សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Enda Patrick Kenny សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់។ លោក Enda បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក Dr.Haruhisa Handa ដែលបានអញ្ជើញរូបលោកមកចូលរួមក្នុងគម្រោងពាក់ព័ន្ធក្នុងវិស័យអប់រំ និងវិស័យដទៃទៀតនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក Enda បានគោរពស្នើរសុំ សម្តេចតេជោនាយករដ្ឋមន្ត្រីស្វែងយល់ពីទំនាក់ទំនងរវាងកម្ពុជា និងសហគម អឺរ៉ុប។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ នឹងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក Enda ដែលបានអញ្ជើញមកកម្ពុជាបានឃើញពីសភាពការណ៍ពិតនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែងអំណរគុណដល់ Dr. Haruhisa Handa ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំនេះ ជាពិសេសផ្តល់អាហារូបករណ៍យ៉ាងច្រើនឲ្យនិស្សិតកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យកម្ពុជា និងគម្រោងដទៃទៀតដែលលោកមាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ សារធារណរដ្ឋអៀកឡង់ដែលបានជួយដល់កម្ពុជាយើង ជាពិសេស បានផ្តល់ជំនួយក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសហគម អឺរ៉ុប សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនសង្ខេបដល់លោក Enda ដែលមកទល់ពេលនេះ គឺការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ៊ឺបបានឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់លោក Enda ផងដែរថា សហគមអឺរ៉ុប មិនគួរបន្តប្រព្រឹត្តិកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ ព្រះនរោត្តម សី ហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា។ ទី២) គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់។ ទី៣)គឺការប្រើប្រាស់ EBA មកគម្រាម កំហែង និងដាក់ទណ្ឌកម្មមកលើកម្ពុជា គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមបញ្ជូនសារនេះទៅតាម លោក Enda ដើម្បីជម្រាបនិងពន្យល់ដល់សហភាពអ៊ឺរ៉ុបអោយបានយល់អំពីសភាពការពិតនៃកម្ពុជា ដែលមានចំណុចខ្លះអាចនិយាយគ្នាបាន ចំណុចខ្លះអាចសម្រួលគ្នាបាន និងចំណុចខ្លះមិនធ្វើអាច។ លោក Enda បានកោតសរសើនិងពេញចិត្តចំពោះស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជា បច្ចុប្បន្នដែលមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងរង្វង់ ៧.៧% នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ លោក Enda បានគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្រិតសកលវិទ្យាល័យដល់យុវជនវ័យក្មេងអោយបានច្រើនប្រកបដោយគុណភាពដែលពួកគេជាអនាគតពិតប្រាកដរបស់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Enda និងជូនពរលោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជា ហើយសង្ឃឹមថានៅថ្ងៃណាមួយ ក្នុងពេលដែល សម្តេចអញ្ជើញទៅលេងចៅដែលកំពុងសិក្សានៅប្រទេសអង់គ្លេស សម្តេចនឹងឆ្លៀតឱកាសទៅលេងប្រទេសអៀកឡង់ជាមិនខាន៕