នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ប៊ីដយ៉ា ដេវី ប៉ាដារី (Bidhya Devi Bhandari) ប្រធានាធិបតីនៃប្រទេសនេប៉ាល់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកជំទាវដែលមានឱកាសបានជួបពិភាក្សានៅក្នុងពេលទស្សនកិច្ចផ្លូវការនៅនេប៉ាល់ពេលនេះ។ សម្តេចតេជោ បានជម្រាបផ្តាំសួរសុទុក្ខអំពីព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះលោកជំទាវផងដែរ ហើយសម្តេចក៏បានអរគុណលោកជំទាវដែលបានផ្ញើសារអបអរសាទរខួបលើកទី៦៥នៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជាកន្លងទៅថ្មីៗនេះ។ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកស្រីប្រធានាធិបតីដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់។ សម្តេចតេជោ បានជម្រាបផងដែរអំពីទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចនៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងនេប៉ាល់។ សម្ដេចតេជោ សង្ឃឹមថា តាមរយៈទស្សនកិច្ចនេះគឺនឹងពង្រឹងបាននូវទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដែលក្នុងនោះគឺប្រទេសយើងបានចុះហត្ថលេខាលើឯកសារ ៤ សំខាន់ៗកន្លងទៅថ្មីៗនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថាប្រទេសយើងទាំងពីរគឺមានលក្ខណៈ និងវប្បធម៍ប្រហាក់ប្រហែលគ្នា ដូច្នេះយើងអាចជំរុញបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ស៊ីវិល ដែលអាចជំរុញអោយមានការហោះហើរដោយផ្ទាល់ពីនេប៉ាល់មកកម្ពុជានាពេលខាងមុខ។ ពីនេប៉ាល់ទៅកម្ពុជា គឺមានរយៈពេលតែជាង ៣ ម៉ោងប៉ុណ្ណោះ។ កិច្ចព្រមព្រៀងអំពីការហោះហើរផ្ទាល់នេះ គឺជាគោលដៅជំរុញ និងលើកតម្កើងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេស គឺបង្កភាពកាន់តែងាយស្រួលក្នុងដំណើរទស្សនកិច្ចពីកម្ពុជាមកកាន់ទឹកដីជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធបានប្រសូត។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលនេប៉ាល់ ដែលបានផ្តល់ដីមួយកន្លែងឲ្យកម្ពុជាកសាងវត្តអារាមនៅប្រទេសនេប៉ាល់។ នៅពេលខាងមុខ សម្ដេចតេជោ និងក្រុមគ្រួសារ មានបំណងមកប្រទេសនេប៉ាល់ជាថ្មីម្ដងទៀត ដើម្បីបានទៅទីអារាមរបស់កម្ពុជានៅទីនេះ។ ក្នុងនាម ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា និងក្នុងនាម សម្តេចតេជោ ផ្ទាល់ គឺសម្តេចបានអញ្ជើញលោកជំទាវប្រធានាធិបតីទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលដ៏សមស្របខាងមុខ។ លោកជំទាវប្រធានា ធិបតីបានទទួលយកនូវការអញ្ជើញនេះ។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវប្រធានាធិបតី ក៏បានថ្វាយព្រះពរដល់ព្រះមហាក្សត្រកម្ពុជា តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវប្រធានាធិបតី បានកត់សម្គាល់អំពីមគ្គុទ្ទេសក៍ភាពដ៏ល្អរបស់សម្ដេចតេជោ ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយលោកជំទាវក៏ចង់ឃើញកម្ពុជាក្លាយជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងនៅពេលអនាគត។ ប្រទេសនេប៉ាល់បច្ចុប្បន្នក៏ជាប្រទេសដែលមានសុខសន្តិភាពស្ថិរភាព ហើយបាននឹងកំពុងខិតខំព្យាយាម ជំរុញអោយមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងប្រែក្លាយជាប្រទេសមួយដែលមានការទាក់ទាញនិងមានចំណូលមធ្យមនៅឆ្នាំ 2030 ខាងមុខនេះ។ លោកជំទាវប្រធានាធិបតីនេប៉ាល់ក៏បានរំលឹកផងដែរថា ប្រទេសទាំងពីរ កម្ពុជា នេប៉ាល់ ក៏មានប្រវត្តិតស៊ូដូចគ្នា ដោយសារជម្លោះនយោបាយ ប៉ុន្តែបច្ចុប្បន្ននេះគឺប្រទេសយើងមានស្ថេរភាពហើយ ហើយលោកជំទាវក៏បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍជាងប្រទេសនេប៉ាល់នាពេលសព្វថ្ងៃនេះ៕