នៅព្រឹកថ្ងៃព្រហស្ប៍ ១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប លោកជំទាវ Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព។

លោកជំទាវ Paun Maharani បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ឋខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានបន្សល់ទុកដោយ ស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ និងពេញចិត្តបំផុតចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធមពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ឋខួបទំនាក់ទំនងការទូតនេះ។ លោកជំទាវ ក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរថាការជ្រើសរើសយកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ឋខួប គឺកាលពី ៦០ ឆ្នាំមុន ដែលត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ១៩៥៩ ដែលប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការនី ចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។ វត្តមានរបស់លោកជំទាវ គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ និងល្អប្រសើរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកអំពីស្នាដៃនៃថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំកសាងបន្សល់ទុកនូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំង២ ហើយបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗ ដែលមានរយៈពេលជាង ៦០ ឆ្នាំមកនេះ ហើយដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ីកន្លង ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ី បានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ។ ក្រៅពីនោះ គឺប្រទេសឥណ្ឌូនេស៊ីបានរួមចំណែកបញ្ជូនទ័ពមកការពារសន្តិភាពនៅកម្ពុជាក្នុងកំឡុងពេលរៀបចំការបោះឆ្នោតដែលរៀបចំគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (UNTAC)កាលពីឆ្នាំ ១៩៩៣ ព្រមទាំងជំនួយក្នុងការហ្វឹកហាត់ និងអភិវឌ្ឍធនធានមនុស្ស និងធនធានកងទ័ពនៅកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំភាគីឥណ្ឌូនេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្តនិងជំរុញនូវទំនាក់ទំនងកាន់អោយកាន់តែជិតស្និទ្ឋល្អរប្រសើរវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៍ជាដើម។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ភាគី ឥណ្ឌូនេស៊ី បើកអោយមានការហោះហើរដោយត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ីដើម្បីទាក់ទាញភ្ញៀវទេសចរ ពាណិជ្ជករ និងវិនិយោគគិនសម្រាប់ប្រទេសទាំងពីរ៕