ស្អែកនេះជាថ្ងៃបុណ្យអ៊ុំទូកហើយ ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអ៊ុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអ៊ុំទូកនៅខែទឹកស្រក ហើយយើងអ៊ុំពីខាងស្ពានជ្រោយចង្វា មកវេទិការនៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ

អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី? តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក » នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អ៊ុំ ឬចែវទូកទៀតនោះ ទើប ក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអ៊ុំ ឬចែវទូក រាប់យោជ...។ ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។ មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង ៖ - ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន ? - ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន។ កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាត ចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្តើតឱកាស។ បើរុញទូកបណ្ដោយទឹកពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនេះ ទូកនឹងលិច។ ចំពោះកត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ ។ មានក្មួយៗចៅៗ មួយចំនួនបានសម្រេចចិត្តចាប់យកមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈខ្លះតាមរបៀបរុញទូកបណ្ដោយទឹកតែមិនកាន់ចង្កូតទេ ព្រោះខ្លួនឯងផ្ទាល់មិនដឹងគោលដៅផង ។ ត្រង់ចំណុចនេះ សូមក្មួយៗចៅៗចេះរៀបចំកម្មវិធីជីវិតរបស់ខ្លួនឯងមួយ ដោយកសាងសុបិនសម្រាប់អនាគតរបស់ខ្លួនដែលពោរពេញដោយភាពប្រាកដនិយម ។ ចៅៗក្មួយៗអាចសរសេរ ផុសជាcommentនៅទីនេះ សម្រាប់ចៅផ្ទាល់ ជាត្រីវិស័យរបស់ខ្លួន។ ការដែលចៅៗក្មួយៗមានគោលដៅជាក់លាក់ក្នុងជីវិត នោះនឹងធ្វើឱ្យទូកទាំងឡាយក្នុងសង្គមយើងអ៊ុំឬចែវទៅរកវឌ្ឍនភាពពិតៗ ។ នៅក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម ។ ប៉ុន្តែ ក្មួយៗចៅៗត្រូវចាំមួយថា កុំដេកសមដួល រមួលសមគ្រិច ហើយឆ្លើយថា យកមេរៀនពីរឿងរុញទូកបណ្ដោយទឹក ។ មានចំណុច២ដែលត្រូវចាំឱ្យច្បាស់ ៖ -ចំណុចទី១ ចៅៗក្មួយៗខ្លះ អាចនៅមិនទាន់មានជីវភាពធូធារ បែរជាមិនខំរៀន និងរកសុីធ្វើការ អាងតែស្រែកថាខ្លួនក្រមកពីកើតពីឱពុកម្តាយក្រ រួចរុញទូកបណ្ដោយទឹកទៅ ។ -ចំណុចទី២ បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ។ ត្រង់ចំណុចនេះ សូមជនរួមជាតិ និងមិត្តអន្តរជាតិយល់ឱ្យបានច្បាស់។ ក្មួយៗ ចៅៗ អាចចងក្រងទុកជាមេរៀនជីវិតចុះ។ សូមជូនពរជនរួមជាតិ និងភ្ញៀវអន្តរជាតិទាំងឡាយបានរីករាយបុណ្យអ៊ុំទូកជាមួយគ្នា នឹងសូមទទួលបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ។