នៅរាត្រី ថ្ងៃច័ន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ នៅវិមាន ឈ្នះ ឈ្នះ ។

ពិធីអបអរសាទរ ចូលឆ្នាំសកលរាត្រីយប់នេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាលរដ្ឋយ៉ាងច្រើនកុះករ។ នៅក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ ដែលប្រព្រឹត្តិធ្វើឡើង នៅវិមាន អនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបានបង្ហាញពីអារម្មណ៍រីករាយគ្រប់ៗគ្នា។ ពិតណាស់សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំពិធីបុណ្យរំលឹកខួប២០ នៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងរយៈពេល២០ កន្លងមកនេះ។ កម្ពុជាទទួលបាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែលបានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាបមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅឆ្នាំ២០៣០ ខាងមុខនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនិងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងរាត្រីនៃពិធីឆ្លងឆ្នាំសកលនេះផងដែរ គឺមានកម្មវិធីសំខាន់ៗជាច្រើនដូចជា ការទទួលទានអាហារសាមគ្គី ការបង្ហាញឈុតឆាកសិល្បះទាក់ទងទៅនឹងប្រវត្តិនៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មានចម្រៀង និងការសម្តែង របស់សិល្បៈករល្បីៗ។ ជាមួយគ្នានោះ នៅក្នុងបរិវេណ វិមាន ឈ្នះ ឈ្នះ នេះផងដែរ ក៏មានការតាំងបង្ហាញពីស្តង់ពីព័រណ៌ ទំនិញផលិតផល និងម្ហូបអាហារផ្សេងៗច្រើន ក្នុងនោះក៏មានការតាំងបង្ហាញនូវសមទ្ធិផលរីកចម្រើនក្នុងរយៈ២០ របស់ក្រសួងស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ក៏មានការបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មានក្នុងរយៈពេល១ម៉ោង ក្នុងបរិយាកាសរីករាយក្រៃលែង។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខរបរ និងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឱកាសឆ្នាំថ្មី ២០១៩ នេះ៕