្ធិការពារខ្លួនវាយបកទៅលើការឈ្លានពានរបស់ពួក ប៉ុល ពត ដែលវាយចូលទៅសម្លាប់មនុស្ស ដុតផ្ទះសម្បែង បំផ្លាញទ្រព្យសម្បត្តិក្នុងទឹកដីវៀតណាមចាប់បង្ខំអោយវៀតណាមប្រើសិទ្ធិការពារខ្លួនវាយបកទៅពួកប៉ុល ពតវិញ។ ពេលនោះខ្ញុំចូលទៅស្រុកមេមត់និងចូលទៅពិនិត្យនៅមន្ទីរពេទ្យយោធាតំបន់ដែលត្រូវបានពួកប៉ុល ពត ជំលៀសចេញតាំងពីខែវិច្ឆិកា ១៩៧៧ ព្រោះមន្ទីរពេទ្យនេះនៅមិនឆ្ងាយពីព្រំដែននោះទេ។ ពេលចូលទៅពិនិត្យក្នុងផ្ទះដែល រ៉ានី ស្នាក់នៅឃើញនៅសល់ខ្នើយនិងសៀវភៅដែល រ៉ានី សរសេរអំពីវិជ្ជាពេទ្យ តែនៅទំព័រខាងមានអក្សរសរសេរពីខ្មៅដៃដែលសរសេរថា (ម៉ាណែត កើតម៉ោង៦ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ទម្ងន់៣គីឡូ២ខាំ)។ តែមិនមែនជាអក្សរ រ៉ានី សរសេរខ្លួនឯងទេ គឺនារីពេទ្យម្នាក់ទៀតជួយសរសេរ។ ក្រោយពីឃើញអក្សរនេះខ្ញុំមានអារម្មណ៍ថា រ៉ានី ឆ្លងទន្លេយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដែលខ្ញុំដេកមិនលក់នោះហើយ។ រឿងនេះត្រូវបានបញ្ជាក់ក្រោយការជួបគ្នាគឺ ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ១៩៧៧ មែន ដែលនេះពិតជាចំណងលោហិតរត់រកគ្នាយ៉ាងពិតប្រាកដ។ ការបង្ហាញខ្លួនរបស់ខ្ញុំនៅឃុំដារស្រុក មេមត់១យប់២ថ្ងៃ បានបង្កើតនូវការលំបាកអោយ រ៉ានី ព្រោះមុននេះ រ៉ានី ប្តីស្លាប់ តែពេលនេះ រ៉ានី ជាប្រពន្ធរបស់ជនក្បត់។ ស្ត្រីមេម៉ាយដែលមានប្តីស្លាប់ដោយសារ ប្រធានសន្តិសុខតំបន់ចាប់យកទៅសម្លាប់ ត្រូវបានសម្រាលកូនបន្ទាប់ពីប្រធានសន្តិសុខតំបន់ត្រូវគេបាញ់សម្លាប់ដោយសារគាត់បាញ់សម្លាប់ប្រធានកងវរសេនាធំមួយរូប។ ដែលនេះជារឿងពាលស៊ីពាលរបស់ពួកខ្មែរក្រហម។ ពួកគេបានទម្លាក់កំហុសអោយប្រធានសន្តិសុខ ថាជាមនុស្សក្បត់ដែលបានសម្លាប់ប្តីរបស់ស្ត្រីមេម៉ាយទាំងនេះ។ ដូចនេះស្ត្រីមេម៉ាយដែលមានប្តីស្លាប់ហាក់បានទទួលការសណ្តោសខ្លះៗពីពួកអង្គការ។ សម្រាប់ រ៉ានី ខុសពីគេនៅត្រង់មានប្តីនៅរស់ហើយកំពុងដឹកនាំកម្លាំងតស៊ូវាយពួកអង្គការទៀតផង។ រ៉ានី ត្រូវរងនូវការប្រមាថពីពួកអង្គការ ពិសេសពីប្រធានយោធាតំបន់ដែលជាមនុស្សឃោរឃៅគួរអោយខ្លាច។ ភរិយានិង កូនប្រុសខ្ញុំរស់និងធ្វើការដោយការលំបាកក្នុងនាមជាភរិយានិងកូនរបស់ជនក្បត់របស់អង្គការប្រល័យពូជសាសន៌។ គាត់បីកូនពីកន្លែងមួយទៅកាន់កន្លែងមួយ តាមតែបញ្ជារបស់អង្គការ។

ឱកាសល្អបានមកដល់សម្រាប់ចលនាតស៊ូរបស់ខ្ញុំក៏ដូចជាភរិយាខ្ញុំនោះគឺនៅពេលដែលកងទ័ពឧត្តរទិសរបស់ កែ ពក និងកងទ័ពនិរតីយទិសរបស់តាម៉ុកបានចូលមកបង្ក្រាបភូមិភាគបូព៌ាទិស។ ប្រធានយោធាតំបន់ដែលជាមនុស្សឃោឃៅនិងដែលជាមនុស្សស្មោះត្រង់បំផុតរបស់អង្គការហើយដែលបានចាប់កងទ័ពក្នុងអង្គភាពខ្ញុំយកទៅសម្លាប់អស់យ៉ាងច្រើននោះ ក៏ត្រូវពួកមកពីឧត្តរទិសនិងនិរតីយទិសចាប់យកទៅសម្លាប់ទាំងប្តីប្រពន្ធយ៉ាងវេទនាផងដែរ។ ឆ្លៀតពេលដែលពួកអង្គការវាយគ្នាឯង និងការងើបឡើងតស៊ូរបស់កងទ័ព និងប្រជាជននៅភូមិភាគបូព៍ាទិសដែលដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ១៩៧៨ ឱកាសនៃចលនាតស៊ូរបស់ខ្ញុំមានកាន់តែច្រើនដើម្បីឈានឆ្ពោះទៅរកជោគជ័យ។ សម្រាប់ រ៉ានី ក៏ដូចគ្នាឆ្លៀតពេលដែលពួកមេដឹកនាំនៅតំបន់នោះមួយចំនួនស្លាប់ និងមួយចំនួនងើបឡើងបះបោរប្រឆាំង ប៉ុល ពត ភរិយាខ្ញុំបាននាំកូនទៅភូមិកំណើតរកឪពុកម្តាយ។ ពេលនោះ ម៉ា ណែត កូនប្រុសខ្ញុំមានអាយុប្រហែល៨ខែហើយ គេមានជីដូនជីតាឪពុកធំ ម្តាយធំ ម្តាយមីង បងប្អូនជីដូនមួយរស់នៅជាមួយនឹងជួយមើលថែទាំ។ ទោះទៅទីណាក៏ដោយ នាពេលនោះក៏ពួកប៉ុល ពត មិនផ្តល់សេចក្តីសុខអោយដែរ។ ក្រុមគ្រួសារខាងភរិយាខ្ញុំជាច្រើននាក់ត្រូវបានសម្លាប់និងមានមួយគ្រួសារស្លាប់ទាំងអស់តែម្តង។ ការបង្រ្គាបកាន់តែធ្ងន់ធ្ងរឪពុកម្តាយក្មេក ខ្ញុំបាននាំកូនៗនិងចៅៗចូលលាក់ខ្លួននៅក្នុងព្រៃក្នុងអំឡុងខែសីហាឆ្នាំ១៩៧៨។ ដោយសារបងស្រីនិងបងប្រុសរបស់ភរិយាខ្ញុំមានកូនសុទ្ធតែស្រីៗ ម៉ាណែត កូនប្រុសខ្ញុំបានក្លាយជាចៅប្រុសដំបូងនៃគ្រួសារនេះ។ តាមការរៀបរាប់របស់ភរិយាខ្ញុំបានអោយដឹងថានៅក្នុងដំណាក់ការនៃការរស់នៅដ៏លំបាកនៅក្នុងព្រៃនេះឪពុកក្មេករបស់ខ្ញុំគឺជាអ្នកថែទាំចៅប្រុសដ៏កំសត់មួយនេះ។ ពេលរត់គេចពីការតាមបាញ់សម្លាប់ម្តងៗពីសំណាក់ពួក ប៉ុល ពត គាត់មិនដែលភ្លេចនាំទៅជាមួយនូវសំភារៈសម្រាប់ចៅរបស់គាត់ទេ។ ទៅដល់កន្លែងសុវត្ថិភាពថ្មី កិច្ចការដែលគាត់ត្រូវធ្វើមុនគេគឺរៀបចំអង្រឹងអោយចៅដេក។ ការរស់នៅក្នុងព្រៃទាំងការភ័យខ្លាចស៊ីអត់ស៊ីឃ្លាន និងការរត់លូនគេចចេញពីការតាមកាប់សម្លាប់របស់ពួកប៉ុល ពត បានបន្តរហូតថ្ងៃដល់ថ្ងៃជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលថ្ងៃដួលរលំនៃរបបប្រល័យពូជសាសន៌ប៉ុល ពត និងជាថ្ងៃនៃការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។

ខ្ញុំសូមបញ្ជាក់ជូន ថាអ្វីដែលខ្ញុំសសេររៀបរាប់អំពីភរិយាខ្ញុំនិងកូនខ្ញុំកាលពីថ្ងៃទី ២០មិថុនា ១៩៧៧ ដែលជាថ្ងៃបែកគ្នារហូតដល់ថ្ងៃជួបគ្នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ ១៩៧៩ គឺបានមកពីការរៀបរាប់របស់ភរិយាខ្ញុំតែប៉ុណ្ណោះ។ ព្រោះតាំងពីពេលបែកគ្នានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកដល់ពេលបានជួបគ្នាវិញខ្ញុំមិនដែលបានទទួលព័ត៌មានពីភរិយាខ្ញុំទេ។ ហើយប្រសិនជាទទួលបានវិញសុទ្ធតែបញ្ជាក់ថាភរិយាខ្ញុំបានស្លាប់ទៅហើយ។ បន្ទាប់ពីរំដោះប្រទេសចេញផុតពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើងនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ដែលមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ដែលក្នុងនោះខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ដែលអាចនិយាយបានថាជារដ្ឋមន្ត្រីការបទេសដែលវ័យក្មេងជាងគេលើពិភពលោកនេះ។ បន្ទាប់ពីបានមកបំពេញការងារនៅទីក្រុងភ្នំពេញនិងដោយមិនអាចស្វែងរកឃើញឬមានព័ត៌មានពីភរិយាខ្ញុំ កាន់តែធ្វើអោយជឿទៅលើព័ត៌មានដែលបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់ទៅហើយ។

ការរំដោះប្រទេសចេញផុតពីរបប ប៉ុល ពត គឺជាការរីករាយ តែវាមិនបានបញ្ចប់នូវទឹកភ្នែករបស់ខ្ញុំនៅឡើយ។ ខ្ញុំបានឃើញថ្នាក់ដឹកនាំផ្សេងទៀតក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលបានជួបជុំប្រពន្ធកូន ខ្ញុំចូលរួមសប្បាយរីករាយ ប៉ុន្តែមានតែខ្ញុំម្នាក់គត់ដែលនៅសម្រក់ទឹកភ្នែកមិនដឹងថាប្រពន្ធស្លាប់ឬរស់?។ ពុំមានដំណឹងទាល់តែសោះមិនថាតែភរិយាខ្ញុំទេសូម្បីតែព័ត៌មានពីឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ ក៏មិនមានព័ត៌មានដែរ គឺបាត់មួយពូជតែម្តង។ ពេលនោះថ្នាក់ដឹកនាំមួយចំនួនបានហៅខ្ញុំថាជារដ្ឋមន្ត្រីពោះម៉ាយ។ និយាយពីភរិយាខ្ញុំគាត់បានទទួលព័ត៌មានថាខ្ញុំនៅរស់និងមានឋានៈជារដ្ឋមន្ត្រីផងតែដើម្បីសុវត្ថិភាពទាំងភរិយាខ្ញុំ និងក្រុមគ្រួសារមិនទាន់បង្ហាញខ្លួននៅឡើយ ហើយក៏មិនទាន់វឹលត្រឡប់ទៅភូមិកំណើតវិញដែរព្រោះសភាពការណ៍នៅច្របូកច្របល់ខ្លាំងណាស់។ ពួកគាត់សុខចិត្តដេកតាមវាលស្រែ ក្រោមដើមឈើនិងដើររើសគួរស្រូវនៅស្រុកត្បូងឃ្មុំដើម្បីជិវិត។

 

គិតត្រឹមខែកុម្ភៈ ឆ្នាំ១៩៧៩ ម៉ាណែតកូនប្រុសខ្ញុំមានអាយុ១៦ ខែហើយគេចេះដើរ ចេះហៅម៉ែ យាយ តា អុំ ពូ មីង តែគេមិនចេះហៅពុកទេ ព្រោះគេមិនមានឪពុកហៅនឹងគេ។ ពេលថ្ងៃគេដើរនិងវាលេងតាមភ្លឺស្រែជាមួយនឹងការមើលថែរពីជីតារបស់គេ នៅពេលដែលម្តាយគេទៅរើសគួរស្រូវ។ សម្រាប់អ្នកដែលមិនស្គាល់គ្រួសារនេះបានសំគាល់ថារ៉ានីជាមេម៉ាយកូនមួយ។ ប្តីជារដ្ឋមន្ត្រី ឯប្រពន្ធនិងកូនដេកតាមព្រៃ និងវាលស្រែវាហាក់ជាការឆោតល្ងង់ តែបើមើលអោយស៊ីជម្រៅ គឺវាបង្ហាញនូវការឈ្លាសវៃមួយ ដែលខ្ញុំតែងចាត់ទុកថា រ៉ានី មានបញ្ញាគ្រប់គ្រាន់ដើម្បីឆ្លងកាត់នូវការលំបាកនេះតាំងពីពេលដែលខ្ញុំឃ្លាតចាកពីនាងទៅនាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ មកម្លេះ។ ការមិនមានដំណឹងយ៉ាងយូររហូតជិត២ខែដូច្នេះ បានចោទចេញជាសំនួរយ៉ាងច្រើនសម្រាប់ខ្ញុំថាតើរ៉ានីនៅរស់ឬស្លាប់? បើស្លាប់តើនាងស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺ ឬស្លាប់ដោយគេយកទៅសម្លាប់? ប្រសិនបើគាត់ស្លាប់ តើស្លាប់មុនពេលសម្រាកកូនឬស្លាប់ទាំងមានផ្ទៃពោះ? ប្រសិនស្លាប់ក្រោយសម្រាលកូនតើកូនខ្ញុំនៅរស់ឬស្លាប់? ប្រសិននៅរស់តើកូននេះប្រុសឬស្រីនិងកំពុងនៅទីណា?។ល។ សំនួរចាក់ស្រេះដែលសំនួរទាំងនេះបង្កើតអោយមានការឈឺចាប់និងទឹកភ្នែកហូរមកជារៀងរាល់យប់ថ្ងៃសម្រាប់រូបខ្ញុំ។ ប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ រ៉ានី នៅម្ខាងព្រែកដែលខ័ណ្ឌដោយទឹកជ្រៅ កណ្តាលព្រែកដែលរ៉ានីនៅត្រើយម្ខាងនៃឃុំរកាខ្នុរ ស្រុកកំណើតរបស់នាង ឯខ្ញុំនៅត្រើយខាង ឃុំជំនីក ស្រុកក្រូចឆ្នា ដែលមានទីតាំងសាលារៀនដែលនាងធ្លាប់រៀនពីក្មេង។ ខ្ញុំកំពុងទៅរកទូកដើម្បីឆ្លងទៅរកនាងស្រាប់តែនាឡិការោទិ៍ឡើងដាច់យល់សប្តិអស់។ខ្ញុំក្រោកឡើងអង្គុយយំនិងមិនអាចស្វែងយល់ពីការយល់សប្តិនេះបានដែរ។ ល្ងាចថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៧៩ ពេលខ្ញុំកំពុងធ្វើការនៅក្រសួងការទេស ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានជិះរថយន្តទៅដល់ ហើយប្រាប់ខ្ញុំថាប្រពន្ធ កូន និងប្អូនស្រីខ្ញុំ មកដល់ផ្ទះហើយ។ ឮគាត់ប្រាប់ដូច្នេះ ខ្ញុំមិនជឿតែម្តង ព្រោះរឿងនេះធ្លាប់កើត២លើករួចមកហើយ។ លើកទី១នៅផ្ទះខ្ញុំនៅក្បែរវិមានឯករាជ្យ មានស្រីចំណាស់ម្នាក់បានដើរចូលមកផ្ទះខ្ញុំ ពេលក្រឡេកឃើញគាត់ ខ្ញុំក៏សួរថា អុំស្រីអញ្ជើញទៅណា? គាត់បានឆ្លើយដោយការគួរសមថា មករកតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រាប់បន្ថែមថាគាត់ជាប្រពន្ធរបស់តារដ្ឋមន្ត្រីការបទេស។ គាត់អោយខ្ញុំទៅហៅប្តីគាត់មកជួបជាមួយគាត់។ ឮដូច្នេះខ្ញុំក៏ជំរាបគាត់ថា ខ្ញុំហ្នឹងហើយជារដ្ឋមន្ត្រីការបរទេស។ គាត់បង្ហាញអាការៈងឿងឆ្ងល់ តែក្រោយការពន្យល់ថាគ្រាន់តែឈ្មោះដូចគ្នា គាត់ក៏លាចេញទៅ តែមុននឹងគាត់ចេញទៅ ខ្ញុំបានអោយអ្នកការពារទៅយកចេកស្ងោរប្រហែល៥ផ្លែជូនទៅគាត់។ ពេលនោះរបបរបស់ខ្ញុំមានស្បៀងតែ១៦គីឡូទេគឺ អង្ករ១០គីឡូនិងពោត៦គីឡូ។ ពេលទទួលទានមិនគ្រាន់ ខ្ញុំទៅកាប់ចេកក្រោយផ្ទះយកមកស្ងោឬលាយជាមួយអង្ករដាំបាយ។ ខ្ញុំមិនបានអញ្ជើញគាត់ចូលក្នុងផ្ទះទេ ដោយក្នុងផ្ទះក្តៅ ហើយធំក្លិនអាក្រក់ និងមិនមានសាឡុងឬកៅអីអង្គុយទេ ព្រោះខ្ញុំទើបរើចេញពីដំណាក់ច័ន្ទព្រះបរមរាជវាំងមកនៅផ្ទះនេះបាន៣ថ្ងៃប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ថ្នាក់ដឹកនាំសំខាន់ៗទាំងអស់ត្រូវនៅជុំគ្នាក្នុងព្រះរាជវាំង ដើម្បីងាយស្រួលការពារ។ ប្រហែល២សប្តាហ៍ក្រោយ ទើប ឯកឧត្តម វ៉ាន់ សន ដែលជាប្រធាន គណៈចាត់តាំងបក្ស និងជាលេខាបក្សក្រុងភ្នំពេញនាពេលនោះ រៀបចំរើសផ្ទះអោយមួយម្នាក់ ដែលខ្ញុំនៅផ្ទះសព្វថ្ងៃជាប់ផ្ទះសម្តេច ហេង សំរិន។ ការភ័ណ្ឌច្រឡំបានកើតឡើងជាលើកទី២ គឺនៅទីស្តីការក្រសួងការទេស មានស្ត្រីម្នាក់ទៀតបានទៅរកប្តីគាត់ ដែលគាត់ប្រាប់ថា គាត់ជាប្រពន្ធរដ្ឋមន្ត្រីការបរទេសឈ្មោះ សែន។ គាត់បានសុំអោយខ្ញុំនាំគាត់ទៅជួបប្តីគាត់។ ខ្ញុំបាននិយាយយ៉ាងសុភាពទៅកាន់គាត់ថាអ្នកមីង ខ្ញុំហ្នឹងហើយជា រដ្ឋមន្ត្រីការបរទេស។ ព្រះអើយ ខ្លាំងជាងកប៉ាល់ភ្លើងទៅទៀត គាត់ស្រែកជេរខ្ញុំថា អាក្មេងឈ្លើយ ហ៊ានបន្លំខ្លួនជារដ្ឋមន្ត្រីផង។ គាត់ស្រែកឡូឡាផ្អើលមនុស្សពេញក្រសួង។ ដោយមិនចង់តបតជាមួយគាត់ ខ្ញុំបានបើកទ្វាឡាន បើកចេញមកតែម្នាក់ឯង ចោលអ្នកបើកបរនិងអង្គរក្ស។ សុំទោសអ្នកមីង ប្រសិនបើអ្នកមីងនៅរស់ ហើយឃើញអត្ថបទនេះ សូមកុំខឹង ព្រោះមនុស្សម្នាក់ដែលអ្នកមីងជេរថាអាក្មេងឈ្លើយហ៊ានបន្លំខ្លួនជារដ្ឋមន្ត្រី គឺជារដ្ឋមន្ត្រីពិត រីឯប្តីរបស់អ្នកមីង គ្រាន់តែមានឈ្មោះសែន ដូចខ្ញុំតែប៉ុណ្ណោះ។ ដោយសារតែមានរឿងកើតឡើងនូវការភ័ណ្ឌច្រឡំរហូត២ដងយ៉ាងដូច្នេះ ទើបខ្ញុំមិនជឿលើការប្រាប់របស់រដ្ឋមន្ត្រី នូ បេង ថាប្រពន្ធកូនខ្ញុំដល់ផ្ទះ តែពេលនោះម៉ោងប្រមាណជិត ៥ល្ងាចទៅហើយ ខ្ញុំក៏ត្រឡប់មកផ្ទះ។ ពិតជារំភើបចិត្តខ្លាំងណាស់ ពេលចុះពីលើឡានក្រឡេកឃើញ រ៉ានី ស៊ីណាត ប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ រ៉ានី ប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង។ ខ្ញុំខំទៅចាប់កូន តែកូននេះបែជារត់គេច ហើយស្រែកយំថាអត់ទេពូ និងរត់ទៅឱបម្តាយរបស់គេទៅវិញ។ ម៉ា ណែត បានហៅខ្ញុំថាពូរយៈពេល២ខែ។ នៅពេលដែល ម៉ា ណែត ព្រមហៅខ្ញុំថាពុក ខ្ញុំមានរឿងអកុសលកើតឡើងជាថ្មីម្តងទៀត នោះគឺភរិយាខ្ញុំរលូតកូនដោយសារការយូរទឹកពីក្រោមផ្ទះឡើងលើផ្ទះ ដែលការងារនេះខ្ញុំធ្លាប់ធ្វើពីមុនមក តែដោយប្រញាប់ទៅធ្វើការគឺមិនបានដងទឹកពីក្រោមយកមកលើផ្ទះ ភរិយាខ្ញុំត្រូវធ្វើដោយខ្លួនឯង ដែលជាមូលហេតុនាំអោយកូននេះរលូតតែម្តង។ នៅភ្នំពេញពេលនោះ គ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចពេលនេះទេ។ យើងត្រូវរកធុងទឹកអូសទឹកពីទន្លេមកដាក់ពាងអុងនៅក្រោមផ្ទះ ហើយទើបយកប៉ោតរែក ឬយូរឡើងទៅលើផ្ទះ។ បងប្អូនអ្នកអានដែលបានអានពីខាងលើមក បានឃើញនូវចំណុចទាក់ទងដល់ឪពុកក្មេកខ្ញុំ ដែលមើលថែទាំ ម៉ាណែត ជាចៅប្រុសទីមួយរបស់គាត់។ តែជិត៤០ឆ្នាំ កន្លងមកនេះ គាត់មិនដែលបង្ហាញខ្លួនជាមួយម្តាយក្មេកខ្ញុំ និងក្នុងគ្រួសារនេះទេ តើគាត់ទៅណា? គ្រួសាររបស់ខ្ញុំពិតជាបាត់បង់ធំធេងណាស់ក្រៅពីបាត់បង់កូនក្នុងរបប ប៉ុល ពត និងក្រោយរបបប៉ុល ពត យើងនៅបាត់បង់ឪពុកក្មេកដែលជាឪពុកបង្កើតរបស់ភរិយាខ្ញុំ និងជាជីតារបស់កូនៗខ្ញុំទៀតផង។ សោកនាដកម្មបានកើតឡើងសារជាថ្មីម្តងទៀតក្នុងខែកក្កដា ឆ្នាំ១៩៨០ នោះគឺពួកប៉ុល ពត បានទៅបាញ់សម្លាប់គាត់ដល់លើផ្ទះនៅ ភូមិរការខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា តែម្តង។គាត់ទទួលមរណៈភាពយ៉ាងវេទនា ដោយពុំមានកូនចៅទៅទាន់ដង្ហើមចុងក្រោយរបស់គាត់ឡើយ។ អាចចោទជាសំនួរមកកាន់ខ្ញុំថាហេតុអ្វីមិនយកគាត់មកនៅភ្នំពេញជាមួយ។ ខ្ញុំ និងភរិយា ខិតខំជាមួយឪពុកម្តាយក្មេកខ្ញុំដោយអញ្ជើញគាត់មកនៅភ្នំពេញជាមួយ តែគាត់បានផ្តល់ហេតុផលថា នៅភ្នំពេញមានកូនតែម្នាក់ ចំណែកនៅស្រុកមានកូនដល់៣នាក់ មានដី មានផ្ទះ ត្រូវបង្កបង្កើនផល និងថែរទាំផ្ទះសម្បែងដែលជាកន្លែងរស់នៅតាំងពីដូនតា។ ទោះបីជាមានហេតុផលយ៉ាងណាក៏ដោយ ក៏នេះជាកំហុសរបស់ខ្ញុំដែលមិនអាចការពារជីវិតរបស់ឪពុកក្មេកបាន ក្នុងពេលដែលខ្លួនស្ថិតក្នុងតំណែងដឹកនាំប្រទេស។ ខ្ញុំសរសេរនាពេលនេះ បន្ទាប់ពីសភាពការណ៍បានកន្លងហួសជាង៤០ឆ្នាំពីក្រមុំ កម្លោះមកជាជីដូន ជីតាដែលមានចៅរហូត២០នាក់ និងមួយចំនួនពេញកម្លោះ ពេញក្រមុំ ចូលសិក្សានៅមហាវិទ្យាល័យនិងវិទ្យាល័យរួចទៅហើយ។ នេះហើយដែលហៅថា (គូរព្រេងមិនព្រាត់)។ អត្ថបទនេះអាចនៅមានបន្ថែមឬកែលំអរនូវចំណុចខ្វះខាតខ្លះទៀត នៅពេលដែលខ្ញុំពិនិត្យឃើញថាមានការចាំបាច់បន្ថែមឬកែលំអរ។

សង្ឃឹមថាអត្ថបទនេះ នឹងបានជាជំនួយស្មារតីសម្រាប់អ្នកដែលចង់យល់ដឹងនៃដំណើរជីវិតតរបស់ខ្ញុំ និងភរិយា។
សូមអរគុណ