នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី

និងសហប្រធានកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី Asia Cultural Council នៅសណ្ឋាគារ Lotus Blanc ខេត្តសៀមរាប។ លោក Jusuf Kalla បានសំដែងនូវសេចក្តីរីករាយអបអរសាទរ ចំពោះកម្ពុជា ដែលបានរៀបចំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចម្សិលមិញនេះ។ លោក Jusuf បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់របស់លោក។ លោក Jusuf បានមានប្រសាសន៍ថា កាដឹកនាំគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រម្ពុជានាពេលេនះ គឺដើម្បីចូលរួមក្នុងកម្មវិធីវេទិកា APPF-២៧ និងអបអរសាទរ ការប្រកាសជាផ្លូវការកម្ពុជាជាសមាជិក ក្រុមប្រឹក្សា ACC ពិសេសដើម្បីមកសិក្សាស្វែងយល់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ នេះគឺជាសកម្មភាពមួយដែលបានឆ្លុះបញ្ចាំងពីការចូលរួមធ្វើយ៉ាងណារក្សា និងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជានិងឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្នុងវេទិការ APPF-២៧ និងចូលរួមអបអរសាទរក្នុងការប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រវាងប្រទេសយើងទាំងពីរ គឺមានទំនាក់ទំនងល្អជាយូរឆ្នាំមកហើយ។ កន្លងមកប្រទេសណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាពឲ្យកម្ពុជា ដែលពេលនោះឥណ្ឌូណេស៊ី បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី១ និង២ និងបានធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។ នៅក្នុងឱកាសនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់មួយចំនួនរួមទាំងសន្តិភាព ដែលកម្ពុជានិងឥណ្ឌូនេស៊ីអាចចូលរួមជួយបាន ព្រោះប្រទេសយើងទាំង២ក៏ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបញ្ហាជាច្រើន ដែលអាចយកបទពិសោធន៍ទាំងនោះទៅជួយប្រទេសដែលកំពុងមានបញ្ហាទាំងនោះ។ សម្តេចតេជោ ក៏បានស្នើសុំអោយពង្រឹងនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ និងខិតខំជំរុញទេសចរ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា ស្របពេលនឹងប្រទេសយើងដែលមានសក្តារនុពលខ្លាំង។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទក្ខ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo និងជូនពរគណប្រតិភូទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងពេលអញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញនៅថ្ងៃនេះ៕