នៅព្រឹកមិញថ្ងៃទី ១៥ វិច្ឆិកា នេះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា រួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក លើកទី៦

ដែលមានវត្តមានចូលរួមពីប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិក និងទិសដៅអនាគត» ក្នុងនោះក៏មានការចូលរួមពី ឯឧ ម៉ៃឃើល ភែនស៍ (Michael Pence) អនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកអនុប្រធានាធិបតីអាមេរិក។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ ៣ ទៅកាន់អង្គប្រជុំទាំងមូល៖ ១)កិច្ចសហប្រតិបត្តិការរបស់យើងនៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យយើងចាប់យកដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាសូមគ្រាំទ្រចំពោះការលើកឡើងរបស់ ឯឧ នាយករដ្ឋមន្រ្តីឡាវដែលបានថ្លែងក្នុងសេចក្ដីប្រកាសរួមអាស៊ាន ដែលលើកទឹកចិត្តសហរដ្ឋអាមេរិក បន្តគាំទ្រការអនុវត្តនូវផែនការមេស្តីពីការតភា្ជប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។ ២)កម្ពុជារំពឹងយ៉ាងមុតមាំថា សហរដ្ឋអាមេរិកនឹងផ្ដោតការយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងតំបន់ទាំងពីរឱ្យកើនឡើងខ្ពស់ថែមទៀត ខណៈដែលអាមេរិកកំពុងបន្តឈរលំដាប់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត។ ទន្ទឹមនឹងនោះ កម្ពុជាមានសេចក្តីរីករាយនិងសូមស្វាគមន៍នូវការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការនៃការពង្រីកការចូលរួមក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។ ៣)កម្ពុជាយល់ឃើញថា ការកសាងធនធានមនុស្ស ជាពិសេសយុវជន គឺជាកត្តាចាំបាច់ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បីកសាងធនធានមនុស្ស និងវិស័យអប់រំ ដោយផ្ដល់ឱកាសអាហារូបករណ៍បន្ថែមទៀតដល់យុវជនអាស៊ាន ជាពិសេស យុវជនពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦ និង សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធើណែត និងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩៕