ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។ ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ

គឺទន្ទឹមនឹងកម្ពុជាយើងកំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏កំពុងមានសង្រ្គាមបំផ្លាញគ្រប់យ៉ាង ហើយពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។ កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវអោយមានអ្វីមករំខានដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ប្រទេសជាតិដែលមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយគ្រប់ៗរូប៕