នៅព្រឹកថ្ងៃទី២១ មករា ដដែលនេះដែរ បន្ទាប់ពីបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគ សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation CRBC)រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន ដែលដឹកនាំដោយ លោក ស៊ូ ស៊ីវេ (Xu Siwei)

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិស្វកម្មនិងដែកថែបចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅ Diaoyutai State Guesthouse ទីក្រុងប៉េកាំង។ លោក ស៊ូ ស៊ីវេ (Xu Siwei) បានគោរពរាយការណ៍ជូន សម្តេចតេជោ អំពីគម្រោងដែរក្រុមហ៊ុនរបស់លោក កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាក្នុងការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធទៅនិងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាផងដែរ ដោយឈរលើនយោបាយបើកចំហររបស់ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ក្នុងការមកបណ្តាក់ទុនកសាងនិងអភិវឌ្ឍន៍ប្រទេស។ ក្រុមហ៊ុនមានទំនុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើអោយប្រទេសមានសុខសន្តិភាព ស្ថិរភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយទន្ទឹមនឹងនេះដែរ គឺប្រទេសចិននិងកម្ពុជាមានទំនាក់ទំនងទ្វេភាគីល្អដូចជាបងប្អូនទៀតផង។ ក្រុមហ៊ុនលោកក៏មានគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីជំរុញនិងលើកកម្ពុស់ប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជាអោយកាន់តែមានគុណភាព និងល្បឿនលឿនជាងមុន។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយចំពោះក្រុមហ៊ុនចិនដែលមានជំនឿទុកចិត្តលើកម្ពុជា ហើយបានសម្រេចទៅវិនិយោគនៅទីនោះ។ សម្តេចតេជោ ក៏បានឯកភាពទៅនិងការស្នើសុំខាងលើ ព្រោះថាកម្ពុជាទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។ កម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគច្រើនថែមទៀតលើវិស័យបច្ចេកវិទ្យា៕