នៅរសៀលថ្ងៃទី២០តុលាដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៉ីស្តានប៊ុល មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនតួកគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីការស្តាប់នូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកធុរកិច្ចតួកគីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសំខាន់ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងអ៉ីស្តានប៊ុល ដែលជាទីក្រុងប្រវត្តិសាស្រ្តស្ថិតជាប់គ្នាជាមួយសហគមន៍អឺរ៉ុប និងអាស៊ី។ តាមរយៈវេទិកាធុរកិច្ចតួកគី-កម្ពុជា ជាការបង្ហាញពីការរីកចម្រើននាពេលបច្ចុប្បន្នព្រមទាំងកាលានុវត្តភាព និងសក្កានុពលសម្រាប់កម្ពុជាផងដែរ។ សម្ដេចតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ទន្ទឹមនឹងនេះក៏សូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកលោកស្រីភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមនាពេលនេះ។ តួកគី និងកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរណាស់មកហើយដែលកម្ពុជាគេស្គាល់តាមរយៈចក្រភពអង្គរ ហើយទួកគីគេស្គាល់តាមរយៈប្រភព ប៊ីហ្សេនថាញ់ ប្រទេសយើងទាំងពីរក៏បានគាំទ្របេក្ខភាពគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ។ កិច្ចព្រមព្រៀងចំនួន 8 នឹងត្រូវចុះអនុស្សារណៈជាមួយគ្នាថ្ងៃស្អែក ដែលក្នុងនោះទាក់ទងនឹងវិស័យអប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និងវិនិយោគ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២១ តុលា ២០១៨នេះ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធប្រសើរថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា រយៈពេល 5 ឆ្នាំបន្ទាប់ពីការបើកស្ថានទូតសាធារណរដ្ឋតួកគីនៅកម្ពុជាកាលពីឆ្នាំ 2013 កន្លងទៅ កម្ពុជាព្រមនឹងបើកស្ថានទូតនៅប្រទេសតួកគីនៅឆ្នាំ 2019 ខាងមុខនេះដែរ ហើយទាំងនេះជាការរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានឡើងបន្ថែមទៀត។ ក្នុងនោះដើម្បីអោយទំនាក់ទំនងកាន់តែរឹងមាំ កម្ពុជាគឺមិនជួលស្ថានទូតនៅប្រទេសតួកគីទេ គឺចង់មានស្ថានទូតដោយខ្លួនឯង តាមរយៈការទិញដី និងផ្ទះតែម្ដងសម្រាប់ស្ថានទូតកម្ពុជាប្រចាំនៅតួកគីនេះ។ តាមរយៈកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចអោយបាននូវកិច្ចព្រមព្រៀងដោយមិនយកពន្ធត្រួតគ្នាដែលនេះគឺជាចំណែកមួយយ៉ាងសំខាន់សំរាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ តាមរយៈកំណើនសេដ្ឋកិច្ចកធ្វើឲ្យកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ 2015 និងស្ថិតនៅលើគន្លងសម្រេចយកបាននូវការដាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030។ បច្ចុប្បន្នចំនួនភ្ញៀវទេសចរណ៍ដែលបានមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ប្រមាណ 5 លាន 6 សែននាក់នៅឆ្នាំ 2017 ហើយក្នុងរយៈពេល 8 ខែក្នុងឆ្នាំ 2018 កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមានការកើនឡើងប្រមាណ 12% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ 2017។ សម្តេចតេជោបន្តថា ក្នុងគោលដៅទាញយកផលប្រយោជន៍ជាអតិបរមាពីជំនួបទ្វេភាគី និងឧត្តមភាពនៃប្រទេសយើងទាំងពីរ សូមសំណូមពរអោយមានការពន្លឿននូវសកម្មភាពក្នុងការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរពីតួកគីទៅកម្ពុជា ដើម្បីពង្រីកសកម្មភាពទេសចរណ៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី 29 ខែកក្កដាឆ្នាំ 2018 បានបន្ដដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការសម្រេចអោយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ2030 ដែលផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍធនធានមនុស្សការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា៖ 1)កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេសបានធ្វើឲ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម 7 ភាគរយ។ 2)កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រក្នុងប្រវត្តិអាស៊ានដែលជាតំបន់បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ានហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចតភ្ជាប់ខ្ពស់ជាងគេ សំរាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្មនិងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។ 3) កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះដែលមានអាយុត្រឹម35 ឆ្នាំចុះមានចំនួនរហូតដល់ 72 ភាគរយនៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ។ 4) កម្ពុជាបានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុង និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន100%តែម្តង។ 5) ទំនិញផលិតនៅកម្ពុជាមិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណជា 250 លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។ 6) កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មនៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀតក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រីសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេចក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕