នៅរសៀលថ្ងៃអង្គារ ៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទមហាសន្និបាត

តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការមកពីទូទាំង២៥ រាជធានី-ខេត្ត ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតនេះគឺបានផ្តោតលើការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ(២០១២-២០១៨) និងទិសដៅបន្តការងារឆ្នាំ(២០១៨-២០២០)ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិកជាមួយនឹងកិច្ចពិភាក្សានិងការអនុម័តលើការកែប្រែលក្ខន្តិកៈ នៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ តាមរយៈរបាយការណ៍របស់ ឯឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានអោយដឹងថាមកដល់បច្ចុប្បន្ននៅតែបន្តស្មារតីសាមគ្គីរួបរួមកម្លាំងធ្វើសកម្មភាពនានាដើម្បីជាប្រយោជន៍សម្រាប់សង្គមកម្ពុជា និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងសង្គមកម្ពុជា។ ស.ស.យ.ក នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជមានដល់សង្គមកម្ពុជា ជាពិសេសបន្ដការចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គលដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយដ៏រឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ។ ស.ស.យ.ក នឹងបន្តសកម្មភាពលើកស្ទូយនូវឧត្តមភាព កិត្តិនាមជាតិ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រវត្តិសាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនា ដែលជាអត្ដសញ្ញាណជាតិ និងបន្ដលើកកម្ពស់សមត្ថភាព ជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជន។ បន្ថែមពីនេះ បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីផ្តល់ឲ្យយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តម ប្រយោជន៍របស់ជាតិ។ ជាលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នេះ ឯឧ ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានប្តេជ្ញាថាៈ ១)បន្តថែរក្សាកិត្យានុភាពល្អរបស់សហព័ន្ឋតាមរយ:ការធ្វើអំពើល្អ ២)បន្តថែរក្សាស្មារតី ០២ធ្នូ ដែលកើតចេញពីការតស៊ូការលះបង់របស់ឥស្សរជនជំនាន់មុនរបស់កម្ពុជា ៣)បង្កើនការគាំទ្រពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួនតាមរយ:ការបង្កើតភាពវិជ្ជមានកាន់តែច្រើនសម្រាប់សង្គម ៤)ជំរុញអោយមានការចូលរួមដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ប៉ុន្តែលើកទឹកចិត្តពេលមានការចូលរួម ៥)គាំទ្រ និងលើកទឹកចិត្តអោយយុវជនខិតខំបង្កើនសមត្ថភាពក្នុងវិស័យរបស់ខ្លួន ៦)បន្តពង្រឹង និងពង្រីកចំណងមិត្តភាពរវាងយុវជន និងយុវជនក្នុងវិស័យរបស់ខ្លួន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និង ៧)ជំរុញអោយមានការផ្សាយនូវសកម្មភាពរបស់ខ្លួន (លើកទឹកចិត្តដល់អ្នកដែលចូលរួមធ្វើ និងបញ្ជ្រាបដល់មជ្ឈដ្ឋានផ្សេងបានដឹងនូវអ្វីដែលយើងកំពុងធ្វើ)។ នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សប្បាយរីករាយ យ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមបិទមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទចំពោះសកម្មភាព និងសមិទ្ធផលសំខាន់ៗ របស់ ស.ស.យ.ក ក្នុងការរួបរួមសាមគ្គីគ្នាឲ្យទៅជាចលនាជាតិមួយដែលបានធ្វើកន្លងមកក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកជាមួយ ស.ស.យ.ក ដែលបានសម្រេច នូវកំណត់ត្រាពិភពលោកសំខាន់ៗដូចជា នំអន្សមយក្ស, រាំម៉ាឌីស្សុនដែលមានអ្នកចូលរួមច្រើនជាងគេបំផុតក្នុងលោក, ក្រម៉ាវែងជាងគេក្នុងលោក,ទូកងវែងជាងគេបំផុត និងសកម្មភាពសំខាន់ៗជាច្រើនទៀត។ នៅក្នុងឱកាសនៃពិធីបិទមហាសន្និបាតទូទាំងប្រទេសលើកទី៤ នៃសហភាពសហព័ន្ធយុវជនកម្ពុជានេះផងដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកអំពីដំណើរការនៃការរំដោះប្រទេសជាតិ និងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្នុងរយៈ ៤០ឆ្នាំដែលបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីបានរំលឹកពីការតស៊ូរំដោះប្រទេសជាតិដោយត្រូវយកជីវិតធ្វើជាដើមទុន និងការប្រថុយគ្រោះថ្នាក់ក្នុងការរំដោះប្រជាជនកម្ពុជាពីភ្នក់ភ្លើងសង្គ្រាម។ នៅក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំនុច២សំខាន់គឺ៖ ១)នៅតែបន្តអំពាវនាវអោយយុវជនទាំងអស់ត្រូវបន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីទប់ស្កាត់មិនអោយរឿងរ៉ាវអតីតកាលវិលត្រឡប់មកវិញជាដាច់ខាត និង ទី២) កម្ពុជាត្រូវតែអនុវត្តនូវយុទ្ធសាស្ត្រក្នុងការជំរុញឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ខាងមុខ ដែលនេះជាការកំណត់ជោគវាសនានៃការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលអនាគត។ មុននឹងបិទបញ្ចប់មហាសន្និបាតលើកទី៤ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអង្គមហាសន្និបាត និងបានជូនពរសមាជិក សមាជិការ (ស.ស.យ.ក) ទូទាំងប្រទេសជួបតែសេចក្តីសុខ ចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់ទៅមុខថែមទៀត៕