នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Walter Michalak ជានាយកគ្រប់គ្រងតំបន់ និង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន-អាមេរិក។ លោក Michael Walter Michalak បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ។

លោកបានជម្រាបជូនសម្តេចតេជោ ថាក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែងខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។ លោក Michael បានបញ្ជាក់ថា ការបំពេញភារកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោក Michael ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចូលរួមក្នុងជំនួបនេះដែរ លោក William A. Heidt បានគោរពជម្រាបជូន សម្តេចតេជោថា នៅពេលនេះ គឺមានក្រុមហ៊ុនកសិកម្មសហរដ្ឋអាមេរិកប្រមាណ៦ទៅ១០ក្រុមហ៊ុន ដែលបានមក និងកំពុងពិភាក្សាស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងអស់ថា បញ្ហាកសិកម្ម គឺជាបញ្ហាគន្លឹះ ដែលមិនអាចមើលរំលងបាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ គឺបណ្តាលឲ្យមានទឹកជំនន់ និងមានភ្លៀងខុសរដូវ និងបង្កើតជាបញ្ហាមិនត្រឹមតែនៅកម្ពុជាទេ គឺនៅទូទាំងតំបន់ និងពិភពលោកទាំងមូលតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ពូជស្រូវ ពូជដំណាំ ដែលធ្លាប់តែត្រូវនឹងកំដៅ ដែលធ្លាប់មានកន្លងមក នៅពេលនេះគឺត្រូវចាំបាច់ពិនិត្យឡើងវិញ ដោយសារការកើនឡើងនៃកំដៅ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សហរដ្ឋអាមេរិក ពិតជាមានបច្ចេកទេស និងសូមឲ្យអ្នកវិនិយោគ ពិនិត្យពិចារណាយកបច្ចេកទេសទាំងនេះ មកប្រើប្រាស់នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។ លើសពីនោះទៅទៀត សម្តេចតេជោក៏បានស្នើសុំ ឲ្យក្រុមហ៊ុនពិនិត្យមើលទៅលើ ការវិនិយោគទៅលើការកែឆ្នៃ ផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង។ ជាមួយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតសេចក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀត ដូចជាបញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើមសម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យប្រតិភូទាំងអស់ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងករណីមិនអាចដោះស្រាយបាន សូមលើកបញ្ហាទាំងនោះ មកជូនសម្តេចតេជោតែម្តង៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា