កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ ជួបហើយព្រាត់ និង ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។

 

ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។

ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។

ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។

ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ រ៉ានី ហាក់ដូចរឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។

ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតអោយខ្ញុំយក រ៉ានី ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់(ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក រ៉ានី មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់រ៉ានី ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើងនិងឈានដល់ស្លាប់មិនខាន។

ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ រ៉ានី ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ និងបំរើ រ៉ានី ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។

ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ រ៉ានី លើសពីមួយសប្តាហ៏ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើងតើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ឋកើតឡើង។ ខ្ញុំបានទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង៣០គីឡូម៉ែត្រ។

បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប រ៉ានី ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។

មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល២រសៀល បន្ទាប់ពីបញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។ ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។ រឿងដែលពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។

ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល៤ល្ងាច បន្ទាប់ពីប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន(ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅអោយភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។

សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅពេលយុទ្ធជន៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង៣នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។

ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២លើករួចមកហើយ។លើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារ៉ុងសូត្រគឺនឹងមានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។

ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។

តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញគឺសុទ្ឋតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ រ៉ានីភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក រ៉ានី ស្រាប់តែនាឡិកា រោទ៍ឡើងនៅម៉ោង៥ភ្លឺ ធ្វើអោយខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានីនៅរស់ឬស្លាប់។

ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺឬស្លាប់ដោយគេសម្លាប់? ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់? ឬស្លាប់ទាំងមានផ្ទៃពោះ? ប្រសិនកូនខ្ញុំកើតហើយតើគេប្រុសឬស្រី? តើគេនៅរស់ឬស្លាប់?ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា? សំនួរជាច្រើនបានធ្វើអោយខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។

ល្ងាចថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន២លើករួចមកហើយ។ លើកទី១មានស្ត្រីអាយុប្រហែលម្តាយ ខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំហ្ណឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើយ ខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ រ៉ានី ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក តែដើម្បីសេចក្តីសុខ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយះទៀត។ ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ រ៉ានី
មានឈ្មោះថាជាមេម៉ាយកូន១។

ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត២ខែនេះរលូត។ សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។សូមកុំអោយរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត៕