នៅព្រឹកថ្ងៃទី ៧ តុលា ដដែលនេះ បន្ទាប់ពីបានទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center) រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា (Yokohama Port Cargo Center (Y-CC) ក្នុងទីក្រុងយូកូហាម៉ា

ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ប្រទេសជប៉ុនក៏កំពុងចូលរួមជួយរៀបចំការ អភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុផងដែរ។ ក្នុងដំណើរទស្សនកិច្ចកំពង់ផែយូកូហាម៉ា សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការឧទ្ទេសនាមពីខ្សែសង្វាក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងមន្រ្តីថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ា ជាមួយនិងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ដោយសារតែប្រទេសជប៉ុនគឺជាប្រទេសដែនកោះ ទំនិញគ្រប់សារពើត្រូវបានធ្វើការនាំចេញ និងនាំចូលស្ទើ៩៩%។ កំពង់ផែអន្តរជាតិយូកូហាម៉ា គឺជាកំពង់ផែយុទ្ធសាស្រ្តដ៏សំខាន់នៅជប៉ុន ដែលមានការទុកដាក់ទំនិញកុងតឺន័រ រថយន្ត លំដាប់ទី២ក្នុងប្រទេសជប៉ុន ពិសេសជាកន្លែងសម្រាប់នាវាចរណ៍ផងដែរ។ ទីក្រុងយូកូហាម៉ាមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះមានកំពង់ផែទឹកជ្រៅបំផុតចំនួន១។ កំពង់ផែនកុងតឺន័រ យូកូហាម៉ា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលមានផ្ទៃដីទំហំជាង៣២ម៉ឺនហិចតា ដែលមានភារកិច្ចទុកដាក់និងនាំចេញនាំចូលដ៏សំខាន់របស់ប្រទេសជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកំពង់ផែអន្តរជាតិយូកូហាម៉ា ទន្ទឹមនឹងនេះសម្តេចប្រមុខដឹកនាំបានស្នើដល់ថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ាបន្តការយកចិត្តទុកដាក់និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តខេត្តព្រះសីហនុអោយក្លាយទៅជាកំពង់ផែដែលមានលក្ខណ:ស្តង់ដារអន្តរជាតិ និងមានការប្រកួតប្រជែងជាមួយនិងបណ្តាកំពង់ផែនៃប្រទេសក្នុងតំបន់ និងអន្តរជាតិ។ សូមបញ្ជាក់ដែរថា នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការរីកចំរើនរបស់ប្រទេសកម្ពុជា ប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនៃការពង្រឹងសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា នឹងក៏ជាដៃគូដ៏សំខាន់ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ចាប់តាំងពីខែធ្នូឆ្នាំ២០១៣ ប្រទេសទាំងពីរកម្ពុជា ជប៉ុន បានតម្លើងឋានៈ នៃទំនាក់ទំនងរបស់ខ្លួនក្លាយទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើនវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា។ សូមបញ្ជាក់ថា ប្រទេសជប៉ុនមានផ្ទៃក្រឡាទំហំ៣៧៧ពាន់៩១៥គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅសរុបជាង១២៧លាន២៥៣ពាន់នាក់។ កំណើនផលិតផលក្នុងស្រុក២,២% ក្នុងឆ្នាំ២០១២ ជាមួយគ្នានេះផលិតផលសរុបសំរាប់មនុស្សម្នាក់ ៣៦,៩០០ដុល្លាក្នុងឆ្នាំ២០១២។ ផលិតផលតាមវិស័យ ក្នុងនោះកសិកម្មមាន១,១% ឧស្សាហកម្មមាន២៦,៣% និងសេវាកម្មមាន៧២,៥%។ នៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ជប៉ុន ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី៩ ខែមករាឆ្នាំ១៩៥៣។ នៅឆ្នាំ១៩៩២ ជប៉ុនបានបើកស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះកម្ពុជាក៏បានបើកស្ថានទូតនៅទីក្រុងតូក្យូ ឡើងវិញនៅថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៩៤។ ជាមួយគ្នានេះ ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយនឹងជោគជ័យនៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុតសំរាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាច្រើនលើករួចមកហើយផងដែរ៕