បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖

១)ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ២)សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ៣)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ២៥លានដុល្លាអាមេរិកសម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។ ៤)ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលចុះហត្ថលេខាដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ៥)ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ បន្ទាប់ពីពិធីចុះហត្ថលេខារួច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម ង្វៀង ហ៊្វូជុង (Nguyen Phu Trong)ប្រមុខរដ្ឋវៀតណាម បានអញ្ជើញលៀងសាយភោជន៍រួមគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រកបដោយក្ដីរីករាយ និងស្និទ្ធស្នាលក្រៃលែង៕