នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) គឺមានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើនបានមករង់ចាំទទួលគារវៈស្វាគមន៍

សម្តេចប្រមុខដឹកនាំប្រកបដោយក្តីគោរពស្រឡាញ់ និងនឹករឮកដ៏ជ្រាលជ្រៅបំផុត។ បងប្អូនប្រជាពលរដ្ឋបានជម្រាបសម្តេចថា ពួកគាត់មិនហត់នឿយឡើយទោះបីត្រូវធ្វើដំណើរមកពីតំបន់ឆ្ងាយៗ ប៉ុន្តែផ្ទុយទៅវិញគឺបងប្អូនសប្បាយរីករាយក្រៃលែងដែលបានមករង់ចាំទទួលសម្តេចតេជោ ហើយនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចដែលបានធ្វើអោយកម្ពុជាមានស្ថេរភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕