នៅព្រឹកថ្ងៃទី២៨ កញ្ញានេះដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។ លោក Alexander Feldman បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ។

លោកស្នើសុំឲ្យកម្ពុជាបន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយថែមទៀត។ ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន គឺលោកចង់ឲ្យកម្ពុជាបន្តការគាំទ្រនឹងជួយជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំក្នុងក្របខណ្ឌអាស៊ាន។ លោកបានវាយតម្លៃខ្ពស់ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងការទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានដូចជាក្រុមហ៊ុន Ford និងក្រុមហ៊ុន Coca-Cola ជាដើម។ លោកប្រធានក៏បានវាយតម្លៃខ្ពស់ ផងដែរអំពីកម្លាំងនិងសមត្ថភាពយុវជនកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការកើនឡើងស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ដែលលោករំពឹងថា សម្តេចតេជោនិងមានការចាប់អារម្មណ៍ខ្ពស់ទៅលើអនាគតដ៏ល្អជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈនៃជំនួបពិភាក្សាគ្នានោះដែរ គឺលោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបដែលយល់ច្បាស់ពីអាស៊ីបូព៌ា។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ ព្រមទាំងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលនៅរក្សាកំណើនសេដ្ឋកិច្ចក្នុងអាត្រាជាង៧% ដែលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ៧,២%។ សម្តេចតេជោផ្ទាល់ គឺចង់ឃើញគឺការអនុវត្តរូបមន្តមួយបូកមួយពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរមានលទ្ធភាពអាចទៅបង្កើតរោងចក្រនៅប្រទេសកម្ពុជា ឧទាហរណ៍ប្រទេសថៃបូកមួយ មានន័យថាក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃក៏អាចមកបើករោងចក្រក្នុងប្រទេសកម្ពុជាបានដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១)វិស័យកសិកម្ម ទី២)វិស័យឧស្សាហកម្ម និង ទី៣)វិស័យសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ ដោយមិនពឹងផ្អែកតែទៅលើវិស័យណាមួយនោះទេ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិសេសលើផ្នែកឧស្សាហកម្មដែលមានលក្ខណៈទ្រង់ទ្រាយជាសកល ពោលគឺការផលិតក្នុងប្រទេសកម្ពុជា រួចធ្វើការចែកចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក សម្តេចតេជោមានប្រសាសន៍ថា គឺរូបសម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ គឺកម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក។ សម្តេចបន្តថា នៅពេលខាងមុខ អ្វីដែលសម្តេចចង់ឃើញនោះគឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិកនឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងបន្តជួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅពេលដែលគណះប្រតិភូអញ្ជើញទៅកាន់ប្រទេសកម្ពុជា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា