បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជារួចមក សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការរៀបចំសិក្ខាសាលាស្តីពីការទាក់ទាញអ្នកវិនិយោគជប៉ុន នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោកប្រធានមានប្រសាសន៍បន្តថា ប្រសាសន៍របស់សម្តេចដែលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលានេះនឹងបន្តជំរុញ លើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ លោកប្រធានបន្តថា នៅកម្ពុជាពិតជាមានបរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែករវាងសហគ្រាសបរទេស និងក្នុងស្រុក ហើយអ្នកវិនិយោគជប៉ុនគឺមានចរិកលក្ខណ:ផ្សារភ្ជាប់ទៅនឹងតំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំងក្នុងការគៀងគរវិនិយោគជប៉ុន មកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចតេជោបាន បន្តទៀតថាជាមួយនឹងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាណា(ANA) គឺពិតជាបានរួមចំណែកជួយនាំយកនូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុនមកកាន់កម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើល ថែមទៀត លើគ្រប់លទ្ធភាពក្នុងការជួយសំរួលដោយអ្នកវិនិយោគិនជប៉ុននៅកម្ពុជា ក្នុងនោះរួមទាំងការបង្កើតឡើងនូវវេទិកាពិសេស រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងស្ថានឯកអគ្គរាជទូតជប៉ុន ដោយមិនចាំបាច់រងចាំវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឡើយ។ សម្តេចតេជោបន្តថា សម្តេចមានយុទ្ធសាស្រ្តទាក់ទាញវិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទាំងអស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួននៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុនថែមទៀតមកកម្ពុជា ដែលពីមុនកម្ពុជា មានអ្នកវិនិយោគជប៉ុនតែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនមានប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕