នៅថ្ងៃដដែលនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសារ អាហារថ្ងៃត្រង់ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។

ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជាហើយក៏សូមស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុនក្នុងឱកាសនៃការប្រារព្ធ ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួមជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។ លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ហើយជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករយើងយកទៅចិញ្ចឹមផងដែរ។ ការជំនួបសំដែងការគួរសមនេះសមាគមមិត្តភាពកម្ពុជាជប៉ុនបានរៀបចំអញ្ជើញសម្ដេចតេជោ និងគណៈប្រតិភូទទួលទានអាហារថ្ងៃត្រង់ដែលនៅក្នុងឱកាសនៃការទទួលទាននេះសមាគមមានចូលរួមដោយសមាជិករបស់សមាគមជាច្រើននាក់ដែលជាតំណាងឱ្យក្រុមហ៊ុនជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងទាំងអស់ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា និងក៏បន្តលើកទឹកចិត្តសកម្មភាពវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា៕