ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ចៅៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ

ដែលទើបនឹងដល់អាយុចូលសាលារៀន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។ ជាមួយគ្នានោះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែរ។ ក្នុងស្មារតីនេះដើម្បីធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌ បរិយាកាស និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ទូលព្រះបង្គំខ្ញុំព្រះករុណា សូមអំពាវនាវដូចខាងក្រោម៖ ១)ក្រសួងអប់រំយុវជន និងកីឡា រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវគោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាពនិងធានាបាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមត្ថភាព បរិយាប័ន្នសម្រាប់សិស្សានុសិស្សគ្រប់រូប ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ២)គ្រឹះស្ថានសិក្សាគ្រប់រូបភាព រួមទាំងទីវត្តអារាមត្រូវធានាលទ្ធភាពក្នុងការផ្ដល់ការអប់រំពេញលេញនិងមានគុណភាព ដោយត្រូវបង្កើនការផ្សព្វផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន រៀបចំនិងជួសជុលបន្ទប់រៀន សង្ហារឹម តុទូ កៅអី ក្តាខៀនទ្វារបង្អួច បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងបរិក្ខារនានា ដើម្បីធានាថាសាលារៀនមានបរិស្ថានសិក្សាស្អាត អនាម័យប្រកបដោយនិរន្តរភាពនិងផាសុខភាព។ សាលារៀនត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពក្នុងករណីមាន ទឹកជំនន់ ខ្យល់កន្ត្រាក់បាក់សាលារៀនជាដើម ត្រូវធានារយៈពេលនៃការរៀននិងបង្រៀនបានពេញលេញស្របតាមកម្មវិធីសិក្សាដែលបានកំណត់។ ចំពោះសាលារៀនដែលមានការអនុវត្តកម្មវិធីនានាត្រូវខិតខំបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្សជាការលំបាកការ ផ្ដល់អាហារពេលព្រឹកឬអាហារថ្ងៃត្រង់ជាដើម។ ៣)លោកគ្រូអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀតទាំងផ្នែកចំណេះដឹង និងវិធីបង្រៀន រួមទាំងបច្ចេកវិទ្យាពត៌មានភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនសិស្សបន្តទៀត។ ៤)ក្មួយៗជាសិស្សានុសិស្ស និងយុវជនយុវនារីទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនព្រមទាំងចូលរួមគ្រប់សកម្មភាពនានាដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិរបស់យើងជាងនេះទៅទៀតក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំថា បើយើងស្រឡាញ់ខ្លួន យើងស្រលាញ់ឪពុកម្ដាយ និងស្រលាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗនិងអំពើអសកម្មនានា។ ៥)មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ត្រូវរួមចំណែកឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកបដោយនិរន្តរភាព ក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាពចំណេះដឹង និងសីលធម៌។ ៦)អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រផ្សេងៗទៀតសម្រាប់គ្រប់លទ្ធភាព ព្រមទាំងជំរុញសិស្សនិងយុវជនដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សាអោយមានឱកាសទទួលបានការរៀនសូត្រសារជាថ្មីជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជនដែលមានការពិបាកឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។ ៧)ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មានរបស់របស់រដ្ឋ និងឯកជនសូមជួយផ្សព្វផ្សាយ និងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សឲ្យនាំកូនដល់អាយុចូលរៀនទៅឈ្មោះទៅចុះឈ្មោះចូលរៀន។ ៨) ដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំនានាជាពិសេសនៅកន្លែងដែលមានសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕