នៅរសៀលថ្ងៃទី ៥ ធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន មានការសោកស្តាយយ៉ាងខ្លាំង ដែលមិនបានអញ្ជើញ ជួបកូនក្មួយដែលជាសិស្សនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសឡាវជាង ១០០ នាក់ដោយផ្ទាល់។ ព្រោះដោយសារកម្មវិធីទស្សនកិច្ចនិងប្រជុំជាមួយរដ្ឋាភិបាលឡាវកាលពីព្រឹកមិញនេះច្រើន ហើយម៉ោងក៏រំកិលទៅមុខលឿនទៀត

ដូច្នេះហើយ សម្តេចនាយករដ្ឋមន្រ្តី បានអោយ ឯឧ ទេព ងន អនុប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកូនក្មួយជំនួសសម្តេចតេជោ។ ឯឧ ទេព ងន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយសិស្សនិស្សិតទាំងអស់នៅប្រទេសឡាវ។ សូមកូនក្មួយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេអោយបានល្អ។ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានពិភាក្សាផងដែរជាមួយរដ្ឋាភិបាលឡាវ ដើម្បីបន្ថែមថវិកាអាហារូបករណ៍សម្រួលដល់កូនក្មួយនិស្សិតកម្ពុជា និងឡាវ ដែលកំពុងសិក្សានៅប្រទេសរៀងៗខ្លួន។ តាមរយៈ ឯឧ អនុ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់កូនក្មួយសិស្សនិស្សិតដើម្បីសម្រួលដល់ការសិក្សានៅក្នុងប្រទេសឡាវសព្វថ្ងៃនេះ៕