នៅព្រឹកថ្ងៃទី២២ មករា ដែលជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ដែលវេទិកានេះ

គឺមានចូលរួមពីឯកឧត្តម ហ៊ូ ឈុនហ៊័រ (Hu Chun Hau) ឧបនាយករដ្ឋមន្រ្តីចិន លោកជំទាវ កាវ យ៉ាន (Gao Yan) និងប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន អ្នកធុរកិច្ច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៧០០នាក់។ នៅក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ចិន នោះដែរ លោកជំទាវ កាវយ៉ាង ប្រធានក្រុមប្រឹក្សាជំរុញអន្តរជាតិចិន និងឯកឧត្តមអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន មានប្រសាសន៍សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបើកវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា ចិន នៅទីក្រុងប៉េកាំងប្រទេសចិន ដែលនេះគឺជាឱកាសដ៏ល្អ និង ផ្តល់នូវភាពជឿជាក់សម្រាប់អ្នកវិនិយោគទុនចិន និងអ្នកវិនិយោគបរទេសដទៃទៀត ក្នុងការមកបណ្តាក់ទុកវិនិយោគ ក្នុងប្រទេសកម្ពុជា។ ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកា ស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងពាណិជ្ជកម្មចិន ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង បន្ទាប់ពីប្រទេសយើងទាំងពីរ ទើបតែប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត កាលពីពេលកន្លងទៅថ្មីៗនេះ។ សុន្ទរកថាគន្លឹះរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដែរថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមអបអរសាទរចំពោះ រដ្ឋាភិបាលចិន ក្នុងឱកាសខួបលើកទី៤០ នៃកំណែទំរង់ និងការបើកទូលាយ របស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឲ្យប្រទេសចិនសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងសកលលោក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការដាក់ចេញ និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ឯកឧត្តម ស៊ី ជីនពីង សំដៅបង្កើនភាពតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាដៃគូ។ សុន្ទរកថាគន្លឹះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនគួរជាទីមោទនៈ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន ប្រមាណ ៦ប៊ីលានដុល្លា ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កាដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញ នូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនិងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជា នូវប្រព្រឹត្តកម្មមិនជាប់ពន្ធគយគ្រប់ដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធ គយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យ ពាណិជ្ជកម្ម។ ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លា កើនប្រមាណ៧% បៀបនិងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ី លានដុល្លា ស្មើនិង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧។ បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គម ជាមួយនិងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាន នូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ នឹងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍ គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ច ថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ីសង្វាក់គ្នា ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ សម្តេចតេជោសង្កត់ធ្ងន់ថា សម្តេចបានសម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពុងផែសមុទ្រ តំបន់ សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។ សម្តេចបន្តថា ការសម្រេចបែបនេះ គឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរ នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង ពីវិធានការមុតស្រួច និងជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះទី១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ ទី៣កម្លាំងពលកម្មដែលមានភាពសំបូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង ទី៤កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជារោងចក្រនៃអាស៊ី។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥ កម្ពុជា ចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ៕