នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ មករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចួលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩)

យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧មករា ថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ឆ្នាំ ២០១៩ដែលខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា គឺបានធ្វើយ៉ាងមហោឡារិកនៅស្តាអូឡាំពិកដោយមានរំលេចចេញជាផ្ទាំងទស្សនីយភាពសិល្បៈ ការរៀបចំឈរតម្រៀបគ្នាចេញទង់ជាតិកម្ពុជា ជារូបភាពព្រាបសន្តិភាព និងជាអក្សរពាក្យស្លោកនៃខ្លឹមសារសមិទ្ធិផលនានាដែលបានកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមើលទៅគឺរស់រវើកនិងទាក់ទាញពិធីទាំងមូលអោយកាន់តែអធិកអធមក្រៃលែង។ មុននឹងអញ្ជើញថ្លែងនូវសុន្ទកថា សម្តេចតេជោនាករដ្ឋមន្រ្តីក៏បានថ្វាយព្រះពរចំពោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសំរាប់កូនចៅ គ្រប់ៗជំនាន់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។ ស្របពេលជាមួយគ្នានេះដែរ គឺកម្ពុជាកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ កម្ពុជាបានខិតខំរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ គឺប្រទេសដែលគ្មានអ្វីសោះ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាសព្វថ្ងៃ ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៩នេះ កម្ពុជាកំពុងដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន, ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ, និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ និងប្រទេសជាមិត្តទាំងអស់ ដែលកន្លងមកតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយអោយបាននៅគង់វង្សស្ថិតស្ថិរដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់។ មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រិ បានព្រគេនពរដល់ព្រះសង្ឈ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន។ ក្នុងឱកាសនៃថ្ងៃដ៏មហោឡារិកនៃខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ថ្ងៃនេះ គឺមានការដង្ហែរក្បួនព្យុះហយាត្រាមកពីរាជធានី ខេត្ត ក្រុងទាំង២៥ ដែលបង្ហាញពីភាពរុងរឿងនិងការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ មកនេះ។ នៅចុងបញ្ចប់នៃកម្មវិធី គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០ជាប្រវត្កិសាស្រ្តនេះ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនៈភាពក្រៃលែង៕