នៅល្ងាចថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ មុននឹងអញ្ជើញធ្វើដំណើរមកកាន់វេទិកានៃពិធី សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលជាច្រើនដែលបានតាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យសមុទ្រនេះក្នុងបរិយាកាសរីករាយក្រៃលែង។ ជាកិច្ចចាប់ផ្ដើមនៃពិធីបើកបុណ្យសមុទ្រកាលពីល្ងាចមិញនេះ ក៏មានការបង្ហាញការដើរព្យុះហយាត្រា ដែលបង្ហាញពីសមិទ្ធផលតាមខេត្តជាប់នឹងមាត់សមុទ្រ និងបង្ហាញពីសកម្មភាពផ្សេងៗនៃការអភិវឌ្ឍសង្គម ព្រមទាំងមានការបង្ហាញជូនផងដែរពីទម្រង់សិល្បៈតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់ លោកជំទាវអភិបាលខេត្តកោះកុង , លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួចហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារថា សម្ដេច និងភរិយាពិតជារីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងល្ងាចមិញនេះ។ ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានក្លាយជាយន្តការណ៍ជាក់លាក់មួយរបស់ប្រទេសកម្ពុជាមួយក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកប ដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ដល់អ្នកដែលបានចូលរួមទាំងអស់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅកម្ពុជាថ្ងៃនេះ។ សម្តេចតេជោ បានស្វាគមន៍ដល់ថ្នាក់ដឹកនាំដែលមកពីបណ្តាខេត្តក្រុងក៏ដូចជាបណ្តាប្រទេសមួយចំនួនដូចជាប្រទេសថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា ព្រមទាំងអរគុណសិល្បករ និងសិល្បការិនីទាំងអស់ដែលបានចូលរួមសម្តែងនៅក្នុងពិធីដ៏អធិកអធមនៅយប់នេះ។ សម្ដេចតេ ហ៊ុន សែន ក៏បានអរគុណដល់ ក្រសួងទេសចរណ៍ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍បុណ្យសមុទ្រនេះជាបន្តបន្ទាប់ ជាពិសេសស្ថាប័នដែលពាក់ព័ន្ធទាំងអស់ដែលរួមជាមួយនឹងខេត្តដែលបានចូលរួមរៀបចំពិធីបុណ្យសមុទ្រនេះ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់ក្រសួងសាធារណៈការ ដែលបានធ្វើការកែលម្អផ្លូវលេខ៤៨ ដែលទទួលរងការខូចខាតឱ្យមានភាពល្អប្រសើរឡើងវិញដើម្បីអោយយើងទាំងអស់គ្នាងាយស្រួលក្នុងការធ្វើដំណើរមកលេងបុណ្យសមុទ្រ។ នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវពង្រីកផ្លូវនេះអោយទៅជា៤គន្លងផងដែរ។ ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាការពារមិនឱ្យធ្វើអាជីវកម្មរ៉ែទីតាញ៉ូម (Titanium) ទេ ព្រោះវានឹងបំផ្លាញព្រៃឈើអស់ជាង២ម៉ឺនហិកតា ហើយនៅពេលកាយយករ៉ែ នោះវានឹងបំផ្លាញបរិស្ថាន ធ្វើឱ្យទឹកសមុទ្រប្រែពណ៌តាមរយៈការបង្ហូរដីក្រហមចូលទៅក្នុងសមុទ្រដែលនាំឱ្យបាត់បង់សម្រស់ធម្មជាតិ ទឹកសមុទ្រព័ណ៍ខៀវស្រងាត់នឹងក្លាយទៅជាពណ៌ក្រហម ដូច្នេះគោលនយោបាយរបស់ សម្តេចតេជោ គឺថែរក្សាការពារបរិស្ថានឱ្យនៅគង់វង្សល្អ។ ដើម្បីអភិវឌ្ឍតំបន់ឆ្នេរនេះអោយកាន់តែមាននិរន្តភាពនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ចំនួន៨ចំនុច៖ ១)ត្រូវធានាអោយមានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថិរភាពនយោបាយ គឺត្រូវខិតខំរក្សាសន្តិសុខ ស្ថានភាពនយោបាយ កុំឲ្យមានការវាយប្រហារដោយភេរវកម្ម ដែលនេះគឺជាចំនុចដែលប្រជាពលរដ្ឋត្រូវការ ដើម្បីភាពរីកចម្រើនរបស់កម្ពុជានាពេលខាងមុខ។ ២)រក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ ដែលជាប់មាត់សមុទ្រដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍អេកូទេសចរណ៍ដូចជានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរជាដើម។ ថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រ ជាពិសេសនៅខេត្តព្រះសីហនុ សូមអោយរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាត្តិ និងបង្ហូរទឹកចូលទឹកសមុទ្រជាដាច់ខាត។ ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។ ៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។ ៤)បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើម។ ៥)បន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលប៉ៃតង នៅតាមសណ្ឋាគារនានា។ ៦)ពង្រឹងការតភ្ជាប់ ផ្លូវធ្វើដំណើរ, ពង្រីកផ្លូវ៤៨ ការតភ្ជាប់ពីកោះកុងទៅបាត់ដំបងដែលនឹងត្រូវធ្វើក្នុងពេលឆាប់ខាងមុខ ជាពិសេស ខិតខំកសាងផ្លូវពីតំបន់ផ្សេងៗមកកាន់តំបន់មាត់សមុទ្រ។ ៧)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពជាប្រចាំ។ ៨)សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមកមានមតិមួយចំនួននិយាយថាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សមុទ្រជាការរៀបចំមូលដ្ឋានកងទ័ព។ ត្រង់ចំនុចនេះ សម្តេចតេជោ បានបដិសេធ ហើយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺមិនអនុញ្ញាតអោយមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីប្រទេសកម្ពុជានោះទេ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានជួបតែសេចក្តីសុខចម្រើន និងទទួលបាននូវភាពសប្បាយរីករាយក្នុងឱកាសនៃបុណ្យសមុទ្រនៅក្នុងខេត្តកោះកុងរយៈពេល៣ថ្ងៃនេះ៕