នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដដែលនេះ បន្ទាប់បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Takuji Yanagimoto សមាជិកព្រឹទ្ធសភាជប៉ុន និងសហប្រតិភូជប៉ុន រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ លោក

Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី។ លោក Ilyas បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតចំពោះរូបលោកផ្ទាល់ ក៏ដូចជាប្រតិភូជាន់ខ្ពស់របស់លោកដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កាលពីថ្ងៃម្សិលមិញនេះ។ លោក Ilyas បានអបអរសាទរយ៉ាងខ្លាំងចំពោះការរៀបចំវេទិការ (APPF-27) និង ការប្រកាសបើក ក្រុមប្រឹក្សា (ACC) នៅលើទឹកដីកម្ពុជាជាលើកដំបូង។ ទន្ទឹមនឹងនេះ លោក Ilyas បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោថា នៅប្រទេសរុស្ស៊ីឆ្នាំនេះចាត់ទុកថាជាឆ្នាំនៃវប្បធម៌របស់កម្ពុជា ដែលប្រតិភូជាន់ខ្ពស់របស់លោកទាំងអស់នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ឆ្នាំនៃវប្បធម៌កម្ពុជានៅប្រទេសរុស្ស៊ីឆ្នាំនេះទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អ ព្រោះប្រទេសយើងទាំងពីរធ្លាប់មានប្រវត្តិទាក់ទំនងជាយូរមកហើយ។ ទន្ទឹមនឹងនេះ លោក Ilyas បានជម្រាបផងដែរថា ក្រោយពេលដែលសម្តេចតេជោ អញ្ជើញជួបមេដឹកនាំរុស្សីកាលពីខែ តុលាក្នុងឆ្នាំកន្លងទៅ គឺបានរិតបន្តឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជារុស្សីកាន់តែល្អរឹងមាំឡើង។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Ilyas និងប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកា APPF-27 និងព្រឹក្តិការណ៍ ACC កាលពីថ្ងៃម្សិលមិញនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានបង្កើតឡើងនេះ ក៏ត្រូវបានទទួលស្គាល់ជាសកលដោយអង្គការយូណេស្កូ(UNESCO)ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តជាយូរមកហើយ ជាពិសេសមិត្តរុស្ស៊ីបានជួយដល់កម្ពុជានៅពេលដែលប្រទេសយើងជួបការលំបាកបំផុតក្រោយពីទើបរំដោះប្រទេសចេញរួចពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ជាងនេះទៅទៀត ប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម។ ទន្ទឹមនឹងនេះ មិត្តរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅប្រទេសរុស្ស៊ីផ្ទាល់ ដែលសព្វថ្ងៃនេះ បញ្ញវ័ន្តទាំងនោះបាននឹងកំពុងបំពេញការងារនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ី ដែលបានជួយដល់កម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ សម្តេចតេជោ បានជូនពរ លោក Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី និងគណប្រតិភូទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចពេលអញ្ជើញវិលត្រឡប់ទៅប្រទេសរុស្សីវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ លោកប្រធានាធិបតីរុស្សី Vladimir Putin ផងដែរ៕