នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឲ្យ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែល ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ចូលជួបសំណេះសំណាល និងជំរាបលា ដែលបានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក William A. Heidt បានជម្រាបថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រីបានដែលបានអនុញ្ញាតឲ្យរូបលោកចូលជួបសំដែងការគួរសម និងជម្រាបលា នាពេលនេះ។ លោក William បានកត់សម្គាល់ឃើញថាក្នុងរយៈពេលបំពេញបេសកកម្មជា ឯអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំនេះបានខិតខំជំរុញធ្វើយ៉ាងណាពង្រឹងកិច្ចប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ហើយមានចំណុចពិសេសជាច្រើនដែល សម្តេតេជោនាយករដ្ឋមន្ត្រី និងលោក អគ្គរដ្ឋទូតបានឯកភាពគ្នា និងបានធ្វើកិច្ចការរួមគ្នា ជាច្រើនផងដែរ។ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កេតឃើញពីការរីកចម្រើនជាពិសេស លើវិស័យមួយចំនួននៅប្រទេសកម្ពុជា ដូចជាវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច និងការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ ។ លោកឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍ថា ទោះបីកន្លង មកមានការអាក់ខានក៏ប៉ុន្តែយើងបានប្រាស្រ័យទាក់ទងគ្នាល្អប្រសើរឡើងវិញនូវការស្វែងរក MIA និងការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ពីសហរដ្ឋអាមេរិកមកកាន់ទឹកដីរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជានោះទេមិនថាប្រទេសណានោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ចំណុចនេះទៅកាន់លោកអគ្គរដ្ឋទូត កុំឲ្យសហរដ្ឋអាមេរិកមានការងឿងឆ្ងល់និងព្រួយបារម្មណ៍ចំពោះមូលដ្ឋានទ័ពបរទេសនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមកកម្ពុជាក៏ធ្វើការជាមួយនឹងបណ្តាប្រទេស ផ្សេងៗរួមទាំងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក, ចិន ,ឥណ្ឌា,ជប៉ុន ជាដើម ពិសេសបានធ្វើឡើងលើសពីទ្វេភាគីទៅទៀត ក្នុងគោលដៅដើម្បីក៏សាងជំនឿ និងបទពិសោធន៍ ជាពិសេសឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ។ អ្វីដែលសំខាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការសន្ទនារវាងប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាក្នុងការរក្សានូវទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេសក្រោមឆត្រ័អង្គការសហប្រជាជាតិតែយើងមិនអនុញ្ញាតិឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ក៏បានរលឹក ពីអតីតកាល ដែលមានកងទ័ពមួយខៀវមកលើទឹកដីកម្ពុជាដែលបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ការចម្លងមេរោគ HIV នៅលើកទឹកដីកម្ពុជាជាដើម។ សម្តេតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាចាប់អារម្មណ៍គឺកម្ពុជាចង់ឲ្យប្រទេស ដែលចូលរួមក្នុងការកសាងអភិវឌ្ឍន៍កម្ពុជា មានគម្រោងចូលរួមផ្សេងៗដូចជាការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម។ លោកឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ដែរថាក្នុងរយៈពេល ៣ ឆ្នាំដែលលោកបានបំពេញការងារកន្លងមកនៅកម្ពុជាលោកបានរៀនសូត្រជាច្រើននិងបានឃើញពីការរីកចម្រើនរបស់កម្ពុជាកន្លងមកលោកឯអគ្គរដ្ឋទូតក៏បានខិតខំធ្វើយ៉ាងណាជំរុញឲ្យទីក្រុង Washington យល់អំពីកម្ពុជាឲ្យបានច្រើន។តែទោះបីយ៉ាងណាក៏ដោយទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក មកដល់ពេលនេះកានតែប្រសើរឡើងជាច្រើនរវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយប្រទេស ទាំងឡាយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនោះផងដែរ ពាក់ព័ន្ធជាមួយនឹងក្តីកង្វល់ របស់សហរដ្ឋអាមេរិកចំពោះវត្តមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្ញើរលិខិតមួយច្បាប់រួចរាល់ហើយទៅកាន់ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថាគ្មានមូលដ្ឋានទ័ពបរទេសនៅលើកទឹកដីកម្ពុជានោះឡើយ។ នៅក្នុងជំនួបនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចស្វាគមន៍រាល់ការវិនិយោគ ពីបណ្ដាប្រទេសទាំងអស់មិនថាប្រទេសចិន, ជប៉ុន ឬ សហរដ្ឋអាមេរិកជាដើមអាចមកធ្វើការ វិនិយោគនៅកម្ពុជា។ទន្ទឹមនឹងនេះផងដែរសម្តេចតេជោក៏បានបញ្ជាក់ដែរថាសម្ដេចមិនអនុញ្ញាតឲ្យមានឥទ្ធិពលបរទេសនៅលើទឹកដីរបស់កម្ពុជាឡើយ៕