នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយលោក Takuji Yanagimoto

សមាជិកព្រឹទ្ធសភាជប៉ុន និងសហប្រតិភូជប៉ុន។ លោក Takuji បានគោរពថ្លែងអំណរគុណជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដល់ប្រតិភូជាន់ខ្ពស់របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ។ លោក Takuji បានសំដែងនូវការអបអរសាទរចំពោះជោគជ័យដែលទទួលបានក្នុងការរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ APPF-27 នៅទីក្រុងសៀមរាប។ លោក Takuji បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកបានកត់សម្គាល់ឃើញថានៅពេលនេះអ្នកវិនិយោគជប៉ុនក៏បានចាប់ផ្ដើមមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនៗ ពិសេសប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក៏មានទំនាក់ទំនងកាន់តែល្អផងដែរ។ ជាងនេះទៅទៀត ចំពោះសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងលឿន ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់កម្ពុជា។ លោក Takuji ក៏បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា ប្រទេសជប៉ុននឹងបន្តគាំទ្រ និងជួយដល់កម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ លោក Takuji និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ វេទិការ APPF-27 នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្ថែមទៀថា ប្រទេសជប៉ុនបានដើរតួនាទីសំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា និងបានបញ្ជូនកងកម្លាំងជាលើកដំបូងជួយដល់ប្រទេសកម្ពុជា។ ជាទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ៕