នៅព្រឹកមិញនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជារួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តទទួលជួបពិភាក្សាការងារជាមួយ លោក ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារប្រទេសវៀតណាម។

លោកជំនួបនោះ លោក Ngo Xuanlich សំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានទទួលជោគជ័យពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀតដែលកម្ពុជាទទួលបានក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក Ngo Xuanlich បានគោរពជម្រាបជូនសម្ដេចតេជោពីជំនួបនិងកិច្ចព្រមព្រៀងជាមួយសម្ដេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជំនួបនោះភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលទទួលបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមានកិច្ចការពង្រឹងសមត្ថភាពកងទ័ព និងកងទ័ពកិច្ចសហប្រតិបត្តិការក្នុងការសង្គ្រោះនៅពេលមានគ្រោះមហន្តរាយដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ លោក Ngo Xuanlich ក៏បានបញ្ជាក់ឱ្យដឹងថាប្រទេសវៀតណាមបានផ្តល់ថវិកាចំនួន១០លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយធ្វើការសាងសង់នូវអគារទីស្តីការក្រសួងការពារជាតិកម្ពុជាផងដែរ។ ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីសំដែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សា និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាមហើយក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតហើយក៏បានផ្តល់អនុសាសន៍ដល់លោក Ngo Xuanlich ផងដែរថាពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនោះគួរគប្បីណាកំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែងថាទីតាំងណាដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះដោយសារភ្លើងឆេះព្រៃ និងទីតាំងណាដែលរងគ្រោះដោយសារជម្ងឺរាតត្បាតដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលកើតឡើងទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។ សម្តេចតេជោនាយកតដ្ឋមន្ត្រីក៏ក៏បានអរគុណដល់ភាគីវៀតណាមដែលបានផ្តល់ថវិកាជួយកសាងអគារក្រសួងការពារជាតិផងដែរ និងជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជូនពរចំពោះ លោក Ngo Xuanlich អោយទទួលបានជោគជ័យឆ្នាំថ្មីឆ្នាំសាកលដែលឈានចូលក្នុងពេលខាងមុខ៕