សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ហើយ នៅព្រឹកថ្ងៃទី២០តុលានេះ បន្ទាប់ពីបញ្ចប់ដំណើរ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ចសែល ប្រទេសប៊ែលហ្សីក

ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។ នៅព្រឹកព្រលឹមថ្ងៃទី២០តុលា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីអាកាសយានអន្តជាតិ អ៊ិចសេគុយជេត (Execujet) ទីក្រុងប្រ៊ុចសែល ក្នុងដំណើរនៃការអញ្ជើញបន្តបំពេញទស្សនកិច្ចការងារ ទៅកាន់ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជំនួបកំពូលទ្វេភាគី ជាមួយឯកឧត្តម រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋតួកគី។ យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិអាតាទួក ទីក្រុងអីស្តានប៊ុល កាលពីវេលាម៉ោង១២និង១០នាទី ម៉ោងនៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ត្រូវនឹងម៉ោង១៦និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តមអភិបាលក្រុងអីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃក្រសួងការបរទេសតួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគីជាច្រើនរូបទៀតផងដែរ៕