នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងពិធីនេះមានការអញ្ជើញ ចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា , លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា, អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមអបអរសាទរ ទិវាគ្រូបង្រៀននាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែរៀបចំពិធីអបអរសាទរទិវាទគ្រូបង្រៀនជាប់ជានិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវាគ្រូបង្រៀនឆ្នាំនេះ គឺជាលើកទី២១ ហើយតាមរយៈប្រធានបទឆ្នាំនេះ គឺពិតជាមានតំលៃខ្លាំងណាស់សម្រាប់គ្រូបង្រៀន ទាំងអស់ក្នុងការបង្ហាញពីតំលៃគ្រូង្រៀនដែលបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីជីវិតគ្រូបង្រៀនក្នុងអតីតកាលគឺមិនមាន ការអភិវឌ្ឍរីកចម្រើនអ្វីនោះទេ ជាពិសេសនៅក្នុងរបបប្រល័យពូជាសាន៍ ប៉ុល ពត ដែលពេលនោះ គ្រូបង្រៀនត្រូវបានយកទៅកាប់សម្លាប់ចោលប៉ុន្តែក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ជីវិតគ្រូបង្រៀនត្រូវបានអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះដែលធ្វើឲ្យការបង្រៀនរបស់យើងមាន ការរីកចម្រើនរហូតដល់ពេលនេះ។ ហើយបច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវបានយកចិត្តទុកដាក់ ដោយប្រាក់ខែ របស់គ្រូបង្រៀនត្រូវបានតម្លើងជាបន្តបន្ទាប់និងអាគារស្នាក់នៅតាមបណ្តាលខេត្តនានាក៏ត្រូវបានកសាងជាច្រើនខ្នងផងដែរ។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវពានរង្វាន់លើកទឹកចិត្តសម្រាប់ លោកគ្រូ អ្នកគ្រូ ដែលបានទទួលជ័យលាភីផ្នែកប្រឡង តែងនិពន្ធ និងសូត្រកំណាព្យ ដោយផ្នែសូត្រកំណាព្យលេខ១ ទទួលបានថវិកាចំនួន៥លានរៀល , លេខ២ ទទួលបានថវិកា៤លានរៀល និងលេខ ៣ទទួលបានថវិកា៣លានរៀល។ ចំណែកឯផ្នែកតែងនិពន្ធវិញ លេខ១ទទួលបាន ៥លានរៀល , លេខ២ទទួលបាន៤លានរៀល និងលេខ៣ ទទួលបាន៣លានរៀល។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់មន្ត្រីរាជការជាគ្រូបង្រៀន ទូលទាំប្រទេសទទួលបាននូវសេចក្តីសុខសប្បាយគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានជម្រាបជូនផងដែរ អំពីរការធ្វើដំណើរទៅចូលរួមប្រជុំនៅប្រទេសជប៉ុន នៅថ្ងៃទី ៦តុលា ស្អែកនេះ។ ចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស (A) ដែលត្រូវទទួលរង្វាន់ដោយផ្ទាល់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងត្រូវមកទទួលរង្វាន់ក្រោយពេលដែលសម្តេចតេជោ អញ្ជើញវិលត្រលប់មកពីប្រជុំនៅ Brussels៕