ក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធាន រដ្ឋវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ណាក់យ៉ុន (Lee Nak Yeon) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារទ្វេភាគីគ្នានេះ គឺឆ្លើយតបតាមសំណើរ របស់ឯកឧត្តមប្រធានាធិបតី ម៉ូ ជីអ៊ិន ក្នុងការស្នើសុំឲ្យឯកឧត្តមនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន អញ្ជើញជួបសំដែងការគួរសមដោយផ្ទាល់ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបានថ្លែងនូវសារផ្ទាល់មាត់ ពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ លី ណាក់យ៉ុន មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦ ខែកញ្ញា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តី មានអាយុកាលជាង២១ឆ្នាំកន្លងមក ក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត របស់ប្រទេសទាំង ពីរ ដែលមានរយះពេលជាង២១ឆ្នាំកន្លងមក។ តាមរយះជំនួបពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិក្តទុកដាក់បំផុត និងមានការទទួលខុសត្រូវខ្ពស់ ជុំវិញការធ្វើឲ្យកាន់តែប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគី ការពិភាក្សាគ្នាអំពីតំបន់ និងអន្តរជាតិ។ នៅចំពោះមុខ ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រនិងអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងនាមជាមេដឹកនាំអាស៊ានមួយរូប ចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត នៃជំនួបកំពូលលើកទី២ រវាងឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ជិនអ៊ិន ជាមួយនិងឯកឧត្តមប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ដែលនាំដល់ភាពធូរស្រាល នៅឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ និងសម្រាប់ពិភពលោកទាំងមូលផងដែរ៕