នៅថ្ងៃដដែលនេះដែរ បន្ទាប់ពីជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចីនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី រុស្ស៊ី បានមានប្រសាសន៍ថា លោកពិតជាមានការរីករាយដោយបានជួបសម្តេចសាជាថ្មីម្តងទៀត បន្ទាប់ពីជួបសម្តេចតេជោក្នុងឱកាស នៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ លោកបានមានប្រសាសន៍បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ក្នុងពេលបច្ចុប្បន្ន។លោកបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជាឱកាសដ៏ល្អ និងមានសារសំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបលោក បានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចតេជោសាជាថ្មីម្តងទៀត។ ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនលោកនាយករដ្ឋមន្រ្តី រុស្ស៊ី ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ និងសូមអញ្ជើញលោកនាយករដ្ឋមន្ត្រីរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយ:កិច្ចសន្ទនាដោយផ្ទាល់នោះដែរ សម្តេចតេជោមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក មនាយករដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរសម្តេចដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។ ទាក់ទិនទៅនឹងប្រសាសន៍លើកឡើង របស់សម្តេចតេជោ លោកនាយករដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីតែងតែគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា។ លោកបន្តថា លោកបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចមុនពេល ដែលកម្ពុជារៀបចំការបោះឆ្នោត ហើយសម្តេចបានប្រាប់ដល់លោកពីការបោះឆ្នោតនៅកម្ពុជា ហើយតាមរយៈនោះលោកបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជាផងដែរ។ សម្តេចតេជោមានប្រសាសន៍ថា កម្ពុជានិងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី ពិសេសសូមអរគុណចំពោះរុស្ស៊ីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារៈមួយចំនួនដល់ដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៊ី លើការប្រយុទ្ធប្រឆាំងភេរវកម្ម តាមរយៈនេះសម្តេចស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីរុស្ស៊ី លើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជានាពេលខាងមុខ។ ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចតេជោ បានមានប្រសាសន៍លើកឡើងពីបំណុលដែលកម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅជាការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមានតម្លៃបំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។ លោកនាយករដ្ឋមន្រ្តីរូស្ស៊ីបានមានប្រសាសន៍បន្តថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការអន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។ ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អសម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកក៏បានជំរាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេសមួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រុស្ស៊ីក៏មានបំណងជួយដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕