នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

លោក វូ វ៉េតៅ (Wu weitao) បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោអំពី ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាដែលគ្រោនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពសន្តិសុខអ៊ីនធើណែត (Internet security)។ ក្រុមហ៊ុន HUAWAI មានវត្តមានក្នុងប្រទេសកម្ពុជាអស់រយះពេល១៩ឆ្នាំមកហើយ ហើយក្រុមហ៊ុននេះបានបណ្តុះបណ្តាលនិងផ្តល់ការងារដល់បុគ្គលិកខ្មែរក្នុងស្រុកជាមួយពាន់នាក់ ដែលមានប្រាក់ខែចាប់ពី១ពាន់ដុល្លារឡើងទៅ។ក្រុមហ៊ុន HUAWAI មានបំណងបន្តវិនិយោគលើបច្ចេកវិទ្យានៅក្នុងកម្ពុជារយៈពេលវែង គឺរួមទាំងការរៀបចំខ្សែកាបអប់ទិកក្រោមបាតសមុទ្រជាដើម។ លោកបញ្ជាក់ថា បច្ចេកវិទ្យាគឺជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តលប្រាក់ខែខ្ពស់ដល់បុគ្គលិក ដែលសុំអោយរាជរដ្ឋាភិបាលគាំទ្រ។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្ទាលធនធានមនុស្សអំពីជំនាញបច្ចេវិទ្យាដែលកំពុងជួយដល់ប្រទេសជាតិ។ សម្តេចតេជោ គាំទ្រអំពីការវិនិយោគលើផ្នែកបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងនេះ គឺត្រូវមានវិធានការគ្រប់គ្រងអោយបានល្អ ជាពិសេសការបង្ហោះព័ត៌មានមិនពិតដែលបានប៉ះពាល់ដល់ប្រទេសជាតិយ៉ាងធ្ងនធ្ងរ ហើយក៏ជាការព្រួយបារម្ភរបស់ពិភពលោកផងដែរ។ ដោយមើលឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកអំពីគ្រោះទឹកជំនន់ ក្រុមហ៊ុនបានធ្វើអំណោយទឹកប្រាក់ ១០ម៉ឺនដុល្លារជូនសម្តេចដើម្បីសកម្មភាពមនុស្សធម៍៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា