នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ GAO Yan អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន។

លោកជំទាវ GAO Yan បានមានប្រសាសន៍ថា នេះជាលើកទី២ដែលលោកជំទាវមកកម្ពុជាម្តងទៀត ដោយលោកជំទាវសង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោកជំទាវ បានរាយការណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោកជំទាវនឹងជួបជាមួយ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន និងជួបពិភាក្សាជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរសក្តិ ផងដែរនៅល្ងាចនេះ។ លោកជំទាវមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខារួចមកហើយ ដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់គោលនយោបាយជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ការជម្រុញការអភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ លើទំហំពាណិជ្ជកម្ម ដែលកម្ពុជា និងចិនបានទទួលជោគជ័យក្នុងការអនុវត្តទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ហើយនៅពេលនេះកំពុងតែជម្រុញឲ្យកាន់តែកើនឡើងថែមទៀត តាមរយៈការរៀបចំឲ្យមានការចូលរួមពីកម្ពុជាក្នុងការរៀបចំពិពរណ៍ នៅប្រទេសចិនលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍របស់លោក ជំទាវ និងបានយល់ស្របទាំងស្រុង និងគាំទ្រលើអ្វីដែលលោកជំទាវបានលើកឡើងផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ចំណុចថ្មីមួយទៀត ហើយការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្តាច់ ពីជំនួយរបស់មិត្តចិនបានឡើយ ពិសេសជំនួយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងទំហំពាណិជ្ជកម្មដែលបានកើនឡើងលើសពីអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានកំណត់ និងជំនួយដ៏ទៃទៀត ដែលនាំកម្ពុជាឈានដល់កំរិតនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែបានជួយដល់កម្ពុជាយើង និងបានជូនពរលោកជំទាវ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងដំណើរ បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះទទួលបាននូវភាពជោគជ័យ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា