នៅម៉ោង៣:៥៥នាទីរសៀល ថ្ងៃទី២៧ កញ្ញា ម៉ោងនៅទីក្រុងញ៉ូយ៉ក (New York, USA) ត្រូវនឹងម៉ោង២:៥៥នាទីទាបភ្លឺ ថ្ងៃទី២៨កញ្ញា ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា

បានអញ្ជើញមកដល់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្តិភាពហើយដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។តាមកម្មវិធីគឺ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញថ្លែងសុន្ទរកថាទៅ កាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២៨កញ្ញា។ អញ្ជើញមកទទួលសម្តេចតេជោ ហ៊ុន សែន គឺមានវត្តមាន ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ មន្រ្តីជាន់ខ្ពស់អង្គការ សហប្រជាជាតិជាច្រើនរូប និងប្រជាពលរដ្ឋដែលជាតំណាងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាជាច្រើននាក់ទៀតផង៕