នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១៥,៦០៦ នាក់

មកពីរោងចក្រសហគ្រាសចំនួន២២ ដែលមកពីខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅ ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤, កូរ៉េចំនួន១ និងខ្មែរចំនួន៧ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន៤, ផលិតកេសកាតុងចំនួន២, ផលិតផ្លែសន្ទូចចំនួន១, ផលិតអំពូលភ្លើងចំនួន១, ផលិតនំចំនួន១, ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួន៣ ហើយផលិតដែលផលិតបានត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់ក្នុងស្រុក។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានបន្តអញ្ជើញជួបកូនក្មួយកម្មករកម្មការិនីជាថ្មីម្តងទៀតនៅក្នុងខេត្តកណ្តាល។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅសល់តែ៦ថ្ងៃទៀតតែប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ដែលពេលនោះប្រាក់ខែរបស់កូនក្មួយកម្មករ កម្មការិនីយើងនឹងត្រូវតម្លើងពី១៧០ដុល្លារ ទៅ១៨២ដុល្លារ បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់កម្មករកម្មការិនីយើងកាន់តែមានភាពល្អប្រសើរ។ ជាពិសេសទៅទៀតនោះ នៅឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការបើកប្រាក់២ដងក្នុង១ខែ ដល់កម្មករកម្មការិនី និងមន្ត្រីរាជការទាំងអស់ ដែលនឹងធ្វើអោយពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការទទួលបានប្រាក់យកមកដោះស្រាយទៅតាមតម្រូវការជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលបានចូលរួមក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណផងដែរចំពោះប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកម្មករកម្មការិនីដែលបានចូលរួមថែរក្សាសន្តិភាពទុកជាអចិន្ត្រៃ តាមរយៈការបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថានៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជានឹងរៀបចំសម្ពោធវិមានឈ្នះឈ្នះ ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេ។ វិមានឈ្នះឈ្នះ នេះ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម ស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដែលពេលនោះរាជរដ្ឋាភិបាលបានប្រើដៃម្ខាងដោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល និងដៃម្ខាងទៀតខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនដែលពេលនេះយើងទទួលបានសុខសន្តិភាពរយៈពេល២០ឆ្នាំមកហើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន អំពាវនាវអោយបងប្អូនកូនក្មួយកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមថែរក្សាសន្តិភាពនេះអោយបានគង់វង្ស។ សម្តេចតេជោបានបញ្ជាក់ផងដែរថា នៅក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ សម្តេចនឹងអញ្ជើញចូលរួម៣ថ្ងៃនៅទីនោះ រួមនឹងឱកាសឆ្លងឆ្នាំសកលផងដែរ។ សម្តេចតេជោ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីចូលរួមទាំងអស់គ្នានៅទីនោះ ដែលមានកម្មវិធីសប្បាយៗជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រោយពីកម្ពុជាបានងើបពីសង្គ្រាមមក សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលទី១គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ទីផ្សារ, តំបន់ដែលមានការអភិវឌ្ឍ, តំបន់ដែលប្រជាពលរដ្ឋអាចដាំដុះបង្ករបង្កើនផល និងទី២គឺប្រែក្លាយតំបន់ព្រំដែនទាំងអស់អោយក្លាយទៅជាតំបន់ដែលមានសន្តិភាព និង មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជិតខាង។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់បងប្អូនកូនក្មួយកម្មករ កម្មការិនី និង និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានឧបត្ថម្ភដោយផ្ទាល់ដៃនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (៧១៧) នាក់ដើម្បីត្រៀមបម្រុងមុនពេលសម្រាលកូននៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕