នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះលោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរបេសកកម្មការទូតរបស់លោកជំទាវ៦សប្តាហ៍របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជានេះគឺលោកជំទាវបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ហើយក្នុងបេសកកម្មបន្តទៀតនេះដែរ នៅកម្ពុជាលោកជំទាវនឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកជំទាវ Tina Susan Redshaw ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ ថាលោកជំទាវនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាបច្ចេកវិទ្យានិងតិចណូឡូជី យកចិត្តទុកដាក់ទៅលើបញ្ហាដោះមីន ក្នុងន័យនេះលោកជំទាវបានជម្រាបជូនសម្ដេចថាចក្រភពអង់គ្លេស នឹងបន្តធ្វើកិច្ចការងារនេះជួយដល់កម្ពុជាតទៅទៀត។ លោកជំទាវក៏បានគូសបញ្ជាក់ទៀតថា នឹងបន្តយកចិត្តទុកដាក់ទៅលើបញ្ហាពាណិជ្ជកម្ម បញ្ហាលើកកម្ពស់ស្ត្រី និងបញ្ហាអប់រំផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ចក្រភពអង់គ្លេសក៏ដូចជាប្រជាជនអង់គ្លេសដែលបានជួយដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ ជួយបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាសំខាន់របស់កម្ពុជា និងសូមអរគុណផងដែរដែលចក្រភពអង់គ្លេសបានជួយកម្ពុជាលើវិស័យដោះមីន។ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅកម្ពុជាមានមជ្ឈមណ្ឌលដោះមីនអាស៊ាន ដែលមានវិសាលភាពធំជួយដល់បណ្ដាប្រទេសក្នុងតំបន់ផង និងចូលរួមចំណែកក្នុងការងារអង្គការសហប្រជាជាតិក្នុងការដោះមីនផងដែរ ដូច្នេះគប្បីពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះបន្ថែមទៀត។ ពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រីសម្តេចតេជោ បានជម្រាបជូនថា កម្ពុជាយើងមានកូតាស្ត្រីសំរាប់ស្ត្រីចាប់តាំងពីថ្នាក់ស្រុក ខេត្ត រហូតដល់ជួរកងទ័ព នគរបាល ក៏ដូចជាស្ថាប័នផ្សេងៗដែរ។ លើសពីនោះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តដាក់កសាងសាលារៀននៅគ្រប់ទីកន្លែងដែលស្ត្រីអាចចូលរៀនបាន ហើយក៏មានការសាងសង់អន្តេវាសិកដ្ឋានសម្រាប់ស្ត្រីផងដែរ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ថ្មីៗនេះកម្ពុជាក៏បានអនុវត្តគោលនយោបាយគាំពារសង្គម ដែលជួយទៅដល់ស្ត្រីជាពិសេសកម្មការិនីកម្ពុជាដែលមានផ្ទៃពោះ ដែលក្នុងនោះពួកគេទទួលបានការឈប់សម្រាកបាន៣ខែក្នុងពេលឆ្លងទន្លេ និងទទួលបានប្រាក់បៀវត្សរ៍១២០% ទៀតផង៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា