នៅម៉ោងប្រមាណ ៤.៣០ ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បានយាងមកដល់វេទិកាកិត្តិយសនៃព្រះរាជពិធីហើយ ដើម្បីទតការប្រណាំងទូកងថ្ងៃដំបូង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ វត្តមានយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូកចូលរួមប្រកួតប្រជែងសរុប២៩៨ទូក មកពីបណ្តាខេត្តនានាទូទាំងប្រទេស។ សូមបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស៕