តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា

ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានាដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមអង្គ ការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត។ កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី៤នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី នឹងដើម្បីលើកស្ទួយលទ្ឋិប្រជាធិបតេយ្យ និង នីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស។ សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជននៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ ២០ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនៈភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើងទាំងមូល៕