នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ខឺឈាង។ ឯកឧត្តម លី ខឺឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ

ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនាកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦របស់សម្តេចតេជោ ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា ឯកឧត្តមបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះមិនត្រឹមតែជាដំណើរទស្សនកិច្ចផ្លូវការនោះទេ តែក៏បានចូលរួមប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមបានជំរុញនូវកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ក្នុងជំនួបនេះសម្តេចនាយករដ្ឋមន្ត្រី បានចោទសួរនាយករដ្ឋមន្ត្រីថា តើឆ្នាំ២០១៩នេះ មានមេដឹកនាំប្រទេសណាមកទស្សនកិច្ចនៅក្នុងប្រទេសចិនហើយឬនៅ? ឆ្លើយតបសំណួរនេះ ឯកឧត្តម លី ខឺឈាង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមបានឃើញទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើន និងវិវឌ្ឍន៍យ៉ាងច្រើន ហើយបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ ឯកឧត្តមបានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។ កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តម លី ខឺឈាង ដែលបានទទួលសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាប ឯកឧត្តមនាយករដ្ឋមន្ត្រីចិន ពីស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើនប្រមាណ ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។ ពេលនេះកម្ពុជាបាននឹងកំពុងបន្តអនុវត្តន៍នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តមប្រធានាធីបតី ស៊ី ជីនពីង កាលពីម្សិលមិញនេះ គឺការផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ សម្តេចតេជោថា ការបង្កើនកូតានេះ គឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានគម្រោងជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធនាគារចិនអាចគាំទ្រផ្នែកហិរញ្ញប្បទាន។ សម្តេចតេជោ មានប្រសាសន៍ថា ការគាំទ្រដល់គម្រោងនោះ គឺជានាំមកនូវប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោរំពឹងប្រទេសទាំងពីរ នឹងមានគម្រោងជាច្រើនទៀតស្ថិតនៅក្នុងក្របខណ្ឌនៃគំណិតផ្តួចផ្តើមខ្សែក្រវាង់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវគម្រោង៦សំខាន់ៗពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី។ សម្តេចតេជោ ស្នើឲ្យចិនគាំទ្រគម្រោងសំខាន់ៗទាំង៦នេះ។ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរី សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីទាំងពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យចិន បន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយសម្តេចក៏បានស្នើឲ្យចិនបន្តជួយលើវិស័យនេះបន្ថែមទៀត។ សម្តេចតេជោ បានស្នើចិនជួយជួសជុលប្រាសាទបុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុចំនួន៣លើកនៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណឯកឧត្តម លី ខឺឈាង ចំពោះការផ្តល់ជំនួយ ៨៤០លានយ័នសម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។ សម្តេចតេជោ បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរសម្រាប់ការគ្រង់គ្រងសន្តិសុខ។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញឯកឧត្តម លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀត កម្ពុជា និងចិន អាចបន្តសហការគ្នា។ ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យកម្ពុជា និងចិនបន្តប្រើប្រាស់យន្តការដែលមានរួមមានយន្តទ្វេភាគី និងយន្តការតំបន់។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានលើកឡើងដែរថា ឯកឧត្តមនឹងរកពេលវេលាសមស្របណាមួយនឹងបំពេញទស្សនកិច្ចនៅកម្ពុជា៕