នៅព្រឹកថ្ងៃច័ន្ទ ១៥កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបរជាមានិតចិន ប្រចាំនៅកម្ពុជា ដើម្បីសំដែងការគួរសម

និងជំរាបលាមុននឹងលោកត្រូវចប់អាណត្តិជាឯកអគ្គរដ្ឋទូត រយៈពេល២ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ លោក Xiong Bo បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងជ្រាលជ្រៅជាទីបំផុតដែលសម្តេចបានគាំទ្រ ក្នុងកិច្ចការងាររបស់លោកនៅក្នុងឱកាសដែលលោកបំពេញបេសកម្មកាទូតនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកបានធ្វើកិច្ចការងារច្រើនពិសេសជួយសម្របសម្រួលក្នុងដំណើរទស្សនកិច្ច លោកប្រធានាធិបតី Xi jinping និង លោកនាយករដ្ឋមន្ត្រីចិន Li Keqiang មកកាន់ប្រទេសកម្ពុជា និងការសម្របសម្រួលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ កាន់ប្រទេសចិនផងដែរ។ លោក Xiong Bo បានជម្រាបសម្តេចតេជោផងដែរថាក្នុងរយៈពេល២ឆ្នាំមកនេះ គឺលោកបានយកចិត្តទុកដាក់ខ្លាំងនៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយខ្សែក្រវ៉ាត់១និងផ្លូវ១ និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលក្នុងនោះគឺទទួលនូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា និងចិន។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក Xiong Bo ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិនបានរីកចម្រើនដល់កម្រិតខ្លាំងឡើងបន្ថែមទៀត ។សម្តេចតេជោបានបន្តថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺឈានដល់ចំណុចទីមួយគឺកិច្ចសហប្រតិបត្តិការភាពជាដៃគូរជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន Xi jinping បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលកសាងឡើងដោយភាពស្មោះត្រង់រវាង មិត្តនិងមិត្ត។ សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន រដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រដល់កម្ពុជារហូតមក និងសូមជូនពរឲ្យលោក Xiong Bo ទទួលបាននូវភាពជោគជ័យនៃបេសកម្មរបស់លោកជាបន្តបន្ទាប់ទៀតនាពេលពេលខាងមុខ៕